អាជ្ញាធរ និងមន្ត្រីជំនាញពាក់ព័ន្ធ បានធ្វើការណែនាំទៅម្ចាស់សិប្បកម្ម កែច្នៃឈើ ដោយពុំអនុញ្ញាតឱ្យនាំចូលឈើថ្មីចូល ឬបន្តធ្វើការកែច្នៃតទៅទៀតនោះឡើយ!

ខេត្តឧត្តរមានជ័យ ៖ នៅថ្ងៃទី១៣ ខែឧសភា​ ឆ្នាំ២០២៥ ដោយទទួលបាននូវគោលការណ៍ដឹកនាំ និងអនុញ្ញាតពីលោក ផុន ចាន់និល អភិបាល នៃគណៈអភិបាលក្រុងសំរោង បានចាត់តាំង​លោក ប៊ុត​ វ៉ាន់ដេត​ អភិបាលរងក្រុង​ ដឹកនាំក្រុមការងារគណៈបញ្ជាការឯកភាពរដ្ឋបាលក្រុងសំរោង សហការជាមួយនឹងនាយផ្នែករដ្ឋបាលព្រៃឈើ អាជ្ញាធរភូមិ សង្កាត់ ដែលមានការចូលរួមលោក ខន ខែម នាយផ្នែករដ្ឋបាលព្រៃឈើសំរោង និងមន្ត្រីពាក់ព័ន្ធ ចុះពិនិត្យដល់ទីតាំងសិប្បកម្មកែច្នៃឈើមួយកន្លែងរបស់ឈ្មោះ ប៊ុន សិលា ស្ថិតនៅភូមិអភិវឌ្ឍន៍ សង្កាត់អូរស្មាច់។
ក្រុមការងារបានពិនិត្យ និងរកឃើញថា តាំងខាងលើ ជាទីតាំងដែលបានផុតសុពលភាពច្បាប់អនុញ្ញាតកែច្នៃឈើ និងធ្លាប់ត្រូវបានចុះអប់រំណែនាំ ធ្វើកិច្ចសន្យា ហាមឃាត់មិនឱ្យមានការបន្តធ្វើអាជីវកម្មទៀតនោះទេ (ដរាបណាមិនមានច្បាប់អនុញ្ញាតជាថ្មី)។
ជាមួយគ្នានេះ នៅទីតាំងខាងលើ ពុំមានការធ្វើសកម្មភាពកែច្នៃឈើបន្តនោះទេ ដោយបានអនុវត្តតាមកិច្ចសន្យាដែលធ្លាប់មានកន្លងមក ហើយទីតាំងសិប្បកម្ម មិនមានឈើថ្មី ឈើប្រណិតនោះឡើយ។ ជាក់ស្តែង នៅមានតែជម្រៀកឈើសេសសល់ចាស់ៗពីមុនពេលបិទផ្អាកអាជីវកម្មតែប៉ុណ្ណោះតែប៉ុណ្ណោះ។
គួរបញ្ជាក់ផងដែរថា អាជ្ញាធរ និងមន្ត្រីជំនាញពាក់ព័ន្ធ បានធ្វើការណែនាំទៅម្ចាស់សិប្បកម្ម ដោយពុំអនុញ្ញាតឱ្យនាំចូលឈើថ្មីចូល ឬបន្តធ្វើការកែច្នៃតទៅទៀតនោះឡើយ ដោយម្ចាស់អាជីវកម្មត្រូវស្នើសុំច្បាប់អនុញ្ញាតជាមុន ដើម្បីបន្តការកែច្នៃឈើដែលនៅសល់ពីមុន។ នៅក្នុងករណីម្ចាស់អាជីវកម្មមិនបន្តការស្នើសុំច្បាប់ ដើម្បីដំណើរការអាជីវកម្មរបស់ខ្លួន ម្ចាស់ទីតាំងត្រូវរុះរើសម្ភារៈ ម៉ាស៊ីនកែច្នៃ ម៉ាស៊ីតាបឈើចេញពីរោងសិប្បកម្ម ដោយមិនអនុញ្ញាតឱ្យទុកបន្តឡើយ ដើម្បីបញ្ចៀសការគេចវេស ឬលបលួចកែច្នៃបន្ត ដែលប្រឈមទៅនឹងការអនុវត្តទោសទណ្ឌតាមច្បាប់ជាធរមាន៕
ប្រភព៖ រដ្ឋបាលក្រុងសំរោង
អត្ថបទដែលជាប់ទាក់ទង
Open

Close