ឯកឧត្តម ថោ ជេដ្ឋា ៖ ការប្រគល់វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ជូនដល់បងប្អូនពលរដ្ឋ នាពេលនេះ គឺជាការផ្តល់នូវសុវត្ថិភាព ក្នុងការកាន់កាប់ដីធ្លី ធ្វើឱ្យម្ចាស់ដីស្របច្បាប់ មានសន្តិភាពផ្លូវចិត្ត និងទប់ស្កាត់ បាននូវការបង្កជម្លោះរឿងដីធ្លី
ខេត្តកំពង់ធំ៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ១១រោច ខែពិសាខ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៥នេះ ឯកឧត្តម រដ្ឋមន្ត្រី ថោ ជេដ្ឋា អនុប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តកំពង់ធំ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកស្ទោង បានអញ្ជើញចូលរួមជាអធិបតីក្នុងពិធីប្រគល់វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុជូនប្រជាពលរដ្ឋភូមិចំនួនពីរ ក្នុងឃុំចំណារក្រោម ស្រុកស្ទោង ខេត្តកំពង់ធំ នៅបរិវេណវត្តស្វាយអៀ។
សូមជម្រាបថា ការប្រគល់បណ្ណកម្មសិទ្ធិ ជូនប្រជាពលរដ្ឋនៅពេលនេះគឺមានចំនួន ៣៣៥៧បណ្ណ ស្មើនឹង ១៣៤០ គ្រួសារ ក្នុងនោះភូមិនាងនយ មានចំនួន ១៣៧៩ បណ្ណ ស្មើនឹង ៥៦៤គ្រួសារ និងភូមិជីអាប់ មានចំនួន ១៩៧៨ បណ្ណ ស្មើនឹង ៧៧៦គ្រួសារ ។
ឯកឧត្តមរដ្ឋមន្ត្រី បានមានប្រសាសន៍រម្លឹកពីការអនុវត្តគោលនយោបាយចាស់សកម្មភាពថ្មីលើវិស័យដីធ្លីក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យច្បាស់លាស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា និងជាអតីតនាយករដ្ឋមន្ត្រី ដែលជាជំហានមួយនៃកំណែទម្រង់ស៊ីជម្រៅក្នុងវិស័យដីធ្លី សំដៅកសាងសង្គមកម្ពុជាជាភូមិឋានក្សេមក្សាន្ត ដោយធានាសុវត្ថិភាពនៃការកាន់កាប់ដីធ្លី និងរក្សាបាននូវនិរន្តរភាពបរិស្ថាន និងធនធានធម្មជាតិ។
ទន្ទឹមនឹងនេះ ឯកឧត្តមរដ្ឋមន្ត្រី បានមានប្រសាសន៍លើកឡើងថា រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំប្រកបដោយទស្សនវិស័យវែងឆ្ងាយរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បាននិងកំពុងអនុវត្តដោយយកចិត្តទុកដាក់ក្នុងការលើកកម្ពស់សិទ្ធិកាន់កាប់ដីធ្លីរបស់ប្រជាពលរដ្ឋ តាមរយៈការជំរុញការវាស់វែង ការចុះបញ្ជីដីធ្លីជាប្រព័ន្ធ និងការចេញបណ្ណកម្មសិទ្ធិជូនប្រជាពលរដ្ឋ ក៏ដូចជាការបន្តផ្តល់នូវដីសម្បទានសង្គមកិច្ចជូនប្រជាពលរដ្ឋ។
ឯកឧត្តម រដ្ឋមន្ត្រី បានបញ្ជាក់ថា ការប្រគល់វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ជូនដល់បងប្អូនពលរដ្ឋ នាពេលនេះ គឺជាការផ្តល់នូវសុវត្ថិភាព ក្នុងការកាន់កាប់ដីធ្លី ធ្វើឱ្យម្ចាស់ដីស្របច្បាប់ មានសន្តិភាពផ្លូវចិត្ត និងទប់ស្កាត់ បាននូវការបង្កជម្លោះរឿងដីធ្លី។
ជាមួយគ្នានេះដែរ ឯកឧត្តមរដ្ឋមន្ត្រីបានសំណូមពរដល់ រដ្ឋបាលខេត្តកំពង់ធំ មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តកំពង់ធំ និងអ្នកពាក់ព័ន្ធទាំងអស់ សូមបន្តជំរុញការចុះបញ្ជីដីធ្លីបង្ហើយឱ្យបានចប់សព្វគ្រប់ និងបន្តចេញបណ្ណកម្មសិទ្ធិសម្គាល់ម្ចាស់អចលនវត្ថុឱ្យបានឆាប់ ស្របតាមការណែនាំដ៏ខ្ពង់ខ្ពស់របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា៕