សម្តេចធិបតី ហ៊ុន ម៉ាណែត ស្នើឱ្យមានការសិក្សាដាក់តំបន់ផ្លូវអន្ទង់អាំង ឬផ្លូវបុប្ផាលាក់ខ្លួន ភ្នំ១.៥០០ ជាតំបន់អភិរក្សសម្រាប់ទេសចរណ៍ធម្មជាតិ ព្រោះជាតំបន់ធម្មជាតិដ៏កម្ររបស់កម្ពុជា ព្រមទាំងស្នើឱ្យដាក់ពាក្យ «សង្ក្រាន្ត» ចុះក្នុងបញ្ជីបេតិកភណ្ឌពិភពលោក

ខេត្តពោធិ៍សាត់ ៖ នាព្រឹកថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធព្រះបទុមចេតិយក្នុងវត្តមណីរតនារាម ស្ថិតនៅភូមិថ្នល់បំបែក សង្កាត់រលាប ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ ។

 

មានប្រសាសន៍ក្នុងពិធីដ៏អធិកអធម សម្តេចធិបតី គូសបញ្ជាក់ថា​ សមិទ្ធផលក្នុងផ្នែកពុទ្ធចក្រ និងអាណាចក្រ ដែលកើតមាននាពេលបច្ចុប្បន្ន​ គឺអាស្រ័យកត្តា​ ៤​ យ៉ាង​ មានជាអាទិ៍ ទី១​​.កត្តាសុខសន្តិភាព ដ៏មានតម្លៃមហិមា​​ ហើយត្រូវរក្សាឱ្យបានគង់វង្សយូរអង្វែង​ ព្រោះថា​ក្នុងសម័យសង្គ្រាមវត្តអារាមអាចក្លាយជាទីតាំងសមរភូមិ​ ប៉ុន្តែក្នុងសម័យសន្តិភាពទីតាំងសមរភូមិទាំងទ្បាយបាន​​ប្រែក្លាយ​មកជាកន្លែងកសាងសមិទ្ធផលបម្រើដល់ផលប្រយោជន៍របស់ប្រជាជន​ ។​​​​​ ទី២. កត្តាសិទ្ធិសេរីភាពក្នុងការគោរពប្រតិបត្តិសាសនានានា​​​ ទី៣. កត្តា​រីកចម្រើននៃកម្រិតជីវភាពរបស់ប្រជាជន​​ដែលនាំឱ្យមានសទ្ធាជ្រះថ្លាក្នុងការចូលរួមក្នុងការកសាងសមិទ្ធផលសាសនាដែលខ្លួនគោរពបដិបត្តិ និង ទី៤.វប្បធម៌នៃការចែករំលែក​ប្រកបដោយមនោសញ្ចេតនាជ្រាលជ្រៅរវាងគ្នា​និងគ្នា​ ។​

 

សម្តេចធិបតី​ បានបន្តទៀតថា សាសនា គឺជាប្រភពផ្ដល់គុណតម្លៃសម្រាប់សង្គម ហើយបានផ្សារភ្ជាប់សកម្មភាពមនុស្សទៅនឹងវប្បធម៌​ ប្រពៃណី ទំនៀមទម្លាប់ មនសិការ ផ្នត់គំនិត និងឥរិយាបថមនុស្សនៅក្នុងសង្គម ។ ក្នុងន័យ​នេះ​ រាជរដ្ឋាភិបាល​ អាណតិ្តទី​៧ ​បន្តថែរក្សាកេរតំណែលរបស់បុព្វបុរសខ្មែរគ្រប់ជំនាន់​ តាមរយៈបន្តដាក់សម្បត្តិវប្បធម៌ជាតិទាំងទ្បាយទៅក្នុងបញ្ជីបេតិកភណ្ឌពិភព​លោក​ទាំងបីប្រភេទ មានជាអាទិ៍ ១.បញ្ជីបេតិកភណ្ឌរូបីយ៖​ ឧទ្យានបុរាណវិទ្យាអង្គរ, ប្រាសាទព្រះវិហារ, តំបន់ប្រាសាទសម្បូរព្រៃគុហ៍, តំបន់ប្រាសាទកោះកេរ ២.បញ្ជីបេតិកភណ្ឌអរូបីយ៖ របាំព្រះរាជទ្រព្យ, ល្ខោនស្រមោលស្បែកធំ, ល្បែងទាញព្រ័ត្រ, ចាប៉ីដងវែង, ល្ខោនខោលវត្តស្វាយអណ្តែត, គុនល្បុក្កតោ​ និង ៣.បញ្ជីនៃស្មារតីចងចាំរបស់ពិភពលោក៖​ បណ្ណាសារសារមន្ទីឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ទួលស្លែង,​ ក្រាំងរឿងអ៊ីណាវបុស្បា ​ជាដើម​ ។ល។ ទន្ទឹមនេះ​ សម្តេច ក៏បានឱ្យដឹងផងដែរថា បានណែនាំក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ធ្វើការរៀបចំឯកសារដាក់ពាក្យ «សង្ក្រាន្ត» ចុះក្នុងបញ្ជីបេតិកភណ្ឌពិភពលោករួចហើយ​ ។ បើមិនមានអ្វីប្រែប្រួល នឹងត្រូវចុះបញ្ជីរួចរាល់នៅក្នុងឆ្នាំ២០២៦ ខាងមុខនេះ​ ដើម្បីជំរុញការពារ និងទទួលស្គាល់ពីទូទាំងសាកលលោក ព្រមទាំងបន្តថែរក្សាកេរតំណែលបុព្វបុរសខ្មែរ សម្រាប់បន្សល់ទុកឱ្យកូនចៅជំនាន់ក្រោយរបស់យើង ។

 

ទាក់ទិននឹងការអភិរក្សនៅក្នុងខេត្តពោធិ៍សាត់​ សម្តេចនាយករដ្ឋមន្ត្រី បានស្នើឱ្យមានការសិក្សា​ដឹកនាំដោយឯកឧត្តម កែវ រតនៈ សហការជាមួយស្ថាប័ន-អាជ្ញាធរជំនាញពាក់ព័ន្ធ​ ក្នុងការដាក់តំបន់ផ្លូវអន្ទង់អាំង ឬផ្លូវបុប្ផាលាក់ខ្លួន ភ្នំ១.៥០០ ជាតំបន់តំបន់អភិរក្សសម្រាប់ទេសចរណ៍ធម្មជាតិ ព្រោះជាតំបន់ធម្មជាតិដ៏កម្ររបស់កម្ពុជា​ ។ ទន្ទឹមនេះ​សម្តេចធិបតី​ បានគាំទ្រដល់គម្រោងវិនិយោគអភិវឌ្ឍទេសចរណ៍ធម្មជាតិ​និងរុក្ខ-ទេសចរណ៍ដែលភ្ជាប់នឹងទឹកដី​ ដោយត្រូវមានការសិក្សាជាក់លាក់ ត្រួតពិនិត្យ​ឱ្យបានម៉ត់ចត់មុនការផ្តល់ជូនអាជ្ញាបណ្ណអាជីវកម្ម​ ហើយត្រូវស្នើសុំតាមរយេៈក្រសួងបរិស្ថាន​​ ។​ ចំពោះអាជ្ញាបណ្ណដែលកំពុងប្រកបអាជីវកម្ម រាជរដ្ឋាភិបាល​​ នឹងបន្តគាំទ្រ​ ជួយសម្របសម្រួល​ ក្នុងការប្រកបអាជីវកម្ម រីឯ អាជ្ញាបណ្ណដែលពុំទាន់ប្រកបអាជីវកម្ម​ រាជរដ្ឋាភិបាលទុកជូនរយៈពេល ៦ ខែ ដើម្បីអនុវត្តនូវគម្រោងអាជីវកម្មរបស់ខ្លួន ។​ ដោយទ្បែក ចំពោះករណីវិនិយោគណាបំពានទៅលើលក្ខខណ្ខដែលបានកំណត់ នោះត្រូវប្រឈមទៅនឹងការដកយកអាជ្ញាបណ្ណ​ មិនឱ្យប្រកបអាជីវកម្មតទៅទៀតទ្បើយ ។

 

ក្នុងឱកាសនោះផងដែរ សម្តេចធិបតី ក៏បានធ្វើការក្រើនរំឭកដល់មន្រ្តីពាក់ព័ន្ធទាំងអស់ឱ្យបន្ត យកចិត្តទុកដាក់ និងជៀសឱ្យឆ្ងាយអំពីករណីខុសច្បាប់ទាំងទ្បាយណា ដែលទាក់ទិនទៅនឹងការ បំផ្លាញព្រៃឈើ​ ព្រោះជាសម្បតិ្តរួមសម្រាប់អនាគតប្រជាជនទូទាំងប្រទេស​ ហើយដាច់ខាតត្រូវការពារឱ្យបាននូវរាល់ការទន្ទ្រានដីរដ្ឋ និងដីសហគមក្នុងគ្រប់រូបភាព​ តាមរយៈ ទី១.បន្តពង្រឹងការអនុវត្តច្បាប់ឱ្យ​បានតឹងរ៉ឹងបំផុត មិនលើកលែងចំពោះអ្នកប្រព្រឹត្តលើ្មស​ពាក់ព័ន្ធនឹងបទល្មើសធនធានធម្មជាតិ ដោយគណៈបញ្ជាការឯកភាពរាជធានី-ខេត្ត ត្រូវបញ្ជាអនុវត្តផ្ទាល់ រួមជាមួយកងរាជអាវុធហត្ថលើផ្ទៃប្រទេសត្រៀមផ្ដល់កិច្ចសហការគាំទ្រចាំបាច់នានា ។ និង ទី២.ពង្រឹងយន្តការគ្រប់គ្រងមូលដ្ឋានឱ្យបានរឹងម៉ាំ ដើម្បីថែរក្សាទីតាំងបានយូរអង្វែង​ និងប្រកបដោយភាពទទួលខុសត្រូវខ្ពស់ ។​

 

ជាចុងក្រោយ សម្តេចមហាបវរធិបតី បានកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់​ថ្នាក់ដឹកនាំ​ មន្រ្តីរាជការ និងអាជ្ញាធរពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ ដែលបានចូលរួម​សហការគ្នាយ៉ាងល្អ ធ្វើឱ្យរដ្ឋបាល​ខេត្ត​ពោធិ៍សាត់ មានការអភិវឌ្ឍ និង រីកចម្រើនលើគ្រប់វិស័យ ស្របទៅតាមសក្តានុពលនៃភូមិសាស្រ្តខេត្ត ជាពិសេស ការកើនឡើងគួរឱ្យ​កត់សម្គាល់នៃសមិទ្ធផល​ផ្នែកពុទ្ធចក្រ​ ផងដែរ ៕

អត្ថបទដែលជាប់ទាក់ទង
Open

Close