លោកផ្កាយ២ មេប៉ូលិសខេត្ត ៖ ករណី គ្រោះថ្នាក់ចរាចរណ៍ ដែលមហាជនមានការយល់ច្រលំ រិះគន់ សមត្ថកិច្ចនគរបាលចរាចរណ៍!
ខេត្តបាត់ដំបង៖ ក្រុមការងារព័ត៌មាននិងប្រតិកម្មរហ័សនៃស្នងការដ្ឋាន នគរបាលខេត្តបាត់ដំបង មានកិត្តិយស សូមជម្រាបជូនសាធារណជន អ្នកសារព័ត៌មាន និងអ្នកប្រើប្រាស់បណ្តាញសង្គមបានជ្រាបថា កាលពីថ្ងៃទី ២០ ខែ ឧស ភា ឆ្នាំ២០២៥ វេលាម៉ោង១៧និង១៨នាទី ស្ថិតក្នុង ភូមិអូរខ្ជាយ សង្កាត់ព្រែកព្រះស្ដេច ក្រុងបាត់ដំបង ខេត្តបាត់ដំបង មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើត ឡើង រវាងរថយន្ត០១គ្រឿង ម៉ាកនីសាន់ ពណ៌ទឹកប្រាក់ ពាក់ផ្លាកលេខ ចង្កូតស្ដាំ ភព2 1164 អ្នកបើកបរឈ្មោះ នី វុធថា ភេទប្រុស អាយុ ៣៨ឆ្នាំ រស់នៅភូមិអូរខ្ជាយ សង្កាត់ព្រែកព្រះស្ដេច ក្រុងបាត់ដំបង ខេត្តបាត់ ដំបង និង ម៉ូតូ ០១គ្រឿង ម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ពាក់ផ្លាកលេខ បាត់ដំបង 1X-6526 អ្នកបើកបរឈ្មោះ ឈួម សេរី ភេទ ប្រុស អាយុ៣០ ឆ្នាំ រស់នៅភូមិស្ថាពរ២ ឃុំអំពិលប្រាំដើម ស្រុកបវេល ខេត្តបាត់ដំបង (រងរបួសធ្ងន់)ក្នុងខណៈដែលរថយន្តខាងលើកំពុងចតចោលនៅលើដងផ្លូវសាធារណៈ ។
នៅពេលកើតហេតុភ្លាមៗប្រជាពលរដ្ឋនៅមូលដ្ឋាន បានរាយការណ៍មកសមត្ថកិច្ចនគរបាលចរាចរណ៍ផ្លូវគោកចុះទៅធ្វើការពិនិត្យកន្លែងកើតហេតុ ហើយក្នុងពេលទៅដល់អ្នក ជិះម៉ូតូរងរបួសធ្ងន់នៅកន្លែង កើតហេតុ ត្រូវបានសមត្ថកិច្ចដឹកគាត់ទៅសង្រ្គោះបន្ទាន់នៅមន្ទីរពេទ្យ ។
ក្នុងដំណើរការវាស់វែងកន្លែងកើតហេតុ មន្រ្តីនគរ បាលបានពិនិត្យឃើញតែស្លាកស្នាមកន្លែង បុកប៉ះនៅ លើដងផ្លូវតែប៉ុណ្ណោះ រីឯរថយន្តត្រូវបានម្ចាស់បើកចេញពីកន្លែងកើតហេតុចូលទៅក្នុងបរិវេណផ្ទះរបស់គាត់ ហើយម៉ូតូក៏មិនស្ថិតនៅក្នុងសភាពដើមនោះឡើយ។ ដើម្បីឱ្យការវាស់វែង បានត្រឹមត្រូវស្របតាមជំនាញ និងវិជ្ជាជីវៈ ឈានទៅកំណត់បាននូវកំហុសរបស់ភាគីណាមួយ មន្រ្តីនគរបាលតម្រូវឱ្យភាគីម្ចាស់រថយន្ត យករថយន្តចេញពីបរិវេណលំនៅដ្ឋានមកវិញ ដើម្បីធ្វើការងារនេះ ប៉ុន្តែភាគីម្ចាស់រថយន្ត បានបដិ សេធ មិនព្រមឱ្យសមត្ថកិច្ចនគរបាលធ្វើកិច្ចការនេះទេ ដោយគាត់លើកហេតុផលថា អ្នកជិះម៉ូតូ ជិះមកបុករថយន្ត របស់គាត់ គ្រោះថ្នាក់ ដោយខ្លួនឯងហើយគាត់ មិនទាមទារអ្វីទាំងអស់ សុំតែរួចខ្លួន ទាំងដែលស្ថាន ភាពអ្នកជិះម៉ូតូស្ថិត នៅក្នុងការសង្រ្គោះជីវិតនៅមន្ទីរពេទ្យនៅឡើយ ។ ដោយអនុវត្តតាមជំនាញ ទីបំផុតសមត្ថកិច្ចនគរបាលបាននាំយករថយន្តនេះ និងម៉ូតូមកកាន់ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងដើម្បីធ្វើការ បន្តតាមនីតិវិធី ច្បាប់។
នៅក្រោយកើតហេតុភាគីម្ចាស់រថយន្តបានថតរូបជាឃ្លីបវីដេអូបង្ហោះក្នុងបណ្តាញសង្គមហើយត្រូវបានស៊ែចែកចាយជាច្រើនគ្នា ដោយម្ចាស់រថយន្តបានចោទប្រកាន់មកលើសមត្ថកិច្ចនគរបាលចរាចរណ៍ថាអ្នកជិះម៉ូតូ ជិះមកបុករថយន្តរបស់គាត់ដែលចតចោលនៅលើដងផ្លូវ ហើយគាត់ជាម្ចាស់រថយន្តមិនទាមទារសំ ណងអ្វីផង ហេតុអ្វីបានជាសមត្ថកិច្ចនគរបាលទាមទារ នាំយករថយន្តរបស់គាត់ទៅធ្វើការវាស់វែងធ្វើអ្វី? ហើយថា បើយករថយន្តរបស់គាត់ទៅ ទីបំផុតបើខាងរថយន្តរបស់គាត់មិនមានកំហុស តើនគរបាលជាអ្នកចេញសំណងឱ្យគាត់ឬទេ?។ល។ ដែលការផ្សព្វផ្សាយបែបនេះ នាំឱ្យមហាជនមួយចំនួនដែលមិនបានដឹងអំពី បញ្ហាជាក់ស្តែង លើកឡើងនូវមតិរិះគន់មកដល់សមត្ថកិច្ចនគរបាល ដោយលើកហេតុផលថា សមត្ថកិច្ចនគរបាលធ្វើបែបនេះដើម្បីផលប្រយោជន៍អ្វីមួយ។
សូមជម្រាបជូនថា នៅក្នុងច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកនៃព្រះរាជាណាចក្រកម្ពុជា ត្រង់ជំពូកទី៦ មាត្រា ៣៤បានចែងថា គ្រប់ករណីគ្រោះថ្នាក់ចរាចរណ៍ ជាសមត្ថ កិច្ចរបស់នគរបាលចរាចរណ៍។ នៅរាល់ករណី គ្រោះថ្នាកចរាចរណ៍ នគរបាលចរាចរណ៍ត្រូវខិតខំឱ្យអស់សមត្ថភាពដើម្បី៖
១-រក្សាសណ្តាប់ធ្នាប់សាធារណៈ នៅកន្លែងកើតហេតុ
២-ចាត់វិធានការសង្គ្រោះជនរងគ្រោះជាបន្ទាន់
៣-រក្សាសន្តិសុខឱ្យដល់គ្រប់ភាគីពាក់ព័ន្ធទប់ស្កាត់ជម្លោះដែលបណ្តាលមកពីគ្រោះថ្នាក់ចរាចរណ៍
៤-ចាត់វិធានការជំនាញ ប្រមូលភស្តុតាង និងព័ត៌ មានដើម្បីធ្វើកំណត់ហេតុស្តីពីគ្រោះថ្នាក់ចរាចរណ៍។
តាមរយៈខ្លឹមសារនៃច្បាប់ដែលមានចែងជាធរមាននៅឡើយនេះសមត្ថកិច្ចនគរបាលចរាចរណ៍ បានប្រតិបត្តិដោយត្រឹមត្រូវស្របតាមជំនាញ វិជ្ជាជីវៈតួនា ទីនិងភារកិច្ចរបស់ខ្លួន ហើយក្នុងករណីរកឃើញថា ភាគីខាងរថយន្ត នេះពុំមានកំហុសទេនោះ សមត្ថកិច្ចនគរបាលនឹងអនុញ្ញាតឱ្យគាត់យករថយន្តរបស់គាត់ទៅវិញ។
ដូចបានជម្រាបជូនខាងលើ សូមសាធារណជន អ្នក សារព័ត៌មាន និងអ្នកប្រើប្រាស់បណ្តាញសង្គម មេត្តាជ្រាបជាព័ត៌មាន និងសូមកុំមានការភាន់ច្រឡំ សូមអរគុណ៕






