សម្តេចធិបតី បញ្ជាក់ប្រាប់ នាយករដ្ឋមន្ត្រីម៉ាឡេស៊ី ថា កម្ពុជា យកបញ្ហាប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច ប្រាសាទតាក្របី និងតំបន់មុំបី ទៅតុលាការយុត្តិធម៌អន្តរជាតិ (ICJ) គឺដើម្បីស្វែងរកដំណោះស្រាយបញ្ហាព្រំដែន!

ភ្នំពេញ៖ នាល្ងាច ថ្ងៃសុក្រ ទី៦ មិថុនា ឆ្នាំ២០២៥ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានពិភាក្សាតាមទូរសព្ទ ជាមួយឯកឧត្តម Anwar Ibrahim នាយករដ្ឋមន្ត្រីម៉ាឡេស៊ី និងជាប្រធានប្តូរវេនអាស៊ានឆ្នាំ២០២៥។ ខ្ញុំសូមចូលរួមអបអរសាទរចំពោះឯកឧត្តមនាយករដ្ឋមន្ត្រីម៉ាឡេស៊ី ចំពោះការរៀបចំធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំអាស៊ានកំពូលលើកទី៤៦ ប្រកបដោយជោគជ័យ និងអរគុណឯ កឧត្តម ចំពោះការយកចិត្តទុកដាក់ លើស្ថានការណ៍ ដែលកំពុងកើតមាន ពាក់ព័ន្ធនឹងព្រំដែនកម្ពុជា-ថៃ។

សម្តេចធិបតី បញ្ជាក់ជូន ឯកឧត្តម Anwar អំពីគោជំហររបស់រាជរដ្ឋាភិបាល កម្ពុជាពាក់ព័ន្ធព្រំដែនកម្ពុជា-ថៃ ៖

១. កម្ពុជាប្រកាន់ខ្ជាប់នូវគោលជំហររក្សាសន្តិភាព មិត្តភាព និងកិច្ចសហប្រតិបត្តិការល្អជាមួយថៃ។

២. ការសម្រេចចិត្ត របស់កម្ពុជាដើម្បីយកបញ្ហាប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច ប្រាសាទតាក្របី និងតំបន់មុំបី ទៅតុលាការយុត្តិធម៌អន្តរជាតិ (ICJ) គឺដើម្បីស្វែងរកដំណោះស្រាយបញ្ហាព្រំដែន នៅតំបន់ទាំងនោះដោយសន្តិវិធី អោយបានឆាប់ចប់ជាស្ថាពរ ជាជាងបន្សល់ទុកបញ្ហាអោយនៅបន្តស្រពិចស្រពិលរយៈពេលវែង ដែលអាចបង្កអោយកើតមានជាជម្លោះប្រដាប់អាវុធសារជាថ្មី។

៣. បន្តសហការជាមួយភាគីថៃ ដើម្បីជំរុញការវាស់វែង ខ័ណ្ឌសីមា និងបោះបង្គោលព្រំដែនរវាងប្រទេសទាំងពីរដែលនៅសេសសល់ (ក្រៅពីតំបន់ទាំង៤ខាងលើ) ដោយប្រើប្រាស់យន្តការគណៈកម្មការព្រំដែនចម្រុះ (JBC) កម្ពុជា-ថៃ។

៤. បន្តរក្សាទំនាក់ទំនងរវាងប្រទេសទាំងពីរ តាមរយៈគ្រប់យន្តការដែលមានស្រាប់ ដើម្បីជាឧត្តមប្រយោជន៍សម្រាប់ប្រជាពលរដ្ឋនៃប្រទេសទាំងពីរកម្ពុជា-ថៃ។

អត្ថបទដែលជាប់ទាក់ទង
Open

Close