ពានរង្វាន់អក្ខរកម្មពិភពលោកឆ្នាំ ២០២៣ -World Literacy Award 2023

ក្រសួងអប់រំ យុវជន និងកីឡា៖ “ពានរង្វាន់អក្ខរកម្មពិភពលោកឆ្នាំ ២០២៣ -World Literacy Award 2023” តំណាង ឱ្យព្រឹត្តិការណ៍ដ៏សំខាន់មួយ នៅក្នុងដំណើរការកែទម្រង់ប្រព័ន្ធអប់រំនៅកម្ពុជា ដើម្បីឆ្លើយតបនឹងបញ្ហាប្រឈមនៃសតវត្សទី ២១។ ផ្អែកលើមូលដ្ឋានខាងលើនេះ ការធ្វើបរិវត្តកម្មវិស័យអប់រំជាតម្រូវការចាំបាច់បំផុតដើម្បីធ្វើឱ្យសម្រេចបាននូវគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព និងបរិវត្តកម្មឌីជីថល ដែលនឹងឈានទៅគាំទ្រឱ្យសម្រេចបាននូវ ១) រាជរដ្ឋាភិបាលឌីជីថល ២) ពលរដ្ឋឌីជីថល ៣) សង្គមឌីជីថល ៤) ទីក្រុងឆ្លាតវៃ ៥) បដិវត្តឧស្សាហកម្ម៤.០ និង៦) ធុរកិច្ចឌីជីថលនិងបច្ចេកវិទ្យាហិរញ្ញវត្ថុ។ ជាងនេះទៅទៀត ការធ្វើបរិវត្តកម្មអប់រំ នឹងបន្តគាំទ្រដល់ការលើកកម្ពស់ការសិក្សាពេញមួយជីវិត និងបំណិនសតវត្សទី២១ ដើម្បីធានាភាពធនឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ សង្គ្រាម វិបត្តិសេដ្ឋកិច្ច ការរីករាលដាលនៃជំងឺផ្សេងៗ និងភាពមិនប្រាកដប្រជានៃភូមិសាស្ត្រនយោបាយ។

រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងជាស្ថាបនិកឯកនយោបាយឈ្នះៗ ដែលបានកសាង និងរក្សាសន្តិភាពនៅលើទឹកដីដ៏កម្សត់ ដើម្បីជាមូលដ្ឋានក្នុងការអភិវឌ្ឍសេដ្ឋកិច្ច សង្គម ឈានទៅបង្កើនកញ្ចប់ថវិកាដល់វិស័យអប់រំ ជាពិសេសការដំឡើងប្រាក់ខែដល់គ្រូបង្រៀន និងការកសាងអគារសិក្សានិងសាលារៀនថ្មីៗ នៅទូទាំងប្រទេស។

ក្រសួងអប់រំ យុវជន និងកីឡា សូមថ្លែងអំណរគុណដល់អ្នកពាក់ព័ន្ធទាំងអស់ ដែលបានចូលរួមចំណែក ក្នុងការកសាងប្រព័ន្ធអប់រំកម្ពុជាឡើងវិញ ពីចំណុចសូន្យចាប់តាំងពីជាង ៤០ ឆ្នាំមុន បន្ទាប់ពីរបបប្រល័យពូជសាសន៍បានបញ្ចប់។

មូលនិធិអក្ខរកម្មពិភពលោកបានជ្រើសរើសរាជរដ្ឋាភិបាលកម្ពុជា ដើម្បីផ្តល់ពានរង្វាន់មូលនិធិអក្ខរកម្មពិភពលោក២០២៣ ដែលមានភាពលេចធ្លោក្នុងការដាក់ចេញគោលនយោបាយ និងការលើកកម្ពស់ខាងផ្នែកអក្ខរកម្ម និងការអប់រំ។ ការទទួលស្គាល់ និងការទទួលបានរង្វាន់ខាងលើ បានឆ្លុះបញ្ចាំងឱ្យឃើញពីផលវិជ្ជមាន ក្នុងការអនុវត្តកម្មវិធីកំណែទម្រង់អប់រំ ដែលក្រសួងអប់រំ យុវជន និងកីឡាបានដាក់ចេញកន្លងមក ក្នុងការលើកកម្ពស់គុណភាពអប់រំ តាមរយៈការបណ្តុះបណ្តាលគ្រូលើការអនុវត្តកញ្ចប់សម្ភារៈអំណាន និងគណិតវិទ្យាថ្នាក់ដំបូង។ កញ្ចប់សម្ភារៈត្រូវបង្កើតឡើង ដើម្បីឱ្យគ្រប់អ្នកពាក់ព័ន្ធ ជាពិសេសគ្រូបង្រៀនថ្នាក់ទី១ ទី២ និងទី៣ មានកញ្ចប់សម្ភារៈអប្បបរមាមួយ ដែលទាំងអស់គ្នាអាចយកទៅប្រើប្រាស់សម្រាប់ការអនុវត្ត និងពង្រីកការអនុវត្តនៅទូទាំងប្រទេស ក្នុងន័យលើកកម្ពស់គុណភាពអប់រំ តាមរយៈការបង្កើនលទ្ធផលសិក្សារបស់សិស្សពោលគឺ កុមារកម្ពុជាចេះអាន សរសេរ និងគិតលេខទាំងអស់គ្នា៕

០៣ មេសា ២០២៣ | សាកលវិទ្យាល័យអុកហ្វឺត ចក្រភពអង់គ្លេស

អត្ថបទដែលជាប់ទាក់ទង
Open

Close