គណនី ហ្វេស ប៊ុកឈ្មោះ Emmy TinTin ៖ ករណី អសន្តិសុខ តាមបណ្ដោយផ្លូវជាតិលេខ៣ ចំនុចទីតាំងពីផ្លូវបំបែកគូស មកអង្គតាសោម…! ស្នងការ បំភ្លឺថា

ក្រុមការងារប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ មានកិត្តិយសសូមជម្រាបជូនសាធារណជន ក៏ដូចជាអង្គភាពសារព័ត៌មានមួយចំនួន អំពីការផុសផ្សាយព័ត៌មានរបស់ គណនី ហ្វេស ប៊ុកឈ្មោះ Emmy TinTin មានខ្លឹមសារថាៈ ថ្ងៃនេះខ្ញុំសូមនិយាយពាក់ពន្ធ័នឹង ករណី អសន្តិសុខ តាមបណ្ដោយផ្លូវជាតិលេខ៣ ចំនុចទីតាំងពីផ្លូវបំបែកគូស មកអង្គតាសោម ខេត្តតាកែវ ថ្ងៃទី២៣ ខែ មករា វេលាម៉ោង 5ល្ងាច កន្លងមកនេះ ដែលក្រុមគ្រួសារខ្ញុំ ជួបគ្រោះថ្នាក់ ដោយក្មេងពាលមួយក្រុម បានគប់ដុំថ្ម ចូលមកក្នុងកញ្ចក់ឡាន បែកកញ្ចក់ ផ្លោងត្រូវមនុស្សទទួលរងគ្រោះថ្នាក់យ៉ាងខ្លាំង សង្គ្រោះបឋមពីទីតាំងផ្ទាល់ ដល់ទីរួមខេត្តតាកែវ មកពេទ្យធំ ភ្នំពេញ ឈានដល់បញ្ជូនទៅក្រៅប្រទេសជាបន្ទាន់។ ចំពោះករណីនេះ នាងខ្ញុំបានផ្តល់ដំណឹង ដល់សមត្ថកិច្ចក្នុងមូលដ្ឋាន រួចរាល់ហើយ តែនៅមិនទាន់ទទួលបានដំណឹងការកំនត់ពីជនពាលបង្កនៅឡើយទេ ក្នុងករណីនេះ គឺខ្ញុំបានលឺមកថា វាកើតឡើងជាញឹកញាប់ណាស់នៅតំបន់ទីតាំងនោះ ករណី គប់ដុំថ្ម ចំពោះបងប្អូនប្រជាពលរដ្ឋ យើងដែលបានឆ្លងកាត់ គឺមានករណីរងគ្រោះមុនៗ រួចមកហើយ ខ្ញុំទទួលបានដំណឹង ពីសមត្ថកិច្ចនៅរូបភាពតាមកាំម៉េរាសុវត្ថិភាព តែបន្តទៅទៀតយ៉ាងណាគឺខ្ញុំកំពុងរង់ចាំ តើគួរមានវិធានការបែបណាបន្តទៀត ចំពោះភាពអសន្តិសុខបែបនេះ ?

នាងខ្ញុំផ្ទាល់ នឹងក្រុមគ្រួសារ មានការឈឺចាប់ណាស់ នឹងមិនអាចទទួលយកបានឡើយ នៅទង្វើក្មេងពាលបែបនេះទេ សូមសមត្ថកិច្ចមេត្តាវែកមុខជនបង្កអោយបានឆាប់ៗ ដើម្បីសុវត្ថិភាពប្រជាពលរដ្ឋ ដែលធ្វើដំណើរតាមបណ្ដោយផ្លូវនោះផង។

បងប្អូនប្រជាពលរដ្ឋ ពិតជាធ្លាប់ជួប ធ្លាប់យល់ពីការឈឺចាប់របស់ក្រុមគ្រួសារ ខ្លួនយើងដែលត្រូវរងគ្រោះ រងការឈឺចាប់ស្ទើរតែបាត់បង់ជីវិត ទាំងមិនដឹងខ្លួនបែបនេះ។

បើមិនអាចរកជនដៃដល់ឃើញ តើថ្ងៃខាងមុខនឹងកើតលើអ្នកណា??
ស្នងការដ្ឋាននគរបាលខេត្តតាកែវ សូមបញ្ជាក់ជូនថា ករណីខាងលើកើតឡើងកាលពីថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៣ នៅលើផ្លូវជាតិលេខ៣ ចន្លោះគីឡូម៉ែត្រលេខ៧៨-៧៩ ស្ថិតក្នុងភូមិត្រពាំងខ្នា ឃុំអង្គតាសោម ស្រុកត្រាំកក់ ខេត្តតាកែវ បង្កឡើងដោយក្រុមក្មេងទំនើងមិនស្គាល់អត្តសញ្ញាណធ្វើសកម្មភាពគប់កញ្ចក់រថយន្តមួយគញរឿងម៉ាក Ford ពណ៌ស ម្ចាស់កម្មសិទ្ធឈ្មោះ អ៊ា អេលុច ភេទប្រុស អាយុ៤២ឆ្នាំ មានទីលំនៅសង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ ធ្វើដំណើរទិសដៅពីខេត្តកំពត ទៅរាជធានីភ្នំពេញ បណ្តាលឱ្យអ្នកដំណើររងរបួសធ្ងន់០១នាក់ ត្រូវបានក្រុមគ្រួសារបញ្ជូនទៅសង្គ្រោះភ្លាមៗនៅមន្ទីរពេទ្យ។

ក្រោយទទួលបានព័ត៌មានខាងលើ កម្លាំងជំនាញអធិការដ្ឋាននគរបាលស្រុកត្រាំកក់ បានចុះដល់ទីតាំងកើតហេតុ ធ្វើការស្រាវជ្រាវតាមរយៈកាមេរ៉ាសុវត្ថិភាព ដែលថតបាននៅទីតាំងកើតហេតុ និងនៅតាមផ្លូវជិតទីតាំងកើតហេតុ បានឱ្យដឹងថា មុនពេលកើតហេតុមានក្រុមក្មេងទំនើង០២ក្រុម មួយក្រុមជិះម៉ូតូ៧ ទៅ៨គ្រឿង និងមួយក្រុមទៀតជិះម៉ូតូពី១០ ទៅ១៥គ្រឿង ប្រដេញគ្នាបង្ហោះតាមដងផ្លូវ លុះដល់កន្លែងកើតហេតុ ភាគីមួយមានម៉ូតូម៉ាក ស៊ុយៗគីនិច ម៉ាកហុងដាប៊ីត និងម៉ាកអេចសាយទ័រ បានជិះត្រលប់ក្រោយ ប្រដាប់ដោយដុំថ្មគប់ទៅលើភាគីមួយក្រុមទៀតដែលជិះប្រដេញពីក្រោយ បណ្តាលឱ្យផ្លាតត្រូវរថយន្តរងគ្រោះខាងលើតែម្តង។ តាមរយៈវីដេអូកាមេរ៉ា ក្រុមក្មេងទំនើងទាំងនោះមិនមាននៅមូលដ្ឋានស្រុកត្រាំកក់នោះទេ តែកម្លាំងជំនាញកំពុងបន្តធ្វើការស្រាវជ្រាវកំណត់មុខសញ្ញា និងកសាងសំណុំរឿងតាមនីតិវិធី។
ក្នុងកិច្ចការរក្សាសន្តិសុខ សណ្តាប់ធ្នាប់ ក្នុងមូលដ្ឋានស្រុកត្រាំកក់ ជាពិសេសមុខសញ្ញាក្មេងទំនើងតែងបង្កអសន្តិសុខ ដេញវាយគ្នា និងគប់កញ្ចក់រថយន្តតាមបណ្តោយផ្លូវជាតិលេខ៣ នាឆ្នាំ២០២២ និងដើមឆ្នាំ២០២៣ បង្ក្រាបបានចំនួន ៤ករណី ករណីគប់កញ្ចក់រថយន្ត០១ករណី ករណីក្មេងទំនើងបង្ហោះម៉ូតូ ដេញវាយគ្នា ០២ករណី និងករណីដឹកជញ្ជូនអាវុធខុសច្បាប់ (កាំបិត ដាវ) ០១ករណី ឃាត់ខ្លួនជនសង្ស័យសរុបចំនួន ១១នាក់(ប្រុស)បានអប់រំណែនាំ (ករណីបង្ហោះម៉ូតូ) និងបានកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងខេត្តតាមនីតិវិធីច្បាប់ និងបានរៀបចំកម្លាំងប្រចាំការ ល្បាត នៅតាមគោលដៅចំណុចសំខាន់ ដើម្បីបង្ការ ទប់ស្កាត់ និងត្រៀមអន្តរាគមន៍ បង្ក្រាបបានទាន់ពេលវេលា ក្នុងករណីបទល្មើសកើតឡើងជាយថាហេតុ។

ក្រុមការងារប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ សូមថ្លែងអំណរគុណ ចំពោះគេហទំព័រសារព័ត៌មាន អនឡាញនានា ក៏ដូចជាអ្នកលេងបណ្តាញសង្គមFacebook ដែលតែងតែសហការផ្តល់ព័ត៌មានមកកាន់ស្នងការដ្ឋាននគរបាលខេត្តតាកែវ (តាមរយៈ messenger , Comment) នៅលើទំព័រ Facebook page និងតាមរយៈលេខទូរស័ព្ទប្រចាំបញ្ជា២៤ម៉ោងលើ២៤ម៉ោង(០៩៧ ៧៧៨ ០០០៥)របស់ស្នងការដ្ឋាននគរបាលខេត្តតាកែវ ដែលជាហេតុធ្វើឱ្យសមត្ថកិច្ចជំនាញមានចំណាត់ការស្រាវជ្រាវបង្ការ បង្ក្រាប ព្រមទាំងដោះស្រាយសំណូមពរផ្សេងៗជូនប្រជាពលរដ្ឋបានទាន់ពេលវេលា និងរង់ចាំទទួលការបំភ្លឺជូនជានិច្ចចំពោះបញ្ហាអវិជ្ជមានទាំងនេះជូនបណ្តាសារព័ត៌មាន បងប្អូនប្រជាពលរដ្ឋទូទៅ និងទទួលយកនូវការរិះគន់ ក្នុងន័យស្ថាបនា ជៀសវាងការផរិះគន់ ឬផ្សាយព័ត៌មានមិនពិត ប៉ះពាល់ដល់សិទ្ធសេរីភាពឯកជន អាចប្រឈមមុខផ្លូវច្បាប់ និងដើម្បីចូលរួមបម្រើផលប្រយោជន៍ជូនប្រជាពលរដ្ឋ និងរក្សាសន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាពសង្គមជាតិ ៕ សូមអរគុណ!!!

 

អត្ថបទដែលជាប់ទាក់ទង
Open

Close