បង្ក្រាបល្បែងខ្នាតធំ ប្រភេទ កាស៊ីណូ លើកទី២ ក្នុងខណ្ឌកំបូល!

ក្រុមការងារព័ត៌មាន និងប្រតិកម្មហ័ស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បញ្ជាក់ថា បន្ទាប់ពីបានឃើញសារព័ត៌មានមួយចំនួនបានចុះផ្សាយ កាលពីថ្ងៃទី២៤ ខែមករា ឆ្នាំ២០២២ ថាមាន កាស៊ីណូ បើកយ៉ាងពេញបន្ទុកនៅខណ្ឌកំបូល ខណ្ឌពោធិ៍សែនជ័យ ខណ្ឌចំការមន មានមេៗ សមត្ថកិច្ចនៅក្រោយខ្នង នៅថ្ងៃទី២៨ ខែមករា ឆ្នាំ២០២២ វេលាម៉ោង១០ និង ៣០នាទី ដោយមានការសម្របសម្រួលពីលោក សំម ឬទី្ធវាសនា ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ និងលោក ឃឹម ស៊ុនសូដា អភិបាល នៃគណអភិបាលខណ្ឌកំបូល បានដឹកនាំកម្លាំងគណៈបញ្ជាការឯកភាពខណ្ឌ ចុះពិនិត្យទីតាំងជាក់ស្តែងនៅផ្ទះលេខ១៥៦ ផ្លូវលេខ៣ បុរីពិភពថ្មីកំបូល១ ស្ថិតនៅភូមិត្រពាំងគល់ សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ ដែលកំពុងបើកល្បែងស៊ីសងខុសច្បាប់។

ក្រុមការងារបានពិនិត្យជាក់ស្ដែងឃើញថា មានតុល្បែងបាការ៉ាត់ចំនួន០២ និងមានអ្នកលេងល្បែងជាក់ស្ដែងចំនួន០៤នាក់ (ជនជាតិចិន) និងមានកាក់ល្បែងមួយចំនួន បៀរចំនួន០២កេះ និងប្រាក់សរុបចំនួន ១,១៤០ដុល្លា (ដប់មួយរយសែសិបដុល្លារ) និង ៦០,០០០រៀល (ហុកសិនពាន់រៀល) និងមានបុគ្គលិកបម្រើការងារ ចំនួន០៥នាក់ (ស្រី០៤នាក់ និងប្រុស០១នាក់) និងម្ចាស់ទីតាំង ស្រី០១នាក់។ ជាលទ្ធផល ក្រុមការងារសម្រេចដកហូតវត្ថុតាង និងសម្រេចបិទទីតាំងបណ្ដោះអាសន្ន ចំណែកមនុស្សចំនួន១០នាក់ ត្រូវបានបញ្ជូនទៅបន្តទៅសួរនាំ ដើម្បីកសាងសំណុំរឿងទៅតាមនីតិវិធីច្បាប់។

នៅថ្ងៃទី៦ ខែមេសា ឆ្នាំ២០២២ វេលាម៉ោង៨:២០នាទី លោកវរសេនីយ៍ទោ ឈឹម សាវុទ្ឋ អធិការរង ទទួលផែនការងារព្រហ្មទណ្ឌ និងលោកអនុសេនីយ៍ឯក អង សុខុម នាយរងប៉ុស្តិ៍នគរបាលរដ្ឋបាលកន្ទោក បានដឹកនាំកម្លាំងចុះទៅពិនិត្យទីតាំងខាងលើម្តងទៀត ប៉ុន្តែពុំឃើញមានការបើកលេងល្បែងស៊ីសង និងសម្ភារៈពាក់ព័ន្ឋសម្រាប់ការលេងល្បែង ដូចសារព័ត៌មានមួយចំនួនចុះផ្សាយនោះទេ៕

អត្ថបទដែលជាប់ទាក់ទង
Open

Close