អាជ្ញាធរ ទទួលស្គាល់ថា ទីតាំងដែលអ្នកសារព័ត៌មានបានធ្វើការផ្សព្វផ្សាយករណីមានលួចលាក់លេងល្បែជល់មាន់ ខាងលើនេះ ពិតជាមានការលួចលាក់លេងមែន

រដ្ឋបាលស្រុកល្វាឯម មានកិត្តិយសសូមគោរពជម្រាបជូនដល់សាធារណជន និងប្រជាពលរដ្ឋទាំងអស់មេត្តា ជ្រាបថា៖ មានការផ្សព្វផ្សាយ និងចែករំលែកព័ត៌មានក្នុងបណ្តាញសង្គម “ហ្វេសប៊ុក” នូវវីដេអូ អំពីការលួចលាក់លេង ល្បែងជល់មាន់ និងការប្រើអំពើហិង្សាលើគ្នាទៅវិញទៅមករវាងអ្នកសារព័ត៌មាន ជាមួយអ្នកលួចលាក់លេងល្បែងជល់មាន់ កើតហេតុនៅចំណុចចំការស្វាយ ក្នុងភូមិផ្លូវត្រី ឃុំថ្មគរ ស្រុកល្វាឯម វេលាម៉ោង១២ និង១០នាទីរសៀល នៅថ្ងៃអាទិត្យ ទី០៥ ខែឧសភា ឆ្នាំ២០២៤។ បន្ទាប់ពីទទួលដំណឹងរួចមក រដ្ឋបាលស្រុក បានសហការជាមួយកម្លាំងជំនាញនៃស្នង ការដ្ឋាននគរបាលខេត្តកណ្តាល និងកម្លាំងជំនាញនៃអធិការរដ្ឋាននគរបាលស្រុកល្វាឯម ព្រមទាំងមន្ត្រីនៃមន្ទីរព័ត៌មាន ខេត្តកណ្តាល បានធ្វើចុះពិនិត្យ និងស្រាវជ្រាវដល់ទីតាំងជាក់ស្តែងរួចមក រដ្ឋបាលស្រុកល្វាឯម សូមធ្វើការបំភ្លឺជូនដល់ សាធារណជនអំពីករណីនេះដូចខាងក្រោម៖

ចំពោះ ទីតាំងដែលអ្នកសារព័ត៌មានបានធ្វើការផ្សព្វផ្សាយករណីមានលួចលាក់លេងល្បែជល់មាន់ ខាងលើនេះ ពិតជាមានការលួចលាក់លេងមែន។

ករណីប្រើហិង្សាទៅវិញទៅមករវាងអ្នកសារព័ត៌មាន ជាមួយអ្នកលេងល្បែងជល់មាន់ ពិតជាមានដូចក្នុង រូបភាព និងវីដេអូ ដែលបានធ្វើការផ្សព្វផ្សាយ កាលពីថ្ងៃអាទិត្យ ទី០៥ ខែឧសភា ឆ្នាំ២០២៤ នៅក្នុង បណ្តាញសង្គម ហ្វេសប៊ុក ពិតប្រាកដមែន។

ចំពោះទីតាំងលេងល្បែងជល់មាន់ខាងលើនេះ កម្លាំងអធិការដ្ឋាននគរបាលស្រុកល្វាឯម និងកម្លាំងប៉ុស្តិ៍ រដ្ឋបាលឃុំថ្មគរ បានចុះបង្ក្រាបម្តងរួមមកហើយ ក្រោយមកទៀតទើបមានការលួចលាក់លេងដូចមាន ក្នុងវីដេអូបានធ្វើការផ្សព្វផ្សាយតាមបណ្តាញសង្គម។

បច្ចុប្បន្ន ក្រុមការងាររបស់រដ្ឋបាលស្រុកល្វាឯម បានធ្វើការសហការជាមួយស្នងការរងនៃស្នងការដ្ឋាន នគរបាលខេត្តកណ្តាល កម្លាំងអធិការដ្ឋាននគរបាលស្រុកល្វាឯម និងមន្ទីរព័ត៌មានខេត្តកណ្តាល បាន នឹងកំពុងបន្តពិនិត្យ និងស្រាវជ្រាវ ក្នុងការស្វែងរកមុខសញ្ញាពាក់ព័ន្ធបន្ថែមទៀត មកធ្វើការសាកសួរ និង បំភ្លឺជុំវិញករណីដែលបានកើតឡើងខាងលើ ដើម្បីអនុវត្តន៍វិធានការច្បាប់។

អាស្រ័យហេតុនេះ សូមសាធារណជន និងអ្នកសារព័ត៌មាន ពិសេសអ្នកប្រើប្រាស់បណ្តាញទំនាក់ទំនងសង្គម សូមកុំមានការយល់ច្រឡំ និងសូមអំពាវនាវ កុំចូលរួមចែករំលែកព័ត៌មានដែលគ្មានមូលដ្ឋានច្បាស់លាស់។

អត្ថបទដែលជាប់ទាក់ទង
Open

Close