បិទការប្រកួត កីឡា ទូកក្តោង ជ្រើសរើស ជើងឯកថ្នាក់ជាតិឆ្នាំ២០២៣

រាជធានីភ្នំពេញ៖ សហព័ន្ធកីឡាទូកក្តោងកម្ពុជា នៅព្រឹកថ្ងៃទី២៩ ខែមករា ឆ្នាំ២០១៤ បានរៀបចំពិធីបិទបញ្ចប់ការប្រកួតកីឡាទូកក្តោងជ្រើសរើសជើងឯកថ្នាក់ជាតិ ឆ្នាំ២០២៣ ខណដែលពិធីនោះស្ថិតក្រោមវត្តមាន លោក ថោង រដ្ឋសក្តិ រដ្ឋលេខាធិការក្រសួងទេសចរណ៍ និងជាអនុប្រធានអចិន្ត្រៃយ៍នៃសហព័ន្ធកីឡាទូកក្តោងកម្ពុជា និង លោក គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ និងមាន មានការចូលរួមពីសំណាក់ លោក គឹម សាវុធ មេបញ្ជាការរងនៃបញ្ជាការដ្ឋានមូលដ្ឋានសមុទ្រ, លោក ម៉ៃ សីហា តំណាងមន្ទីរអប់រំ យុវជន និងកីឡា, លោក សោម សុទ្ធរិទ្ធិពង្ស អគ្គលេខាធិការនៃសហព័ន្ធកីឡាទូកក្តោងកម្ពុជា និង លោក សេង លីម៉ា នៅមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡាទូកក្តោង ស្ថិតនៅក្នុងស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

សូមជម្រាបថា សម្រាប់ការប្រកួតកីឡាទូកក្តោងជ្រើសរើសជើងឯកថ្នាក់ជាតិឆ្នាំ២០២៣នេះ គណៈកម្មការរៀបចំការប្រកួតបានរៀបចំវិញ្ញាសាចំនួន ៥ ដោយមានកីឡាករ កីឡាការិនី ចូលរួមសរុបចំនួន ៣០រូប ដែលរួមមាន៖
១. វិញ្ញាសា Windsurfing  Open ដែលមានកីឡាករ ១៣ រូប ចូលរួមប្រកួត
២. វិញ្ញាសា WindFoil IQ:Foil Open ដែលមានកីឡាករ  ៤ រូប ចូលរួមប្រកួត
៣. វិញ្ញាសា ILCA Boat ដែលមានកីឡាករ កីឡាការិនី ៦ រូប ចូលរួមប្រកួត
៤. វិញ្ញាសា Byte Boat ដែលមានកីឡាករ ២ រូប ចូលរួមប្រកួត
៥. វិញ្ញាសា Optimist Boat ដែលមានកីឡាករ កីឡាការិនី ៥ រូប ចូលរួមប្រកួត។

ក្រោយពីឆ្លងកាត់ការប្រកួតដោយស្មារតីយកចិត្តទុកដាក់ ខិតខំប្រឹងប្រែងអស់ពីសមត្ថភាព បច្ចេកទេសឈរលើស្មារតីសាមគីភាពព្រមទាំងអនុវត្តបានតាមគោលការណ៍ដោយយុត្តិធម៌ ( Fair Play ) ជាលទ្ធផលនៃការប្រកួតកីឡាទូកក្តោងជ្រើសរើសជើងឯកថ្នាក់ជាតិឆ្នាំ២០២៣ ដែលមានរយៈពេល ២ថ្ងៃ ដែលចាប់តាំងពីថ្ងៃទី២៧ ដល់ថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៤ លើប្រភេទវិញ្ញាសា ចំនួន ០៥ប្រភេទ គឺ ៖
១. វិញ្ញាសា Windsurfing Open
– ចំណាត់ថ្នាក់លេខ ១ គឺបានទៅលើកីឡាករ ម៉ែន ចាន់ណារ៉ុង
– ចំណាត់ថ្នាក់លេខ ២ គឺបានទៅលើកីឡាករ ម៉ុញ ផាន់ណៈ
– ចំណាត់ថ្នាក់លេខ ៣ គឺបានទៅលើកីឡាករ គង់ សំរេច
២. វិញ្ញាសា WindFoil IQ:Foil Open
– ចំណាត់ថ្នាក់លេខ ១ គឺបានទៅលើកីឡាករ កែវ ភានុន
– ចំណាត់ថ្នាក់លេខ ២ គឺបានទៅលើកីឡាករ កែវ ភារុណ
– ចំណាត់ថ្នាក់លេខ ៣ គឺបានទៅលើកីឡាករ សែម ប្រុសពៅ
៣. វិញ្ញាសា ILCA Open
– ចំណាត់ថ្នាក់លេខ ១ គឺបានទៅលើកីឡាករ ញ៉ូវ ចាន់
– ចំណាត់ថ្នាក់លេខ ២ គឺបានទៅលើកីឡាករ ឡុច ដារ៉ុង
– ចំណាត់ថ្នាក់លេខ ៣ គឺបានទៅលើកីឡាការិនី ចាន់ សុខវាសនា
៤. វិញ្ញាសា Byte Boat Open
– ចំណាត់ថ្នាក់លេខ ១ គឺបានទៅលើកីឡាករ ញិប ផាន់ណា
– ចំណាត់ថ្នាក់លេខ ២ គឺបានទៅលើកីឡាករ ថា ប៊ុនថេង
៥. វិញ្ញាសា Optimist  Open
– ចំណាត់ថ្នាក់លេខ ១ គឺបានទៅលើកីឡាករ បូ សំអុី
– ចំណាត់ថ្នាក់លេខ ២ គឺបានទៅលើកីឡាករ ទិត សុវណ្ណា
– ចំណាត់ថ្នាក់លេខ ៣ គឺបានទៅលើកីឡាករ ធឿន ដាវីត

ឆ្លៀតក្នុងឱកាសនោះ លោក ថោង រដ្ឋសក្តិ អនុប្រធានអចិន្ត្រៃយ៍នៃសហព័ន្ធ បានសម្តែងការអបអរសាទរដល់ក្រុមកីឡាករ កីឡាការិនី ដែលបានទទួលជ័យលាភី ពីការប្រកួតកីឡាទូកក្តោងជ្រើសរើសជើងឯកថ្នាក់ជាតិឆ្នាំ២០២៣។ ទន្ទឹមនោះលោកក៏បានលើកទឹកចិត្តសម្រាប់អ្នកដែលមិនទទួលបានជ័យលាភី នៅក្នុងថ្ងៃនេះគឺកុំអស់សង្ឃឹម ហើយត្រូវខិតខំប្រឹងប្រែងបន្ថែមទៀត ដើម្បីទទួលបានជ័យលាភីនៅការប្រកួតនាពេលខាងមុខទៀត។
ប៉ុន្តែសម្រាប់អ្នកដែលទទួលបានជ័យលាភីនៅក្នុងថ្ងៃនេះ ត្រូវចងចាំថាជើងឯកដ៏អស្ចារ្យម្នាក់ ត្រូវរក្សាគុណផលកីឡារបស់ខ្លួន ប្រកបដោយវិន័យ និងការស្មោះត្រង់ចំពោះជំនាញ និងទេពកោសល្យ ។
លោកអនុប្រធានក៏បានផ្តល់អនុសាសន៍ ណែនាំ និងផ្តាំផ្ញើដល់ក្រុមកីឡាករ កីឡាការិនីទាំងអស់ត្រូវប្រកាន់ប្រកាន់ខ្ជាប់នូវប្រពៃណី របស់កីឡាទូកក្តោងដែលរួមមាន៖
១. ត្រូវជឿជាក់លើខ្លួនឯង ដែលមានសមត្ថភាពពិតប្រាកដ
២. ត្រូវថែរក្សាបរិស្ថាននៅលើទីលានប្រកួត ទាំងនៅលើគោក និងនៅលើផ្ទៃទឹក
៣. ត្រូវគោរពវិន័យ និងខិតខំតស៊ូក្នុងការហ្វឹកហាត់
៤. ភាពជោគជ័យគឺមិនអាចកើតចេញមកពីម្នាក់ឯងនោះទេ។

លោកបានបញ្ជាក់ថា ការប្រកួតនេះគឺជាការប្រកួតដ៏មានសារៈសំខាន់មួយ សម្រាប់ការបន្តកសាងសមត្ថភាព គុណភាព ទេពកោសល្យ និងវិជ្ជាជីវៈរបស់កីឡាករ កីឡាការិនី ជាពិសេសគឺជាការវាស់ស្ទង់សមត្ថភាពរបស់មន្រ្តីបច្ចេកទេស និងចៅក្រមរបស់សហព័ន្ធ ក្រោមការជួយគាំទ្ររបស់ក្រសួងអប់រំ យុវជន និងកីឡា ដើម្បីជំរុញ និងអភិវឌ្ឍន៍វស័យកីឡាទូកក្តោងនៅកម្ពុជា ក្នុងការត្រៀមខ្លួនជាស្រេចសម្រាប់ការប្រកួតកីឡាទូកក្តោងជាលក្ខណៈអន្តរជាតិ ជាពិសេសឆ្ពោះទៅកាន់ការប្រកួតកីឡាអូឡាំពិកយុវជនអាស៊ីលើកទី៤ ឆ្នាំ២០២៤ ដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះនាពេលខាងមុខ ៕

អត្ថបទដែលជាប់ទាក់ទង
Open

Close