លោក ឌី រ័ត្នខេមរុណ ចុះពិនិត្យការដ្ឋានសាងសង់មួយកន្លែង សាងសង់ប៉ះពាល់ ដល់ផ្ទះអ្នកដទៃ!

ភ្នំពេញ៖  នៅព្រឹកថ្ងៃសុក្រ ៦កើត ខែពិសាខ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៨ ត្រូវនិងថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២៥ ក្រុមការងារត្រួតពិនិត្យសំណង់ រដ្ឋបាលខណ្ឌ៧មករា ដឹកនាំដោយ លោក ឌី រ័ត្នខេមរុណ អភិបាលរងខណ្ឌ៧មករា បានចុះពិនិត្យការដ្ឋានសាងសង់មួយកន្លែង ដែលមានទីតាំងស្ថិតនៅផ្លូវលេខ១៩៨ ភូមិ៦ សង្កាត់បឹងព្រលិត ខណ្ឌ៧មករា ដែលបានសាងសង់ប៉ះពាល់ ដល់ផ្ទះលេខ១៥ និង ១៧ ផ្លូវ១៩៨ ភូមិ៦ សង្កាត់បឹងព្រលិត ខណ្ឌ៧មករា ។

ក្រុមការងារបានពិនិត្យឃើញថា ការដ្ឋានសាងសង់ មួយកន្លែងនេះ បានចាក់បេតុងទប់ដី នៅសល់ប្រហែល ៣០ម៉ែត្រ ទើបរួចរាល់ ការជីកដីដើម្បីសាងសង់ចំណតរថយន្តក្រោមដី បានបណ្ដាលឱ្យប្រេះស្រាំ ដោយបំនែកក្នុងផ្ទះ របស់ លោកស្រី សៀម ហ៊ាង ដែលរស់នៅជិតខាងនោះ ។

ក្រោយពីក្រុមការងារបានពិនិត្យរួចមក នៅពេលដែលក្រុមហ៊ុនសាងសង់ចាក់បេតុងជញ្ជាំងទប់ដីរួចរាល់ ម្ចាស់សំណង់នឹងជួសជុល កែលម្អ ផ្ទះរបស់លោកស្រី សៀម ហ៊ាង វិញនៅថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២៥ ឲ្យដូចសភាពដើមវិញ ។ ក្នុងករណីក្រុមហ៊ុនសាងសង់មិនអនុវត្តតាមខ្លឹមសារខាងលើ ក្រុមហ៊ុននិងទទួលខុសត្រូវចំពោះមុខច្បាប់ជាធរមាន។ ជាចុងក្រោយ ម្ចាស់ផ្ទះលោកស្រី សៀម ហ៊ាង និងក្រុមហ៊ុនសាងសង់ ឯកភាព និង ទទួលយកការដោះស្រាយពីក្រុមការងារដោយក្តីរីករាយបំផុត។

អត្ថបទដែលជាប់ទាក់ទង
Open

Close