រដ្ឋបាលខណ្ឌប្ញស្សីកែវ ៖ នៅរសៀលថ្ងៃសុក្រ ទី២៣ ខែឧសភា ឆ្នាំ២០២៥ នេះ លោក ជិន ប៊ុនធឿន អភិបាល នៃគណៈអភិបាលខណ្ឌឫស្សីកែវ បានអញ្ជើញចុះត្រួតពិនិត្យ និងដោះស្រាយបញ្ហាទឹកលិចផ្ទះបងប្អូនប្រជាពលរដ្ឋមួយគ្រួសារស្ថិតក្នុងសង្កាត់ច្រាំងចំរេះទី១ ដែលបានអះអាងថាបណ្តាលមកពីមានទឹកហូរចេញពីដេប៉ូខ្សាច់ដែលនៅជាប់នឹងរបងផ្ទះ។
ករណីគ្រួសារខាងលេីនេះ លោកអភិបាលធ្លាប់បានចុះជួប និងពិនិត្យដោះស្រាយបញ្ហាទឹកហូរច្រោះកាត់ផ្ទះនេះម្តងរួចមកហេីយកាលពី១ខែមុន បេីតាមការត្រួតពិនិត្យជាក់ស្ដែងឃេីញថា ដេប៉ូខ្សាច់ខាងលេីបានបិទឈប់ធ្វេីសកម្មភាពអាជីវកម្មរយៈពេល០៤ឆ្នាំមកហេីយ និងបច្ចុប្បន្នជាដីទំនេរដែលមានក្បាលដីនៅជាប់ជាមួយផ្លូវជាតិលេខ៥ ។ ចំណែកឯផ្ទះបងប្អូនប្រជាពលរដ្ឋខាងលេីជាផ្ទះដែលបានសាងសង់នៅលេីដីចំណីទន្លេ ស្ថិតនៅក្នុងតំបន់មិនរៀបរយ នាពេលកន្លងមកផ្ទះបងប្អូនប្រជាជននៅតំបន់នេះជួបគ្រោះអគ្គីភ័យឆេះផ្ទះអស់ និងបានសាងសង់ផ្ទះថ្មី ហេីយគ្រួសារខាងលេីនេះក៏បានសាងសង់ផ្ទះឡេីងវិញផងដែរ តែជាផ្ទះនៅផ្ទាល់ដី លេីទំនាបច្រាំងទន្លេសាប។ ដូច្នេះផ្ទះខាងលេីមាននីវ៉ូទាបជាងផ្ទះដែលនៅជុំវិញដែលបណ្តាលអោយទឹកហូរកាត់ផ្ទះចូលទៅទន្លេសាប ដោយសារតែផ្ទះផ្សេងៗជុំវិញបានចាក់ដី និងសាងសង់ឡេីងវិញខ្ពស់បន្ទាប់ពីមានករណីអគ្គិភ័យឆាបឆេះនៅឆ្នាំ២០២៤កន្លងមក។
ជាដំណោះស្រាយ លោកអភិបាលខណ្ឌ បានសម្រេចចំណាយថវិការជួយកែសម្រួលកន្លែងស្នាក់នៅបងប្អូនប្រជាពលរដ្ឋខាងលេីអោយខ្ពស់ផុតពីដីជៀសវាងទឹកលិចហូរច្រោះកាត់ផ្ទះដែលនាំអោយប៉ះពាល់ដល់បញ្ហាសុខភាព និងការពារហានិភ័យផ្សេងៗ។