លួចខ្សែក យាយបង្កើត ទៅលក់បានលុយ ចាញ់ល្បែងអស់ ខ្នោះក៍ជាប់!
ខេត្តកណ្តាល៖ នគរបាលក្រុងតាខ្មៅ ឃាត់ខ្លួនយុវជនម្នាក់ ករណី ចោរកម្ម អំពើលួច (ខ្សែក) កាលពីថ្ងៃទី២១ ខែមិថុនា ឆ្នាំ ២០២១ វេលាម៉ោង៩ និង៣០នាទីចំណុច ផ្ទះជនរងគ្រោះភូមិលេខ៥ សង្កាត់ស្វាយរលំ ក្រុងតាខ្មៅ ខេត្តកណ្តាល។
សមត្ថកិច្ចប្រាប់ថា ជនរងគ្រោះ ត្រូវជាយាយបង្កើតឈ្មោះ សាន ជាលី ភេទស្រី អាយុ៦៥ឆ្នាំ ជនជាតិខ្មែរ មុខរបរនៅផ្ទះ មានទីលំនៅភូមិ សង្កាត់កើតហេតុ ។
ជនសង្ស័យ ឈ្មោះ សយ បញ្ញា ភេទប្រុស អាយុ២១ឆ្នាំ ជនជាតិខ្មែរមុខរបរមិនពិតប្រាកដ ទីលំនៅបច្ចុប្បន្នភូមិសង្កាត់កើតហេតុ ត្រូវជាចៅ (ឃាត់ខ្លួន) ។
វត្ថុតាងចាប់យក: គ្មាន ។
សម្ភារបាត់បង់ ៖ ខ្សែកផ្លាកទីន ទម្ងន់៣ជី ចំនួនមួយខ្សែ ។
ប្រភពប្រាប់ថា កាលពីវេលាកើតហេតុខាងលើ ជនសង្ស័យ បានលួចយកខ្សែក របស់ជនរងគ្រោះ ដែលត្រូវជាយាយបង្កើតរបស់ខ្លួន ហើយយកទៅលក់បានលុយ៤២ម៉ឺនរៀល យកលុយស៊ីចាយលេងល្បែងចាញ់អស់ទៅ លុះមកដល់ថ្ងៃទី២៧ខែមិថុនាឆ្នាំ២០២១ ក៏ត្រូវជនរងគ្រោះប្តឹងសមត្ថកិច្ចប៉ុស្តិ៍ស្វាយរលំ ឲ្យចុះឃាត់ខ្លួនបញ្ជូនមកអធិការដ្ឋាន ចាត់ការតាមផ្លូវច្បាប់តែម្តង ។
បច្ចុប្បន្នជនសង្ស័យខាងលើត្រូវបានបញ្ជូនមកអធិការដ្ឋាននគរបាលក្រុងតាខ្មៅ ដើម្បីកសាងសំណុំរឿងតាមនីតិវិធី។