រដ្ឋមន្ត្រីថ្មី វ័យក្មេង ៖ ការផលិត ទឹកកក ដើម្បីធានាគុណភាពផលិតផល ឱ្យមានលក្ខណៈស្ដង់ដា គឺត្រូវរក្សាអនាម័យ និងវេចខ្ចប់ឱ្យត្រឹមត្រូវ!

ភ្នំពេញ៖ លោក ហែម វណ្ណឌី រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ បានមានប្រសាសន៍ថា ការផលិត ទឹកកក ដើម្បីធានាគុណភាពផលិតផល ឱ្យមានលក្ខណៈស្ដង់ដា គឺត្រូវរក្សាអនាម័យ និងវេចខ្ចប់ឱ្យត្រឹមត្រូវ ជាពិសេស ការប្រើប្រាស់ទឹកត្រូវស្អាត តាមការណែនាំរបស់ក្រសួងដែលបានកំណត់។

ការបញ្ជារបស់លោក ហែម វណ្ណឌី រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍នេះធ្វើលើកឡើងនៅក្នុងវេទិកាពិភាក្សា លើប្រធានបទអាទិភាពការងាររបស់ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ រសៀលថ្ងៃទី២៦ ខែមករា ដែលមានការរៀបចំសហការជាមួយក្លិបអ្នកកាសែតកម្ពុជា ដែលមានលោក ពុយ គា ជាប្រធានក្លិបអ្នកកាសែតកម្ពុជា ។

លោក បានបញ្ជាក់ថា ការរក្សាអនាម័យ និងវេចខ្ចប់ឱ្យបានត្រឹមត្រូវនេះ ដើម្បីធ្វើយ៉ាងណាកុំឱ្យប៉ះពាល់ដល់សុខភាពរបស់ប្រជាពលរដ្ឋដែលទទួលទាន ហើយឈានទៅបាត់បង់នូវទំនុកចិត្ដ ក៏ដូចជាបរិយាកាសវិនិយោគផងដែរ។ លោកបន្ថែមថា ការធានាគុណភាពការផលិតផលទឹកកកឱ្យមានលក្ខណៈស្ដង់ដា គឺដើម្បីអាចប្រកួតប្រជែង និងដណ្ដើមបានទីផ្សាររបស់ខ្លួនឱ្យបានកាន់តែជោគជ័យផងដែរ។

ទន្ទឹមនឹងនេះ លោករដ្ឋមន្រ្ដីក៏បានព្រមានចាត់វិធានការផ្លូវច្បាប់ចំពោះក្រុមហ៊ុនសហគ្រាសណា ដែលផលិតទឹកកកគ្មានអនាម័យ វេចខ្ចប់ និងផលិតទឹកកខ្វក់នឹងប្រឈមមុខច្បាប់ជាធរមាន និងឈានទៅបិទអាជ្ញាប័ណ្ណតែម្ដង។

សូមបញ្ជាក់ថា កន្លងមកមានប្រជាពលរដ្ឋ បានធ្វើការរិះគន់ចំពោះក្រុមហ៊ុនសហគ្រាសផលិតទឹកកកខ្វះអនាម័យ និងធ្វើឱ្យទឹកកកឆាប់កក ដែលបង្កឱ្យប្រជាពលរដ្ឋបរិភោគមានជំងឺ រលាកបំពង់ក ជាដើម៕

អត្ថបទដែលជាប់ទាក់ទង
Open

Close