រន្ទះបាញ់ ប្រជាពលរដ្ឋ របួសធ្ងន់៤នាក់ នៅក្នុងចំការស្វាយ

បាត់ដំបង៖ភ្លៀងធ្លាក់១មេ លាយឡំផ្គរន្ទះ មានប្រជាពលរដ្ឋចំនួន៣នាក់ ត្រូវរន្ទះបាញ់ បណ្តាលអោយរងរបួសធ្ងន់ខណៈកំពុងបេះផ្លែស្វាយក្នុងចំការ។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ៣និង៥នាទី ល្ងាច ថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៤ ចំណុចក្នុងចំការស្វាយ ស្ថិតក្នុងភូមិតាស្តា ឃុំតាស្តា ស្រុកសំពៅលូន ខេត្តបាត់ដំបង។

ក្រោយពេលកើតហេតុជនរងគ្រោះ ត្រូវបានសាច់ញាតិបញ្ជូនទៅសង្គ្រោះ នៅមន្ទីរពេទ្យភូមិភាគ៥ សំពៅលូន។

ប្រភពព័ត៌មានពីសមត្ថកិច្ចបានអោយដឹងថាជនរងគ្រោះមានឈ្មោះដូចខាងក្រោម៖ទី១-ឈ្មោះ ហាច ធី ភេទស្រី អាយុ១៦ឆ្នាំ រស់នៅភូមិតាស្តា ឃុំតាស្តា ស្រុកសំពៅលូន ខេត្តបាត់ដំបង។

ទី២-ឈ្មោះ ព្រុំ គឺមុើយ ភេទស្រី អាយុ៨ឆ្នាំ មានទីលំនៅ ក្នុងភូមិត្រពាំងព្រលិត ឃុំសន្តិភាព ស្រុកសំពៅលូន ខេត្តបាត់ដំបង។

ទី៣-ឈ្មោះ ឡាច ស្រីពៅ ភេទស្រី អាយុ៤៨ឆ្នាំ មានទីលំនៅ ក្នុងតាស្តា ឃុំតាស្តា ស្រុកសំពៅលូន ខេត្តបាត់ដំបង។

បច្ចុប្បន្នជនរងគ្រោះទាំង៣នាក់ ត្រូវបានក្រុមគ្រូពេទ្យ ប្រឹងប្រែងជួយសង្គ្រោះ រួចផុតពីគ្រោះថ្នាក់ហើយ។

យោងតាមករណីគ្រោះធម្មជាតិខាងលើ សមត្ថកិច្ច ក៍ដូចជា អជ្ញាធរមូលដ្ឋាន បានប្រកាសអោយប្រជាពលរដ្ឋ និងប្រជាកសិករ ប្រុងប្រយ័ត្ន នៅពេលមានភ្លៀងធ្លាក់ ឬកំពុងមានខ្យល់បកបោក សូមកុំជ្រកក្រោមដើមឈើ ត្រូវនាំគ្នារកទីកន្លែងសុវត្ថិភាព៕

ដោយ ៖ សុខ កុសល

អត្ថបទដែលជាប់ទាក់ទង
Open

Close