ប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានផ្តល់នូវអនុសាសន៍ណែនាំ ៥ចំណុច ដល់សហព័ន្ធកីឡាប៊ូលីងកម្ពុជា

ភ្នំពេញ៖ ឯកឧត្តមបណ្ឌិតថោង ខុន ទេសរដ្ឋមន្ដ្រី និងជាប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានផ្តល់នូវអនុសាសន៍ណែនាំ ៥ចំណុច ដល់សហព័ន្ធកីឡាប៊ូលីងកម្ពុជា រួមមាន៖

១. រៀបចំផែនការយុទ្ធសាស្រ្តអភិវឌ្ឍកីឡាប៊ូលីង សម្រាប់អាណត្តិទី២ ឆ្នាំ២០២៣-២០២៧ ដោយកំណត់ចក្ខុវិស័យ បេសកកម្ម គោលដៅយុទ្ធសាស្រ្ត និងសូនាករវាស់វែងច្បាស់លាស់ ជាមួយយន្តការអនុវត្តន៍ ត្រួតពិនិត្យ និងវាយតម្លៃ និងប្រភពធនធានសមស្រប។

២. ពង្រឹងអភិបាលកិច្ចល្អសម្រាប់សហព័ន្ធ ដោយអនុលោមទៅតាមគោលការណ៍មូលដ្ឋានជាសកលស្តីពីអភិបាលកិច្ចល្អរបស់គណៈកម្មាធិការអូឡាំពិកអន្តរជាតិ រួមមាន៖ តម្លាភាព “Transparency” គណនេយ្យភាព “Accountability” ដំណើរការប្រជាធិបតេយ្យ “Democratic Process” សាមគ្គីភាព “Solidarity” និងស្វ័យភាព “Autonomy”។

៣. រៀបចំអភិវឌ្ឍកម្មវិធីជ្រើសរើសអត្តពលិកឆ្នើម (Talent Identification Program) សម្រាប់ អត្តពលិកយុវជនថ្នាល និងអត្តពលិកកម្រិតខ្ពស់ (High Performance) ដើម្បីឈានទៅធ្វើការប្រមូលផ្តុំក្នុងក្រុមជម្រើសជាតិ ត្រៀមចូលរួមការប្រកួតជាលក្ខណៈអន្តរជាតិ ជាពិសេសត្រៀមការប្រកួតកីឡាស៊ីហ្គេម ឆ្នាំ២០២៥ នៅប្រទេសថៃ និងស៊ីហ្គេម ឆ្នាំ២០២៧ នៅប្រទេសម៉ាឡេស៊ី។

៤. ពង្រឹង និងពង្រីកក្លិបកីឡាប៊ូលីងនៅកម្ពុជាតាមរយៈការជំរុញបង្កើនការចូលរួមសម្រាប់យុវជន ជាមួយការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធកីឡាប៊ូលីងទាំងបរិមាណ និងគុណភាព។

៥. រៀបចំកម្មវិធីបណ្តុះបណ្តាលមន្ត្រីបច្ចេកទេស និងមន្ត្រីរៀបចំការប្រកួតដើម្បីធានានូវការរៀបចំព្រឹត្តិការណ៍ប្រកួតជាលក្ខណៈជាតិ និងអន្តរជាតិប្រកបដោយគុណភាពខ្ពស់ ដោយអនុលោមតាមបទប្បញ្ញត្តិរបស់សហព័ន្ធកីឡាប៊ូលីងអន្តរជាតិ៕

អត្ថបទដែលជាប់ទាក់ទង
Open

Close