សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញសម្ពោធកសិដ្ឋានចិញ្ចឹមគោយកទឹកដោះ មួយកន្លែង ក្នុងស្រុកបាទី

តាកែវ៖ នៅថ្ងៃទី ១១  ខែ មេសា  គ្រិស្តសករាជ ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធកសិដ្ឋានចិញ្ចឹមគោយកទឹកដោះ «គិរីសួគ៌» របស់ក្រុមហ៊ុនខ្មែរ ហ្រ្វេស មីល ឯ.ក ដែលស្ថិតក្នុងស្រុកបាទី ខេត្តតាកែវ ។ 

នៅក្នុងពិធីដ៏អធិកអធមនោះ សម្តេចធិបតីនាយករដ្ឋមន្ត្រី បានធ្វើការអបអរសាទរចំពោះកសិដ្ឋានគិរីសួគ៌ ដែលបានខិតខំប្រឹងប្រែងអភិវឌ្ឍខ្លួនតាំងពីជំហានដំបូង រហូតក្លាយជាកសិដ្ឋានធំជាងគេក្នុងចំណោមកសិដ្ឋានចិញ្ចឹមគោយកទឹកដោះចំនួន ៤ នៅកម្ពុជា ដែលមានខ្សែច្រវាក់ផលិតកម្មទំនើប និងមានសមត្ថភាពផលិតទឹកដោះគោស្រស់ និងផលិតផលធ្វើពីទឹកដោះគោ ប្រកបដោយគុណភាពខ្ពស់លំដាប់អន្តរជាតិ  ជាមួយនឹងការប្រើប្រាស់បច្ចេកវិទ្យាទំនើបមិនធ្លាប់មានពីមុនមក ។ ទន្ទឹមនេះ ជោគជ័យរបស់ ក្រុមហ៊ុនខ្មែរ ហ្វ្រេសមីល គឺជាមោទនភាពថ្មីមួយទៀតរបស់កម្ពុជាលើផ្នែកចិញ្ចឹមគោយកទឹកដោះ និងផលិតទឹកដោះគោ ដែលជាការចូលរួមចំណែកយ៉ាងធំធេងក្នុងការអភិវឌ្ឍអនុវិស័យសុខភាពសត្វ និងផលិតកម្មសត្វ ជាពិសេសការរួមចំណែកជំរុញសេដ្ឋកិច្ចកម្ពុជា តាមរយៈការបង្កើតការងារ និងបង្កើនប្រាក់ចំណូលជូនប្រជាពលរដ្ឋមូលដ្ឋាន ព្រមទាំងបង្កើន និងផ្ទេរចំណេះដឹង  និងបទពិសោធន៍ដល់កម្មករ និងនិយោជិតកម្ពុជា ផងដែរ ។ 

ក្នុងឱកាសនោះផងដែរ សម្តេចធិបតី បានធ្វើការគូសបញ្ជាក់ថា ជាមួយនឹងមូលដ្ឋានគ្រឹះដ៏រឹងមាំនៃសុខសន្តិភាព​ និងដើម្បីរក្សាបាននូវកំណើនសេដ្ឋកិច្ចខ្ពស់ រាជរដ្ឋាភិបាលនីតិកាលទី ៧ នៃរដ្ឋសភា បានដាក់ចេញនូវ យុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី ១ ដើម្បី កំណើនការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព ដោយកំណត់យកអាទិភាពគន្លឹះចំនួន ៥ គឺ «មនុស្ស ផ្លូវ ទឹក ភ្លើង និង បច្ចេកវិទ្យា» ឆ្ពោះទៅសម្រេចនូវចក្ខុវិស័យក្នុងការប្រែក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ ២០៣០ និង ប្រទេសមានចំណូលខ្ពស់នៅឆ្នាំ ២០៥០ ។ ក្នុងន័យនេះ ដើម្បីសម្រេចគោលដៅ ក្រសួងស្ថាប័នពាក់ព័ន្ធនានា បាន និង កំពុងខិតខំប្រឹងប្រែងពន្លឿន និងពង្រីកកម្មវិធីកែទម្រង់ និងការអនុវត្តគោលនយោបាយ និងយុទ្ធសាស្រ្តគន្លឹះៗរបស់រាជរដ្ឋាភិបាល ប្រកបដោយស្មារតីបុរេសកម្ម ការទទួលខុសត្រូវខ្ពស់ និងការបំពេញបន្ថែមឱ្យគ្នាទៅវិញទៅមក ។ ដោយឡែក, ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ បាន និង កំពុងជំរុញ អនុវត្តកម្មវិធីគោលនយោបាយអាទិភាពទី ៥ និង ទី ៦ គឺ : ទី១. ការលើកស្ទួយ ផលិតកម្មកសិកម្ម រកទីផ្សារ និងរក្សាលំនឹងថ្លៃកសិផល តាមរយៈកម្មវិធីហិរញ្ញប្បទាន ទី២. ការដាក់ពង្រាយមន្រ្តីកសិកម្មឃុំ-សង្កាត់ចំនួន ១.៦០០ នាក់ នៅទូទាំងប្រទេស និង ទី៣. ការអភិវឌ្ឍសហគមន៍កសិកម្មទំនើប ដើម្បីជំរុញអភិវឌ្ឍវិស័យកសិកម្មកម្ពុជា ឱ្យកាន់តែរីកចម្រើនថែមទៀត ។

ជាចុងក្រោយ សម្តេចមហាបវរធិបតី បានកោតសរសើរចំពោះក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ក្រសួង-ស្ថាប័ន អាជ្ញាធរពាក់ព័ន្ធ គ្រប់លំដាប់ថ្នាក់ ដែលបានចូលរួមសហការគ្នាយ៉ាងជិតស្និទ្ធក្នុងការគាំទ្រ និងសម្របសម្រួលដល់ក្រុមហ៊ុនខ្មែរហ្វ្រេសមីល តាំងពីដំណាក់កាលដំបូងរហូតឈានដល់ការសម្រេចបានដំណើរការយ៉ាងល្អប្រសើរ ក្នុងខ្សែច្រវាក់ផលិតកម្មចិញ្ចឹមគោយកទឹកដោះ និងផលិត​​ផល​ទឹកដោះគោសម្រាប់ផ្គត់ផ្គង់ក្នុងទីផ្សារកម្ពុជា ៕

អត្ថបទដែលជាប់ទាក់ទង
Open

Close