យានយន្តដឹកជញ្ជូនលើសទម្ងន់ចំនួន៦គ្រឿង ត្រូវបានពិន័យ ក្នុងប្រតិបត្តិការឆ្មក់ចល័តនៅខេត្តត្បូងឃ្មុំ និងខេត្តបាត់ដំបង

ត្បូងឃ្មុំ បាត់ដំបង ៖ នៅថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៥ ក្រុមការងារត្រួតពិនិត្យចល័តរបស់ក្រសួង សហការជាមួយមន្ត្រីស្ថានីយជញ្ជីងអចល័ត ថ្នល់ទទឹង -ខេត្តត្បូងឃ្មុំ និងស្ថានីយជញ្ជីងអចល័ត ពុកឆ្មា-ខេត្តបាត់ដំបង ព្រមទាំងកងកម្លាំងសមត្ថកិច្ចពាក់ព័ន្ធ ចុះប្រតិបត្តការត្រួតពិនិត្យយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ នៅខេត្តត្បូងឃ្មុំ និងបាត់ដំបង ទទួលបានលទ្ធផលដូចខាងក្រោម៖
– ផ្លូវជាតិលេខ៨ គ.មលេខ១៤២ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ត្រួតពិនិត្យយានយន្តចំនួន៤គ្រឿងមានបិទឡូហ្គោ HC,TH ផ្ទុកទម្ងន់សរុបចន្លោះពី៦៥តោនដល់៨៤តោន លើសទម្ងន់អនុញ្ញាតចន្លោះពី ២០តោនដល់៣៩តោន
– ផ្លូវជាតិលេខ១០ គ.មលេខ៤ ស្រុកសំឡូត ខេត្តបាត់ដំបង ត្រួតពិនិត្យរថយន្តរបស់ប្រទេសថៃ ចំនួន៤គ្រឿង ផ្ទុកលេីសទម្ងន់សរុបចំនួន២គ្រឿង ចន្លោះពី៣២តោនដល់៥០តោន លើសទម្ងន់អនុញ្ញាតចន្លោះពី ៥តោនដល់៨តោន
សរុបលទ្ធផលក្នុងប្រតិបត្តិការត្រួតពិនិត្យយានយន្តទាំង២ទីតាំងខាងលើ ក្រុមការងារបានត្រួតពិនិត្យយានយន្តសរុបចំនួន ៨គ្រឿង ផ្ទុកលើសទម្ងន់ចំនួន៦គ្រឿង ចន្លោះពី៥តោនដល់៣៩តោន ត្រូវបានពិន័យជាប្រាក់ទាំងផ្ទុកលើសទម្ងន់សរុប និងផ្ទុកលើសទម្ងន់នៃភ្លៅនីមួយៗ តាមច្បាប់ស្តីពីផ្លូវថ្នល់មាត្រា២៦ និងមាត្រា៦០ និងសេចក្តីជូនដំណឹងលេខ០១០ សក.សជណ.គតលទ ចុះថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៥ ស្តីពីការដោះលែង និងរឹតបន្តឹងការអនុវត្តច្បាប់លើយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់។
ក្រសួងសាធារណការ និងដឹកជញ្ជូន នៅតែបន្តយុទ្ធនាការត្រួតពិនិត្យយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់នៅទូទាំងប្រទេស ដើម្បីទប់ស្កាត់ និងចាត់វិធានការរឹតបន្តឹងការអនុវត្តច្បាប់យ៉ាងតឹងរ៉ឹងបំផុតដោយគ្មានការលើកលែងឡើយទោះបីជាយានយន្តរបស់បរទេសក៏ដោយ ឱ្យតែចរាចរណ៍លេីផ្លូវថ្នល់របស់ប្រទេសកម្ពុជា ត្រូវគោរព និងអនុវត្តតាមច្បាប់ជាធរមាន៕

អត្ថបទដែលជាប់ទាក់ទង
Open

Close