អបអរសាទរ ខេត្តឧត្ដរមានជ័យ ជាខេត្តទី៧ ដែលបានបិទបញ្ចប់ការវាស់វែងក្បាលដី ចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ

ខេត្តឧត្ដរមានជ័យ ៖ នៅថ្ងៃទី ១៩ ខែឧសភា ឆ្នាំ២០២៥ លោកឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ថ្លែងអំណរគុណដល់ រដ្ឋបាលខេត្តឧត្តរមានជ័យ មន្ត្រីរាជការ កងកម្លាំងជុំវិញខេត្ត អាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋទាំងអស់ដែលបានចូលរួមសម្រចយុទ្ធនាការចុះបញ្ជីដីធ្លីបង្ហើយ រហូតឈានមកទទួលបានវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុនៅថ្ងៃនេះ។ ការចុះបញ្ជីដីបង្ហើយ គឺដើម្បីធានាបាននូវសុវត្ថិភាពផ្លូវច្បាប់ក្នុងការកាន់កាប់អចលនទ្រព្យ បង្កើតនិងបង្កើនបរិយាកាសគ្មានវិវាទ ផ្តល់សេវាគាប់ចិត្តជូនប្រជាជន និងថែមទាំងរួមចំណែកបង្កើនចំណូលថវិកាជាតិផងដែរ។
លោកឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ មានប្រសាសន៍ថាកិច្ចការបន្ទាប់ សូមអាជ្ញាធរមូលដ្ឋាន និងមន្ទីរពាក់ព័ន្ធ គិតគូរលើការរៀបចំក្រុង និងពិនិត្យឈ្មោះ និងលេខកូដភូមិសាស្ត្រ ដើម្បីក្រសួងអាចរៀបចំអាសយដ្ឋាន និងព្រំប្រទល់ភូមិ ឃុំ ខេត្ត ទូទាំងប្រទេសឡើងវិញ។ ជាមួយគ្នានេះ ឯកឧត្តមក៏បានផ្តាំផ្ញើបងប្អូនទាំងអស់ សូមថែរក្សានិងប្រើប្រាស់បណ្ណដែលទទួលបាននាពេលនេះឱ្យបានត្រឹមត្រូវ ដែលជាទ្រព្យសម្បត្តិធ្វើឱ្យបងប្អូនរីកចម្រើនក្នុងជីវិត និងបន្សល់ជាមរតកបន្តជំនាន់។
ក្នុងឱកាសដ៏វិសេសវិសាលនេះ ឯកឧត្ដមកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្រ្តីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តឧត្តរមានជ័យ បានអញ្ជើញចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន ៩៨០៣ បណ្ណ ជូនបងប្អូនប្រជាពលរដ្ឋក្នុងស្រុកចំនួន ៣ នៃខេត្តឧត្ដរមានជ័យ រួមមានក្រុងសំរោង ស្រុកអន្លង់វែង និងស្រុកចុងកាល់។
អត្ថបទដែលជាប់ទាក់ទង
Open

Close