មុខសញ្ញាប្លន់ អ្នកលក់ឡេ អ៊ាន សៀវម៉ី ម្នាក់ ទៀតត្រូវ ប៉ូលិស តាមចាប់ខ្លួនបាន នៅស្រុកមោងឫស្សី
ខេត្តបាត់ដំបង៖ នៅថ្ងៃព្រហស្បតិ៍ ៤រោច ខែមិគសិរ ឆ្នាំឆ្លូវ ត្រីស័ក ព.ស២៥៦៥ ត្រូវនឹងថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២១វេលាម៉ោង ១៣ និង ០០ នាទី ស្ថិតនៅចំណុចចំណតរថយន្តស្ថិតក្នុង ភូមិមោង ឃុំមោង ស្រុកមោងឫស្សី ខេត្តបាត់ដំបង អនុវត្តតាមយោបល់របស់លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង រួមនឹងយោបល់លោកវរសេនីយ៍ឯក លឹម ពុទ្ធីឡា ស្នងការរងផែនការងារនគរបាលព្រហ្មទ័ណ្ឌ កម្លាំងនគរបាលស្រុកមោងឫស្សី រួមជាមួយកម្លាំងនគរបាលការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការដ្ឋាន រួមសហការជាមួយកម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌនៃអគ្គស្នងការដ្ឋាននគរបាកជាតិដឹកនាំដោយលោកវរសេនីយ៍ឯកខេង ម៉េង ឈាងបានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន ០១ នាក់ឈ្មោះ នេត ផៃមុនី ភេទប្រុស អាយុ៤២ឆ្នាំ មានទីលំនៅភូមិព្រែកទ្រាំង សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ រាជធានីភ្នំពេញ រួមនិងម៉ូតូ១គ្រឿង ម៉ាកហុងដាឃ្លិច ពណ៌ខ្មៅលាយក្រហម សេរីឆ្នាំ២០១៩ ស្លាកលេខ កណ្តាល 1AB-4235 ដែលជនសង័្សយរូបនេះមានសកម្មភាពពាក់ព័ន្ធករណីលួចមានស្ថានទម្ងន់ទោស (ប្លន់ទ្រព្យសម្បត្តិ)ក្នុងលំនៅដ្ឋានរបស់ អ្នកលក់ឡេ អ៊ានសៀវម៉ី កាលពីថ្ងៃ១៩ខែធ្នូ ឆ្នាំ២០២១ នោលសង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ហើយរត់គេចខ្លួនពីការតាមប្រម៉ាញ់របស់សមត្ថកិច្ចនៅទីនោះ មកដល់ទឹកដីខេត្តបាត់ដំបង។
តាមប្រភពពីសមត្ថកិច្ចដែលអនុវត្តការងារនេះបានឱ្យដឹងថា មុខសញ្ញាឈ្មោះនេត ផៃមុនី រូបនេះហើយ គឺជាអ្នកស្លៀកពាក់ឯកសណ្ឋានបន្លំជាសមត្ថកិច្ចមានកាន់ក្រដាស់ដីកាក្លែងក្លាយផងចូលធ្វើសកម្មភាពនៅថ្ងៃកើតហេតុនោះ ក្រោមកិច្ចបញ្ជាដឹកនាំផ្ទាល់ពីឈ្មោះ សុខសុវណ្ណវឌ្ឍនាសាប៊ុង ហៅ វីល្លៀមគ័ង William Guang។
នៅក្រោយពេលឃាត់ខ្លួនជនសង្ស័យត្រូវបានប្រគល់ជូនទៅកម្លាំងនាយដ្ឋានព្រហ្មទណ្ឌ នៅថ្ងៃខែឆ្នាំដដែល វេលាម៉ោង ១៣ និង ៣០ នាទី ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕