ឆ្មក់បង្ក្រាប គ្រឿងញៀន ក្នុងក្លឹបកម្សាន្ត ហ្កាឡាក់ស៊ី១៤២ នៅក្រុងសំពៅពូន

ខេត្តកណ្តាល៖ កម្លាំងជំនាញមន្ទីរប្រឆាំងគ្រឿងញៀន សហការជាមួយកម្លាំងស្នងការដ្ឋាននគរបាលខេត្តកណ្តាល និងដោយមានការសម្របសម្រួលពីលោកស្រី វា សក្តា ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តកណ្តាល បានចុះស្រាវជ្រាវស៊ើបអង្កេត រហូតឈានទៅបង្ក្រាបករណី ជួញដូរ ប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀននៅចំណុច ក្លឹបកម្សាន្ត ហ្កាឡាក់ស៊ី១៤២ ភូមិព្រែកស៊ីង សង្កាត់សំពៅពូន ក្រុងសំពៅពូន ខេត្តកណ្តាល។
ការបង្ក្រាបនេះធ្វើឡើងកាលពី១២៖៣០នាទីរំលងអធ្រាត្រឈានចូល ថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៤ ដោយអនុវត្តតាមបញ្ជារបស់ ឯកឧត្តម នាយឧត្ដមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងឯកឧត្តម ឧត្ដមសេនីយ៍ឯក ព្រុំ សន្ធរ អគ្គស្នងការរងទទួលផែនប្រឆាំងបទល្មើសគ្រឿងញៀន ក្រោមការបញ្ជាដឹកនាំផ្ទាល់របស់ ឯកឧត្តម ឧត្ដមសេនីយ៍ឯក ឃឹង សារ៉ាត់ នាយកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន។
កម្លាំងជំនាញបានឃាត់ខ្លួនមនុស្ស ២៨នាក់ (ស្រី៥នាក់) ដែលក្នុងនោះអ្នកពាក់ព័ន្ធ
បទល្មើស ជួញដូរ សម្រួលចំនួន៥នាក់ (ស្រី១នាក់) ត្រូវបានបញ្ជូនទៅតុលាការរួមមាន៖ ឈ្មោះ ងន សឹង ភេទប្រុស ជនជាតិខ្មែរ (មេខ្លោង ម្ចាស់ទីតាំង), ឈ្មោះ ស៊ិន ប៊ុនធឿន ភេទប្រុស ជនជាតិខ្មែរ (សម្រួល), ឈ្មោះ ពេជ្រ ប៉ូស្រ៊ូ ភេទប្រុស ជនជាតិខ្មែរ (សម្រួល), ឈ្មោះ ម៉ូហាមេត អារិនបីនសាលីឌីន ភេទប្រុស ជនជាតិម៉ាឡេស៊ី (អ្នកជួញដូរ) និងឈ្មោះ ហេង សុខដា ភេទស្រី ជនជាតិខ្មែរ (មេការ)។
ដោយឡែកសម្រាប់អ្នកពាក់ព័ន្ធ ការប្រើប្រាស់គ្រឿងញៀនរួមមាន៖​ ជនជាតិខ្មែរ ៦នាក់ (ស្រី៤នាក់) ត្រូវបញ្ជូនទៅមណ្ឌលព្យាបាល ស្តានីតិសម្បទា និងជនបរទេស ១៧នាក់ ក្នុងនោះជនជាតិម៉ាឡេស៊ី ៣នាក់(ប្រុស), ឥណ្ឌូនេស៊ី ១៤នាក់ (ប្រុស) ត្រូវបណ្តេញចេញពីកម្ពុជា។
ចំណែកវត្ថុតាងចាប់យកបាន រួមមានសារធាតុញៀនប្រភេទមេតំហ្វេតាមីន (ICE) ៧៩.៧២ក្រាម, អ៊ិចស្តាស៊ី (MDMA) ទម្ងន់ ៦៣.៣៨ក្រាម និងសារធាតុញៀនប្រភេទ កេតាមីន (Ketamine) ទម្ងន់ ៨.៥២ក្រាម។
បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាង ត្រូវបានកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងខេត្តកណ្តាល តាមនីតិវិធី៕
អត្ថបទដែលជាប់ទាក់ទង
Open

Close