លិខិត រយលានអត្ថន័យ បញ្ជាក់ស្មារតីមហាសាមគ្គីជាតិខ្មែរដ៏រឹងមាំ!

ភ្នំពេញ៖ នៅថ្ងៃទី១៥ មិថុនា ឆ្នាំ២០២៥ នេះ រាជរដ្ឋាភិបាលកម្ពុជាបានដាក់លិខិតផ្លូវការទៅកាន់តុលាការយុត្តិធម៌អន្តរជាតិ(ICJ)ហើយដើម្បីស្នើសុំឱ្យតុលាការនេះជួយរកដំណោះស្រាយពាក់ព័ន្ធនឹងវិវាទព្រំដែននៅតំបន់ប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច ប្រាសាទតាក្របី និងតំបន់មុំបី។ លិខិតនេះមានបង្កប់រយលានអត្ថន័យក្រោមស្មារតីមហាសាមគ្គីជាតិខ្មែរដ៏រឹងមាំដើម្បីការពារបូរណភាពទឹកដី។

ទី១៖ ជានិច្ចកាលកម្ពុជាតែងឈរខាងសន្តិភាពនិងគោរពច្បាប់អន្តរជាតិ ពោលគឺបញ្ហាធំប៉ុណ្ណាក៏ដោយក៏កម្ពុជាចង់ដោះស្រាយដោយសន្តិវិធីនិងខិតខំឱ្យអស់លទ្ធភាព។ ជាក់ស្តែង បន្ទាប់ពីការចរចាទ្វេភាគីអស់ជាច្រើនទសវត្សរ៍ ហើយបានជាប់គាំងទៅមុខលែងរួច កម្ពុជាមិនជ្រើសរើសយកការប្រយុទ្ធគ្នាដោយអាវុធទេ តែបានសម្រេចបញ្ជូនវិវាទទាំង៤នេះទៅដោះស្រាយនៅឯតុលាការយុត្តិធម៌អន្តរជាតិដោយសន្តិវិធី។

ទី២៖ រាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីបន្តវេន ពិតជាមានឆន្ទៈមោះមុត និងប្តូរផ្តាច់ឥតប្រែប្រួលក្នុងការការពារបូរណភាពទឹកដីមិនឱ្យបាត់បង់សូម្បីមួយមីល្លីម៉ែត្រឡើយ ហើយប្រឆាំងដាច់ខាតចំពោះការឈ្លានពាន។

ទី៣៖ លិខិតទៅកាន់តុលាការ ICJ នៅថ្ងៃនេះក៏បានឆ្លុះបញ្ចាំងពីមហាសាមគ្គីជាតិខ្មែរដ៏រឹងមាំនៅជាមួយរាជរដ្ឋាភិបាលនិងកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទពីព្រោះនេះគឺជាឆន្ទៈដ៏មុតស្រួចរបស់រាជរដ្ឋាភិបាលដោយមានការគាំទ្រជាឯកច្ឆន្ទពីរដ្ឋសភានិងព្រឹទ្ធសភា ក៏ដូចជាពីសំណាក់ប្រជាពលរដ្ឋខ្មែរទាំងក្នុងនិងក្រៅប្រទេស។ អាចនិយាយបានថា លិខិតនេះតំណាងឱ្យសំឡេងតែមួយរបស់ប្រជាជាតិខ្មែរទាំងមូល។ 

ទី៤៖ ថ្ងៃទី១៥ មិថុនា ឆ្នាំ២០២៥ នេះ គឺជាខួបទី ៦៣ឆ្នាំ ដែលតុលាការយុត្តិធម៌អន្តរជាតិ ICJ សម្រេចឱ្យកម្ពុជាឈ្នះក្តីថៃក្នុងវិវាទប្រាសាទព្រះវិហារ។ ដូច្នេះ ការដាក់លិខិតស្នើសុំឱ្យតុលាការយុត្តិធម៌អន្តរជាតិដោះស្រាយវិវាទតំបន់មុំបី ប្រាសាទតាមាន់តូច ប្រាសាទតាមាន់ធំ និងប្រាសាទតាក្របី ចំថ្ងៃ១៥ មិថុនា គឺជានិមិត្តរូបនៃជោគជ័យជាប្រវត្តិសាស្ត្ររបស់កម្ពុជាក្នុងបេសកកម្មការពារបូរណភាពទឹកដី។ 

ទី៥៖ ព្រឹត្តិការណ៍នេះទៀតសោតក៏សបញ្ជាក់ថា រាជរដ្ឋាភិបាលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា គឺជាអ្នកធានាការពារបូរណភាពទឹកដីមិនឱ្យបាត់បង់ ការពារសេចក្តីថ្លៃថ្នូររបស់ពលរដ្ឋខ្មែរចេញពីការប្រមាថមាក់ងាយរបស់បរទេស ជាអ្នកលើកស្ទួយកិត្យានុភាពជាតិកម្ពុជាឱ្យកាន់តែខ្ពស់ត្រដែតឡើងក្រោមការគាំទ្រដ៏រឹងមាំពីប្រជាពលរដ្ឋខ្មែរ និងជាអ្នកសាងប្រវត្តិសាស្ត្រថ្មីសម័យទំនើបសម្រាប់កម្ពុជាក្នុងសករាជតេជោ-ធិបតី នាសតវត្សទី២១នេះ៕

អត្ថបទដែលជាប់ទាក់ទង
Open

Close