វេជ្ជបណ្ឌិត តាត សុវណ្ណ ៖ ក្រុមគ្រូដឹកនាំកម្មសិក្សាគ្លីនិកផ្នែកឆ្មបមន្ទីរពេទ្យពេទ្យបង្អែក ខេត្តភាគឥសាន្តចំនួន៥ជួបជុំគ្នាពង្រឹងពង្រីកសមត្ថភាព គុណភាព និងប្រសិទ្ធភាពក្នុងការបង្រៀន!

ខេត្តស្ទឹងត្រែង ៖  សាស្ត្រាចារ្យជំនួយវេជ្ជបណ្ឌិត តាត សុវណ្ណ នាយកសាលាមធ្យមសិក្សាសុខាភិបាលភូមិភាគស្ទឹងត្រែងជម្រាបឱ្យដឹងបែបនេះក្រោយពេលសិក្ខាសាលាស្ដីពីការអនុវត្តទម្រង់ការជាតម្រូវការគ្លីនិកដែលមានភាពលំបាកសម្រាប់កម្មវិធីសិក្សាជាតិ ថ្នាក់បរិញ្ញាបត្ររងឆ្មបកែសម្រួលលេីកទី២ ដែលមានការអញ្ជើញចូលរួមពីក្រុមគ្រូដឹកនាំកម្មសិក្សាគ្លីនិកផ្នែកឆ្មប មកពីមន្ទីរពេទ្យបង្អែកនានាមកពីបណ្តាខេត្តភាគឥសានចំនួន ៥ មាន : ខេត្តស្ទឹងត្រែង ព្រះវិហារ រតនគីរី មណ្ឌលគិរី និងខេត្តក្រចេះ បានបិទបញ្ចប់នាល្ងាចថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៥ នៅសាលាមធ្យមសិក្សាសុខាភិបាលភូមិភាគស្ទឹងត្រែង ក្រោមអធិបតីភាពឯកឧត្តមវេជ្ជបណ្ឌិត មាន ឈីវុន តំណាងឯកឧត្តមសាស្ត្រាចារ្យ យីត ស៊ុនណារ៉ា រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជានាយកគម្រោង ពង្រឹងប្រព័ន្ធអប់រំមុនពេលបម្រើការងារសម្រាប់មន្រ្តីសុខាភិបាល។ 

លោកសាស្ត្រាចារ្យជំនួយវេជ្ជបណ្ឌិត តាត សុវណ្ណ បានជម្រាបជូនឱ្យដឹងពីគោលបំណងនៃអង្គសិក្ខាសាលាថាគឺដើម្បីការអនុវត្តទម្រង់ការជាតម្រូវការគ្លីនិកដែលមានភាពលំបាកសម្រាប់កម្មវិធីសិក្សាជាតិថ្នាក់បរិញ្ញាបត្ររងឆ្មប កែសម្រួលលើកទី២ (ការអប់រំផ្អែកលើសមត្ថភាព/CBE)។ 

លោកសាស្ត្រាចារ្យជំនួយវេជ្ជបណ្ឌិត តាត សុវណ្ណ ក៏បានជម្រាបជូនឱ្យដឹងផងដែរពីលទ្ធផលនៃអង្គសិក្ខាសាលារយៈពេល ៣ថ្ងៃ នេះ ថា សិក្ខាកាមទាំងអស់ទទួលបាននូវចំណេះដឹងបន្ថែមពីពីបច្ចេកទេសថ្មីៗដែលបានធ្វើបច្ចុប្បន្នភាពក្នុងទម្រង់ការជាតម្រូវការគ្លីនិក បច្ចេកទេសថ្មីៗដោយផ្អែកតាមឯកសារយោង ពិធីសារជាតិ ការអនុវត្តទម្រង់ការជាតម្រូវការគ្លីនិកដែលមានភាពលំបាកដើម្បីឱ្យមានបច្ចេកទេសធ្វើដូចគ្នា (Consistency) និងបង្កើនភាពស្ទាត់ជំនាញមុនបង្រៀនបណ្តុះបណ្តាលនិស្សិតឱ្យមានសមត្ថភាព (ចំណេះដឹង ជំនាញ ឥរិយាបទ និងអាកប្បកិរិយា) ដែលជាភាពចាំបាច់សម្រាប់វិជ្ជាជីវៈឆ្មបនាពេលបច្ចុប្បន្ន ការផ្តល់ប្រឹក្សាយោបល់និងផ្តល់សេវាពន្យារកំណើត-កងដាក់ក្រោមស្បែក កងដាក់ក្នុងស្បូន ការថែទាំឈឺពោះសម្រាលដំណាក់កាលទី១,២,៣,៤ និងការសម្រាលដោយសុវត្ថិភាព។ល។ ហើយលោករីករាយស្វាគមន៍រាល់ការជ្រើសយកសាលាមធ្យមសិក្សាសុខាភិបាលភូមិភាគស្ទឹងត្រែងធ្វើជាទីតាំងជួបជុំនានាដូចជាការបណ្តុះបណ្តាល សិក្ខាសាលាជាដើម។

អត្ថបទដែលជាប់ទាក់ទង
Open

Close