ហ្វេសប៊ុក ឈ្មោះ ឆៃយ៉ា សាំង បង្ហោះ ថា «មិនចង់ជួប នៅតែជួប តាំងខ្លួនជាមាសទឹក១០ តែខ្លាចកាមេរ៉ា មន្ត្រីបំរើរាស្ត្រ មន្ត្រីជាន់ករាស្ត្រ» បំភ្លឺ…!
ភ្នំពេញ៖ សេចក្តីបំភ្លឺ របស់ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញចំពោះការផ្សព្វផ្សាយតាម
បណ្តាញសង្គមហ្វេសបុក តាមអាខោនហ្វេសប៊ុក ឈ្មោះ ឆៃយ៉ា សាំង ដែលមានខ្លឹមសារ “មិនចង់ជួប នៅតែជួប តាំងខ្លួនជាមាសទឹក១០ តែខ្លាចកាមេរ៉ា មន្ត្រីបំរើរាស្ត្រ មន្ត្រីជាន់ករាស្ត្រ ”
ដោយករណីនេះម្ចាស់អាខោនហ្វេសប៊ុកខាងលើមិនសប្បាយចិត្តចំពោះសមត្ថកិច្ចដែលបានផាកពិន័យតាមច្បាប់ដែលម្ចាស់ហ្វេសប៊ុកនោះបើករថយន្តល្បឿនលឿនលើសកំណត់!
សូមបបញ្ជាក់ថា:ក្រោយពីឃើញការផ្សព្វផ្សាយតាមរយៈអាខោនហ្វេសប៊ុកខាងលើ នៅថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២៥ ការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានធ្វើការស្រាវជ្រាវ ហើយបញ្ជាក់ឲ្យដឹងថាគឺមានក្រុមការងារមន្រ្តីនគរបាលចរាចរណ៍បានចុះអនុវត្តរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក ជាពិសេសអនុវត្តត្រួតពិនិត្យចំពោះមធ្យោបាយបើកបរលើសល្បឿនកំណត់ នៅលើកំណាត់ផ្លូវជាតិលេខ៦ចន្លោះស្ពានទី០៩និងស្ពានទី១១ ខណ្ឌជ្រោយចង្វារ ដើម្បីទប់ស្កាត់បញ្ហាគ្រោះថ្នាក់ចរាចរណ៍ ដែលកន្លងមកនៅក្នុងភូមិសាស្រ្តខាងលើនោះគេសង្កេតឃើញ ជាចំណុចប្រឈមកើតមានបញ្ហាគ្រោះថ្នាក់ចរាចរណ៍ជាបន្តបន្ទាប់ បង្កឡើងដោយការបើកបរល្បឿនលឿន។ ដោយឡែកនៅថ្ងៃដដែល នាវេលាម៉ោង ០៨និង៥៧នាទីព្រឹក មានរថយន្ត ០១គ្រឿងម៉ាក CAMARY ពាក់ផ្លាកលេខ ភ្នំពេញ 2Z-0261 បើកបរលើផ្លូវជាតិលេខ៦ ចូលរាជធានីភ្នំពេញ បានធ្វើដំណើរឆ្លងកាត់គោលដៅអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក នៅគោលដៅខាងលើដែលបានកំណត់ល្បឿន ៦០ គីឡូម៉ែត្រក្នុង ១ម៉ោង ។ប៉ុន្តែរថយន្តខាងលើបានបើកបរលើសល្បឿនកំណត់ ទៅដល់ ៨០គីឡូម៉ែត្រ ក្នុង ១ម៉ោង សមត្ថកិច្ចក៍បានហៅឃាត់រថយន្តនោះ ហើយក៍បានអញ្ជើញអ្នកបើកបរចុះមកសហការជាមួយសមត្ថកិច្ច ណែនាំអំពីការបើកបរលើសល្បឿនកំណត់ដែលត្រូវសមត្ថកិច្ចផាកពិន័យតាមច្បាប់ចំនួន១៥ម៉ឺនរៀល នឹងបានចេញបណ្ណផាកពិន័យ ជូនអ្នកបើកបររថយន្តខណៈនោះម្ចាស់រថយន្តយល់ព្រមទទួលការផាកពិន័យដោយគ្មានការតវ៉ាជាមួយសមត្ថកិច្ចនោះទេ ។ក៍ប៉ុន្តែ មុននឹងអ្នកបើកបររថយន្តខាងលើបើកចេញទៅ គាត់ក៍បានលួចថតសមត្ថកិច្ច នៅគោលដៅកំពុងអនុវត្តច្បាប់ ហើយសមត្ថកិច្ចនៅគោលដៅនោះបានស្នើសុំឲ្យម្ចាស់រថយន្តលុបចោល រូបវីដេអូដែលបានថតដោយគ្មានការអនុញ្ញាតប៉ុន្តែ អ្នកបើកបររថយន្តខាងលើមិនព្រម និងបានឡើងជិះរថយន្តចេញបាត់។
បន្ទាប់មកទើបឃើញមានគណនីហ្វេសបុកឈ្មោះ ឆៃយ៉ា សាំង បានបង្ហោះវីដេអូ និងខ្លឹមសាររបៀបញុះញង់ឲ្យប្រជាពលរដ្ឋមានការយល់ច្រឡំហើយស្អប់សមត្ថកិច្ចដែលបានអនុវត្តច្បាប់តាមគោលការណ៍ច្បាប់ត្រឹមត្រូវ ម៉ឺងម៉ាត់ ចំពោះការបើកបរល្មើសច្បាប់ចរាចរណ៍ផ្លូវគោក។ក្រុមការងារព័ត៌មាននិងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញសូមអំពាវនាវប្រជាពលរដ្ឋទូទៅដែលធ្វើដំណើរតាមមធ្យោបាយគ្រប់ប្រភេទមេត្តាចូលរួមគោរពច្បាប់ចរាចរណ៍ផ្លូវគោក ដើម្បីទប់ស្កាត់បញ្ហាគ្រោះថ្នាក់ចរាចរណ៍ដែលតែងបង្កកើតឡើងបណ្តាលឲ្យមានជនរងគ្រោះស្លាប់និងរងរបួសជារៀងរាល់ថ្ងៃ។
អាស្រ័យហេតុដូចបានជម្រាបខ្លឹមសារខាងលើសូមសាធារណជនមេត្តាជ្រាបជាព័ត៌មាន៕