សម្តេចធិបតី បញ្ជាក់ពីយន្តការដោះស្រាយប្រព័ន្ធរំដោះទឹកក្នុងរាជធានីភ្នំពេញ ដោយមានស្ថាប័ន៣ នឹងចូលរួមការងារនេះជាមួយគ្នា

រាជធានីភ្នំពេញ៖ ថ្លែងនៅក្នុងពិធីបិទ “សន្និបាតបូកសរុបលទ្ធផលការងាររបស់ ក្រសួងធនធានទឹក និងឧតុនិយម គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា និងអាជ្ញាធរទន្លេសាប ក្នុងក្របខណ្ឌទូទាំងប្រទេសប្រចាំឆ្នាំ២០២៣ និងលើកទិសដៅអនុវត្តឆ្នាំ២០២៤” កាលពីរសៀលថ្ងៃពុធ ទី១០ ខែមេសា ឆ្នាំ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានលើកឡើងទាក់ទងអំពីផែនការដោះស្រាយបញ្ហាទឹកលិច នៅតាមបណ្តាទីប្រជុំជនធំៗ និងក្នុងរាជធានីភ្នំពេញ ដែលមានការពាក់ព័ន្ធនឹង ក្រសួងសាធារណការ និងដឹកជញ្ជូន។ ដោយក្នុងនោះ សម្តេចធិបតី បានជម្រាបដល់អង្គសន្និបាតថា​ សម្តេច បានអនុម័តលើគម្រោងមួយចំនួន ក្នុងទំហំថវិកាជាង ៣០០លានដុល្លារអាមេរិក ដែលផ្តោតលើ ពីរមុខព្រួញសំខាន់ៗ គឺ (ទី១)ការបញ្ចៀសទឹកកុំឱ្យបុកមករាជធានីភ្នំពេញ និង (ទី២) ការដោះស្រាយប្រព័ន្ធរំដោះទឹកក្នុងរាជធានីភ្នំពេញដែលមានស្រាប់។

ចំពោះការដោះស្រាយប្រព័ន្ធរំដោះទឹកក្នុងរាជធានីដែលមានស្រាប់នេះ សម្តេចធិបតី ក៏បានគូសបញ្ជាក់អំពីស្ថាប័នទទួលខុសត្រូវ ដែលក្នុងនោះរួមមាន ក្រសួងសាធារណការ និងដឹកជញ្ជូន មន្ទីរសាធារណការ និងដឹកជញ្ជូន រាជធានីភ្នំពេញ និងសាលារាជធានីភ្នំពេញ ផងដែរ។ សម្តេច បានបន្ថែមថា កិច្ចការទាំងនេះគឺផ្តោតទៅលើ (១)ការរៀបចំកាយប្រឡាយរំដោះទឹក (២)ការរៀបចំស្តារប្រព័ន្ធលូ (ស្ថាបនាលូថ្មី និងលើកកម្រិតលូចាស់ៗ ដែលមានទំហំតូច) និង (៣)ការរៀបចំបន្ថែមស្ថានីយបូមទឹក និងបង្កើនសមត្ថភាពស្ថានីយបូមទឹក នៅក្នុងរាជធានីភ្នំពេញ។ បច្ចុប្បន្ន ផែនការនេះកំពុងចាប់ផ្តើមជាបណ្តើរៗ ហើយកំពុងតែសិក្សាលើការដោះស្រាយផលប៉ះពាល់៕

អត្ថបទដែលជាប់ទាក់ទង
Open

Close