ប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរ បានចុះអនុស្សរណៈយោគយល់គ្នា រវាងសហព័ន្ធកីឡាប្រដាល់គុនខ្មែរ និង ស្ថាប័ន Wu Lin Feng
ចិន៖ នាព្រឹកថ្ងៃអង្គារ៍ ទី២៩ ខែមេសា ឆ្នាំ២០២៥ នាទីក្រុងចឹងចូវ (ZhengZhou) ខេត្តហឺណាន (HeNan) សាធារណៈរដ្ឋប្រជាមានិតចិន ឯកឧត្តម ខូវ ឆាយ ប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរ បានចុះអនុស្សរណៈយោគយល់គ្នា រវាងសហព័ន្ធកីឡាប្រដាល់គុនខ្មែរ និង ស្ថាប័ន Wu Lin Feng តំណាងដោយលោក Shi Qing ប្រធានក្រុមប្រឹក្សាភិបាល ស្តីពីកិច្ចសហប្រតិបត្តិការយុទ្ធសាស្ត្រព្រឹត្តិការណ៍កីឡាយុទ្ធគុន និងការផ្លាស់ប្តូរវប្បធម៌ វិនិយោគនិងទេសចរណ៍ ពិធីនេះធ្វើឡើងនៅសាលប្រជុំនាយកដ្ឋានផ្សព្វផ្សាយ និងពត៌មានរបស់ខេត្តហឺណាន សាធារណៈរដ្ឋប្រជាមានិតចិន។
ស្ថាប័ន Wu Lin Feng (武林风)ជាស្ថាប័នរៀបចំការប្រកួតកីឡាយុទ្ធគុនដ៏ធំជាងគេទីមួយនៅក្នុងប្រទេសចិន ដែលទទួលបានការឧបត្ថម្ភថវិកាពីរដ្ឋាភិបាលចិន ក្នុងការរៀបចំព្រឹត្តិការណ៍ប្រកួតយុទ្ធគុនកំរិតជាតិ និងអន្តរជាតិនានា។ Wu Lin Feng ដែលជាដៃគូសហការរបស់ស្ថាប័នធំដូចជា K1, UFC, WCK, One Championship… បានកំពុងរៀបចំព្រឹត្តិការណ៍ប្រកួតយុទ្ធគុននៅគ្រប់ខេត្តក្រុងក្នុងប្រទេសចិន ក៏ដូចជាទូទាំងសកលលោក។
កិច្ចសហប្រតិបត្តិការរវាងគុនខ្មែរ និង WuLinFeng នឹងឈានដល់ការសិក្សាក្នុងការសហវិនិយោគរៀបចំបង្កើតសង្វៀនប្រកួតកំរិតស្តង់ដាពិភពលោកមួយនៅកម្ពុជាក្នុងពេលឆាប់ៗខាងមុខនេះ ដើម្បីរៀបចំការប្រកួតកំរិតពិភពលោក ដោយមានកីឡាករមកពីគ្រប់ប្រទេស និងធ្វើការផ្សាយផ្ទាល់ទៅកាន់ប្រទេសចិន និង៥៥ប្រទេសទៀតលើសកលលោក។
គុនខ្មែរកំពុងតែបោះជំហ៊ានដ៏ធំមួយទៀតទៅកាន់ឆាកអន្តរជាតិហើយ។










