នាយករដ្ឋមន្ត្រី ៖ ការអប់រំ សំខាន់បំផុត គឺ “គ្រូ និងសិស្ស” ព្រោះគុណភាពនៃការសិក្សា អាចធ្វើទៅបានអាស្រ័យលើ​សមត្ថភាពស្ទាត់ជំនាញ​ ច្បាស់លាស់របស់គ្រូ និងសិស្ស ដូចនេះដើម្បីអប់រំគ្រូប្រកបដោយគុណ​ភាព គឺត្រូវធ្វើការបង្រៀនគ្រូ ជាកត្តាគន្លឹះ

ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងក្នុងពិធី​​សម្ពោធសមិទ្ធផលកំណែទម្រង់វិទ្យាស្ថានជាតិអប់រំ និងពិធីប្រគល់សញ្ញាបត្រជូនដល់និស្សិត និងគរុ​និស្សិតនៅវិទ្យាស្ថានជាតិអប់រំ នាព្រឹកថ្ងៃពុធ ទី២១ ខែឧសភា ឆ្នាំ២០២៥ ថា ការអប់រំ សំខាន់បំផុត គឺ “គ្រូ និងសិស្ស” ព្រោះគុណភាពនៃការសិក្សា អាចធ្វើទៅបានអាស្រ័យលើ​សមត្ថភាពស្ទាត់ជំនាញ​ ច្បាស់លាស់របស់គ្រូ និងសិស្ស ដូចនេះដើម្បីអប់រំគ្រូប្រកបដោយគុណ​ភាព គឺត្រូវធ្វើការបង្រៀនគ្រូ ជាកត្តាគន្លឹះ។ បន្ថែមពីនេះ យើងសុខចិត្តប្រឈមក្នុងការពង្រីកគ្រូដែលមានគុណភាព ស្ថិតនៅ​កម្រិតល្បឿនយឺត ប្រសើរជាងពង្រីកគ្រូច្រើន តែមិនមានគុណភាព និងគុណវុឌ្ឍច្បាស់លាស់។ ដូចនេះ យើងឈរលើលើភាពបត់បែន តែត្រូវឈរលើគុណភាព និងនិយាមការច្បាស់​លាស់ក្នុងការ​ជ្រើសរើសគ្រូ និងបំពេញបន្ថែមឱ្យស្របទៅតាមតម្រូវការជាក់ស្តែង។

ភ្ជាប់នឹងគុណភាពនៃការបណ្តុះបណ្តាលគ្រូខាងលើ, សម្តេចបវរធិបតីនាយករដ្ឋមន្ត្រី បានលើកទឹកចិត្ត និងជំរុញការអានរបស់យុវជន តាម​រយៈការបង្កើតយុទ្ធនាការ និង​ទិវាជាតិអំណាន ដែលក្រសួងអប់រំ យុវជន និងកីឡា បានរៀបចំ និងធ្វើ​ជាបន្តបន្ទាប់នាពេលកន្លងមក​ ដែលការណ៍នេះនឹងបង្កើននូវទម្លាប់នៃការសិក្សា ហើយនឹងជួយឱ្យមានបំណិនលើការត្រិះរិះ និង​ថ្លឹង​ថ្លែង ដោយ​ចំណេះដឹងពិតប្រាកដ។ ក្នុងន័យនេះ សម្តេចបវរធិបតី ក៏បានជំរុញឱ្យមានការចងក្រងស្នាដៃ និង​និក្ខេប​បទបញ្ចប់ការសិក្សា ការសិក្សាស្រាវជ្រាវ និងប្រវត្តិសាស្ត្រផ្សេងៗ ដើម្បីដាក់ក្នុងបណ្ណាល័យ សម្រាប់សិស្ស និស្សិតជំនាន់ក្រោយបានបន្តសិក្សា ស្រាវជ្រាវ និងដកស្រង់បទពិសោធន៍ ហើយ​អភិវឌ្ឍខ្លួនឱ្យកាន់តែល្អប្រសើរស្របតាមបរិការថ្មីៗផងដែរ។

បន្ថែមពីនេះ, សម្តេចបវរធិបតីនាយករដ្ឋមន្ត្រី បានដាក់ការរំពឹងទុក និងសង្ឃឹមថាកូនខ្មែរ នឹងខិត​ខំ​រៀបចំការសិក្សាស្រាវជ្រាវ និង​ចងក្រងស្នាដៃ​ និង​របកគំហេីញនានា​ ពិសេសប្រវត្តិសាស្ត្រខ្មែរ ដែលចេញពីកូនខ្មែរឱ្យបានច្រេីន​ ដើម្បីតម្កល់ទុកក្នុងប្រទេស​ និងផ្សព្វផ្សាយ ព្រមទាំង​បណ្តុះបណ្តាលដល់កូនខ្មែរជំនាន់ក្រោយៗ។ ព្រមជាមួយគ្នានេះ សម្តេចបវរធិបតី ក៏បានជំរុញឱ្យគ្រប់ក្រសួង/ស្ថាប័នជំនាញទាំងអស់ ខិតខំចង​ក្រង និងថែរក្សាឯកសារ ដើម្បីបន្សល់ទុកសម្រាប់មន្ត្រីជំនាន់ក្រោយៗបានសិក្សាស្វែងយល់ ក៏ដូច​ជាយកទៅបំពេញការងារឱ្យកាន់តែប្រទាក់ក្រឡា​ និងកាន់តែល្អប្រសើរ ដេីម្បីរក្សាបាននូវនិរន្តភាពនៃបទដ្ឋានការងារ។

មុននឹងបញ្ចប់, សម្តេចបវរធិបតីនាយករដ្ឋមន្ត្រី បានផ្តល់អនុសាសន៍មួយចំនួនដើម្បី​បន្ត​រួម ចំណែក​ដល់ការលើកកម្ពស់គុណភាព និងសមត្ថភាពរបស់វិស័យអប់រំនៅកម្ពុជា ដល់​ក្រសួង​អប់រំ យុវជន និងកីឡា៖ ១/ ត្រូវបន្តកែទម្រង់គ្រឹះស្ថានបណ្តុះបណ្តាលគ្រូ ដោយត្រូវបង្កើន​គុណវុឌ្ឍិ​គ្រូបង្រៀន​ចេញថ្មី និងធ្វើវិក្រឹតការគ្រូបង្រៀនដែលបានចេញបង្រៀនរួចហើយ ដើម្បីអាចឆ្លើយតបបានកាន់តែ​ប្រសើរទៅនឹងតម្រូវការនៃការអប់រំ ក្នុងសតវត្សរ៍ទី ២១ និង ការរីកចម្រើនផ្នែកបច្ចេកវិទ្យាឌីជីថល រួមទាំងបញ្ញាសិប្បនិម្មិត (AI) និង ដើម្បីបំពេញតាម «ស្តង់ដាវិជ្ជាជីវៈគ្រូបង្រៀន» និង «ស្តង់ដា​សាលា​គរុកោសល្យគំរូ» ។ ២/ ត្រូវបន្តពង្រឹងការអនុវត្តវិធីសាស្រ្តថ្មី នៃការបង្រៀន, ការរៀន និង​ការ​វាយតម្លៃ ដែលអាចជួយឱ្យសិស្ស-និស្សិត អភិវឌ្ឍបំណិន នៃការគិត និង ការដោះស្រាយ​បញ្ហាជីវិតប្រចាំថ្ងៃ ប្រកបដោយវិចារណញ្ញាណ និង ភាពច្នៃប្រឌិតខ្ពស់ ។ ៣/ ត្រូវបន្តលើក​កម្ពស់​សមត្ថភាពផ្នែកបច្ចេកវិទ្យាឌីជីថល ដល់គ្រូបង្រៀន តាមរយៈ ការបញ្ចូលបច្ចេកវិទ្យា​ឌីជីថល​ក្នុងការបង្រៀន និង ការរៀន, ការកែលម្អមាតិកាឌីជីថល, ការបង្កើតមជ្ឈមណ្ឌលអប់រំឌីជីថល, ការផ្សព្វ​ផ្សាយ​វេទិកាឌីជីថល ឱ្យបានទូលំទូលាយ និង ការធ្វើទំនើបកម្មការបណ្តុះបណ្តាល​នាយក​សាលាគ្រប់កម្រិត។ និង ៤/ ត្រូវសហការជាមួយ ក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ, ក្រសួងមុខងារ​សារធារណៈ និងក្រសួង-ស្ថាប័នពាក់ព័ន្ធ ក្នុងការអនុវត្តគន្លងអាជីពគ្រូបង្រៀន, នាយក, អ្នក​ឯកទេសអប់រំ, និង គ្រូឧទ្ទេស ដើម្បីទាក់ទាញ និង រក្សាគ្រូបង្រៀន, គ្រូឧទ្ទេស ដែលមាន​សមត្ថភាព, ក្រមសីលធម៌វិជ្ជាជីវៈខ្ពស់ និងមានស្នាដៃការងារល្អ ឱ្យនៅក្នុងប្រព័ន្ធ សម្រាប់ការអប់រំ​ចំណេះទូទៅ និងការបណ្តុះបណ្តាលគ្រូបង្រៀន ។

 

អត្ថបទដែលជាប់ទាក់ទង
Open

Close