ប្រធានាធិបតីបារាំងកោតសរសើរកម្ពុជាក្នុងកិច្ចខិតខំប្រឹងប្រែងប្រយុទ្ធប្រឆាំងនឹងការប្រែប្រួលអាកាសធាតុ

ភ្នំពេញ៖ លោកប្រធានាធិបតីបារាំង Emmanuel Macron បានកោតសរសើរកម្ពុជា ចំពោះការប្តេជ្ញាចិត្ត ក្នុងការប្រយុទ្ធប្រឆាំងនឹងការប្រែប្រួលអាកាសធាតុ ដោយបានចាត់ទុកកម្ពុជាជាប្រទេសគំរូដ៏គួរឱ្យកត់សម្គាល់ក្នុងគ្រប់គ្រងការអភិវឌ្ឍរបស់ខ្លួនយ៉ាងលឿន ដោយគិតគូរពីគោលនយោបាយថាមពលដ៏ល្អអស្ចារ្យ។ លោកប្រធានាធិបតីបារាំង បានលើកឡើងបែបននេះ ក្នុងសន្និសីទព័ត៌មានរួមគ្នា ជាមួយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា នាថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២២ នៅវិមានអេលីហ្សេ នាទីក្រុងបារីស ប្រទេសបារាំង។

លោក Emmanuel Macron បានបញ្ជាក់ថា៖«ខ្ញុំនឹងមានចន្លោះប្រហោង ប្រសិនបើខ្ញុំមិនបានស្វាគមន៍ចំពោះមហិច្ឆិតារបស់កម្ពុជាស្តីពីការប្រែប្រួលអាកាសធាតុ ដែលមានបំណងក្លាយជាប្រទេស ដែលបានដាក់ចេញនូវយុទ្ធសាស្រ្តអព្យាក្រឹតកាបូននៅឆ្នាំ២០៥០»។ លោកប្រធានាធិបតីបារាំង បានចាត់ទុកថា នេះជាគំរូដ៏គួរឱ្យកត់សម្គាល់របស់ប្រទេសមួយ ក្នុងគ្រប់គ្រងការអភិវឌ្ឍដ៏លឿន ដោយគិតគូរពីគោលនយោបាយថាមពលដ៏ល្អអស្ចារ្យ។

សូមបញ្ជាក់ថា ប្រទេសកម្ពុជា បានបង្ហាញពីការប្តេជ្ញាចិត្ត និងតម្រូវការសម្រាប់ទសវត្សរ៍បន្ទាប់ ដើម្បីធ្វើឱ្យសម្រេចបាននូវចក្ខុវិស័យនៃសង្គមមួយដែលមានការបញ្ចេញកាបូនតិច មានភាពធន់ទៅនឹងការប្រែប្រួលអាកាសធាតុ និងការអភិវឌ្ឍប្រកបដោយចីរភាព។ ក្រសួងបរិស្ថាន បានប្រកាសដាក់ឱ្យប្រើប្រាស់ យុទ្ធសាស្រ្តអភិវឌ្ឍន៍រយៈពេលវែង ប្រកបដោយអព្យាក្រឹតកាបូន កាលពីចុងឆ្នាំ២០២១។ ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានថ្លែងថាកម្ពុជាជាប្រទេសអភិវឌ្ឍន៍តិចតួចទី២ ក្នុងពិភពលោក និង ជាប្រទេសទី២ ក្នុងតំបន់អាស៊ាន ដែលបានដាក់ចេញយុទ្ធសាស្រ្ត នេះជាមួយនឹងគោលដៅឆ្នាំ ២០៥០ សម្រាប់ការបញ្ចេញឧស្ម័នស្មើសូន្យ។

ជាមួយគ្នានេះ ការរៀបចំយុទ្ធសាស្រ្តអភិវឌ្ឍន៍រយៈពេលវែងប្រកបដោយអព្យាក្រឹតកាបូន (LTS4CN) នេះ គឺជាសក្ខីភាពបញ្ជាក់នូវការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជា ចំពោះកិច្ចព្រមព្រៀងទីក្រុងប៉ារីស ស្តីពី ការប្រែប្រួលអាកាសធាតុ និងបង្ហាញនូវសេណារីយ៉ូគោលនយោបាយ ដើម្បីធ្វើឱ្យសម្រេចបាននូវចក្ខុវិស័យ នៃសង្គមមួយប្រកបដោយអព្យាក្រឹតកាបូន និងមានភាពធន់ក្នុងរយៈពេល ៣០ឆ្នាំខាងមុខ។ វិស័យចំនួន ៧ រួមមាន (១)វិស័យព្រៃឈើនិងការប្រើប្រាស់ដី (២)វិស័យដឹកជញ្ជូន (៣) វិស័យថាមពល (៤) កាត់បន្ថយការដុតសំណល់ (៥) វិស័យកសិកម្ម(៦) ឧស្សាហកម្មនិងការប្រើប្រាស់ផលុតផល៕

អត្ថបទដែលជាប់ទាក់ទង
Open

Close