ម្ចាស់ មេដាយមាស ស្រួង ភាវី ៖ ឥទ្ធិពល​កំពូល​ធម៌​បួន​បាន​ដឹកនាំ​ខ្ញុំ​ដើរ​ មក​ដល់​ចំណុច​នេះ​!

ផេកផ្លូវការ ម្ចាស់ មេដាយមាស ស្រួង ភាវី បង្ហោះនៅថ្ងៃទី២៨ ឧសភា ២០២៣  មានខ្លឹមសារថា ៖  ចិត្ត​ និស្ស័យ​ អធ្យាស្រ័យ​ របស់​ខ្ញុំ​ដែល​ធ្លាប់​បាន​សន្សំ​ពី​អតីត​មក​ គឺ​បណ្ដាល​ឱ្យ​ខ្ញុំ​មាន​ចិត្ត​ស្រឡាញ់​រាប់​អាន​មនុស្ស​គ្រប់រូប​ គ្រប់​វ័យ​ គ្រប់​ជាតិ​សាសន៍ទាំង​អស់​ដែល​មាន​ជីវិត​រស់​នៅ​ក្នុង​ពិភពលោក​យើង​នេះ​ ​​។រហូត​ដល់​ខ្ញុំ​បិទ​រូប​ថត​អ្នក​ដែល​មាន​ទុក្ខ​លំបាក​នៅ​ហ្នឹង​ជញ្ជាំង​ មាត់​ទ្វារ​ជា​ដើម​ ដេីម្បី​ជា​កម្លាំង​ជំរុញ​ទឹក​ចិត្ត​ឱ្យ​គិត​ដល់​រឿង​នេះ​ជា​រឿយៗ​។ (មេត្តា​ធម៌​)

ចិត្ត​​ស្រលាញ់​រាប់​អាន​បានរុញ​ច្រាន​ឱ្យ​ខ្ញុំ​មាន​ចិត្ត​អាណិត​អាសូរ​ និង​មាន​ឆន្ទៈ​ខ្ពស់​ចង់​ជួយ​អ្នក​ដទៃ​​ តាម​តែ​អ្វី​ដែល​អាច​ធ្វើ​បាន​។ ស្មារតី​ទាំងអស់​នេះ​ហេីយ​ ដែល​ជម្រុញ​ទឹក​ចិត្ត​ខ្ញុំ​ ឱ្យ​ខិតខំ​ប្រឹងប្រែង​ធ្វើ​គ្រប់​បែប​យ៉ាង​ ធ្វើ​យ៉ាងណា​ឱ្យ​ខ្លួន​ឯង​មាន​សមត្ថភាព​ ក្នុង​ការ​បំពេញ​តាម​ឆន្ទៈ​របស់​ខ្ញុំ​ បេី​ទោះបី​មាន​ឧបសគ្គ​យ៉ាងណា​ក៏​មិន​រាថយ​ឡេីយ​។ (ករុណា​ធម៌​)

ផល​នៃ​ការ​ជួយ​របស់​ខ្ញុំ​បាន​ទៅ​ដល់​អ្នក​ដទៃ​ ធ្វើ​ឱ្យ​ខ្ញុំ​មាន​កម្លាំង​ចិត្ត​ សេចក្ដី​សោមនស្ស​រីករាយ​ យ៉ាង​ខ្លាំង​ក្លា​ នៅ​ពេល​​ខ្ញុំ​បាន​ឃើញ​អ្នក​ដែល​ខ្ញុំ​បានជួយ​​ពួក​គាត់​ ហើយ​ពួក​គាត់​មាន​សេចក្តី​សុខ​ សេចក្តី​ចម្រើន​ ក្នុង​ការ​រស់នៅ​ បាន​រៀន​សូត្រ​ក្រេប​យក​ចំណេះ​វិជ្ជា​ និង​យឹតយោង​គ្រួសារ​ពួក​គាត់​ឱ្យ​បាន​រីកចម្រើន​ផង​ ព្រម​ទាំង​មាន​សុខុមាលភាព​ក្នុង​សង្គម​ជាតិ​ផង​ដែរ​។ (មុទិតា​ធម៌​)

ក្រោយ​ពី​បាន​បំពេញ​បេសកកម្ម​ ការ​ងារ​ ប្រកបដោយ​សុច្ឆន្ទៈ​ទាំង​អស់​នេះ​ហើយ​ ចិត្ត​របស់​ខ្ញុំ​ពុំ​ដែល​ជាប់​ជំពាក់​ក្នុង​ការ​សោកស្ដាយ​ ពី​ការ​នឿយ​លំបាក​ ដែល​ចិត្ត​ជាប់​ដោយ​ លាភ​អត់​លាភ​ យស​អត់​យស​ សរសើរ​អត់​សរសើរ​ហេីយ​ថែម​ទាំង​និន្ទា​ផង​ មាន​សេចក្ដី​សុខ​អត់​សេចក្ដី​សុខ​ រឿង​ទាំងនេះ​ខ្ញុំ​មិន​សន្សំ​ទុក​ក្នុង​ចិត្ត​ទេ​ ជ្រះ​ស្រលះ​ហើយ​។ (ឧបេក្ខា​ធម៌​)

អត្ថបទដែលជាប់ទាក់ទង
Open

Close