អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ និងរដ្ឋបាលរាជធានីភ្នំពេញ បានធ្វើការចុះអនុស្សរណៈនៃការយោគយល់គ្នា (MOU) ស្តីពីកិច្ចសហប្រតិបត្តិការក្នុងការសម្រុះសម្រួលផ្សះផ្សាវិវាទ

ភ្នំពេញ៖ ថ្ងៃអង្គារ ២រោច ខែពិសាខ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៥ អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ និងរដ្ឋបាលរាជធានីភ្នំពេញ បានធ្វើការចុះអនុស្សរណៈនៃការយោគយល់គ្នា (MOU) ស្តីពីកិច្ចសហប្រតិបត្តិការក្នុងការសម្រុះសម្រួលផ្សះផ្សាវិវាទ ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត ជិន ម៉ាលីន រដ្ឋមន្ត្រីស្តីទីក្រសួងយុត្តិធម៌ និងជាអនុប្រធានប្រចាំការ អ.ដ.ក. និង ឯកឧត្តម កើត ឆែ អភិបាលរងរាជធានីភ្នំពេញ តំណាង ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ។
ពិធីនេះ ក៏មានការអញ្ជើញជាគណៈអធិបតីពីសំណាក់ ឯកឧត្តម ឯម ច័ន្ទមករា រដ្ឋលេខាធិការក្រសួងយុត្តិធម៌ និងជាសមាជិក អ.ដ.ក., ឯកឧត្តម ហេង លឹមទ្រី រដ្ឋលេខាធិការក្រសួងអធិការកិច្ច និងជាសមាជិក អ.ដ.ក., ឯកឧត្តម មាស សុកែវ អនុរដ្ឋលេខាធិការក្រសួងយុត្តិធម៌ និងជាសមាជិក អ.ដ.ក., ឯកឧត្តមប្រធានសាលាដំបូងរាជធានីភ្នំពេញ, តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ, តំណាងស្នងការដ្ឋានរាជធានីភ្នំពេញ, តំណាងបញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ និងដោយមានការអញ្ជើញចូលរួមពីសំណាក់ លោក លោកស្រី ប្រធានមន្ទីរពាក់ព័ន្ធ, នាយកទីចាត់ការ, រដ្ឋបាលខណ្ឌ និងចៅសង្កាត់ ក្នុងរាជធានីភ្នំពេញ សរុបប្រមាណ ៣០០ រូប។
ក្នុងឱកាសនេះ ឯកឧត្តមអភិបាលរង បានលើកឡើងនូវសារៈសំខាន់ ដែលរដ្ឋបាលរាជធានីភ្នំពេញ ធ្វើការចុះអនុស្សរណៈនៃការយោគយល់គ្នាជាមួយ អ.ដ.ក. សំដៅចូលរួមអនុវត្តតាមគោលនយោបាយកែទម្រង់វិស័យយុត្តិធម៌របស់រាជរដ្ឋាភិបាលនីតិកាលទី៧ ក្រោមការដឹកនាំដ៏ប៉ិនប្រសប់ និងជាក់ស្តែងនិយមរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។
ថ្លែងក្នុងពិធីនេះផងដែរ ឯកឧត្ដមបណ្ឌិត ជិន ម៉ាលីន បានគូសបញ្ជាក់អំពីគោលបំណង នៃការចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នានាពេលនេះគឺ ដើម្បីពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការក្នុងភាពជាដៃគូ សំដៅរួមគ្នាលើកកម្ពស់គុណភាព ប្រសិទ្ធភាព និងភាពឆាប់រហ័សនៃការដោះស្រាយវិវាទ តាមរយៈការសម្រុះសម្រួលផ្សះផ្សាវិវាទក្រៅប្រព័ន្ធតុលាការនៅក្នុងព្រះរាជាណាចក្រកម្ពុជា ក៏ដូចជាធានាបាននូវសុខដុមរមនាក្នុងសហគមន៍ និងសង្គមជាតិ។ ឯកឧត្តមបណ្ឌិត បានបន្តទៀតថា តាមរយៈអនុស្សរណៈនៃការយោគយល់គ្នានេះ រដ្ឋបាលរាជធានីភ្នំពេញ នឹងទទួលបានការគាំទ្រលើ ៣ ចំណុចសំខាន់ពី អ.ដ.ក. គឺ (ទី១)-ក្នុងករណីមានការដាក់ពាក្យស្នើសុំពីរដ្ឋបាលរាជធានី អ.ដ.ក. នឹងរៀបចំចេញជាកំណត់ហេតុព្រមព្រៀងបញ្ចប់វិវាទក្នុងក្របខ័ណ្ឌនៃ អ.ដ.ក. ចំពោះសំណុំរឿងវិវាទទាំងឡាយណាដែលត្រូវបានសម្រុះសម្រួលផ្សះផ្សាបញ្ចប់ដោយជោគជ័យ ដោយរដ្ឋបាលថ្នាក់ក្រោមជាតិ ឬដោយអង្គភាពពាក់ព័ន្ធផ្សេងទៀតដែលស្ថិតនៅក្នុងដែនសមត្ថកិច្ចនៃការគ្រប់គ្រងរបស់រដ្ឋបាលរាជធានី, (ទី២)- អ.ដ.ក. នឹងផ្តល់ការគាំទ្រទាំងផ្នែកបច្ចេកទេស ទាំងផ្នែកបណ្តុះបណ្តាល ដល់មន្ត្រីនៃអង្គភាពពាក់ព័ន្ធជុំវិញរាជធានីភ្នំពេញ លើការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ និង (ទី៣)-ធ្វើកិច្ចសហការក្នុងការសម្រុះសម្រួលផ្សះផ្សាវិវាទជូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន និងការបញ្ជូនសំណុំរឿងវិវាទទៅ អ.ដ.ក. ដើម្បីធ្វើការដោះស្រាយ។
ជាចុងក្រោយ ឯកឧត្តមបណ្ឌិត ក៏បានស្នើដល់តួអង្គដែលមានការពាក់ព័ន្ធទាំងអស់ សូមយកចិត្តទុកដាក់អំពីដំណើរការនីតិវិធីសម្រុះសម្រួលផ្សះផ្សាវិវាទក្រៅប្រព័ន្ធតុលាការជូនប្រជាពលរដ្ឋ ដោយប្រកាន់ខ្ជាប់នូវក្រមសីលធម៌វិជ្ជាជីវៈក្នុងការសម្រុះសម្រួលផ្សះផ្សាវិវាទ ធានាឱ្យបាននូវការគោរពទាំងស្រុងនូវឆន្ទៈរបស់គូភាគី ជៀសវាងឱ្យបាននូវការបង្ខិតបង្ខំ ឬធ្វើការសម្រេចចិត្តណាមួយជំនួសឱ្យគូភាគីវិវាទ និងមិនត្រូវទទួលសម្រុះសម្រួលផ្សះផ្សាវិវាទណាមួយដែលច្បាប់មិនផ្តល់សមត្ថកិច្ច ឬផ្ទុយពីគោលការណ៍អនុញ្ញាតនៃច្បាប់ឡើយ។
អត្ថបទដែលជាប់ទាក់ទង
Open

Close