សម្តេចធិបតី ហ៊ុន ម៉ាណែត៖ កិច្ចការការពារជាតិ គឺជាកាតព្វកិច្ចចម្បងសម្រាប់ពលរដ្ឋកម្ពុជាគ្រប់រូប ជាពិសេសកងកម្លាំងប្រដាប់អាវុធ ដែលទាមទារនូវគុណភាព និងសមត្ថភាពគ្រប់គ្រាន់ ដើម្បីឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែង និងការវិវត្តន៍របស់តំបន់ និង សាកលលោក

ភ្នំពេញ៖ នាព្រឹកថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអគារសហសិក្សា អគារស្នាក់នៅ អគារអាហារដ្ឋាន ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត និងពិធីបិទវគ្គបណ្តុះបណ្តាល និងហ្វឹកហ្វឺនឆ្នាំ២០២៣ បន្តបើកវគ្គបណ្តុះបណ្តាល និងហ្វឹកហ្វឺនឆ្នាំ២០២៤ របស់សាកលវិទ្យាល័យការពារជាតិ ។

មានប្រសាសន៍នៅក្នុងពិធីដ៏អធិកអធមនោះ សម្តេចធិបតីនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា កិច្ចការការពារជាតិ គឺជាកាតព្វកិច្ចចម្បងសម្រាប់ពលរដ្ឋកម្ពុជាគ្រប់រូប ជាពិសេសកងកម្លាំងប្រដាប់អាវុធ ដែលទាមទារនូវគុណភាព និងសមត្ថភាពគ្រប់គ្រាន់ ដើម្បីឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែង និង ការវិវត្តន៍របស់តំបន់ និង សាកលលោក។ យ៉ាងណាមិញ នាយទាហាន ដើរតួនាទីគន្លឹះ និងចម្បង ដោយទទួលភារកិច្ចជាអ្នកគ្រប់គ្រងផង និងជាអ្នកដឹកនាំផង ។ ដូច្នេះ ដើម្បីធានានូវគុណភាព និងសមត្ថភាពរបស់នាយទាហាន គឺទាមទារឱ្យមានការយកចិត្តទុកដាក់ខ្ពស់លើការងារបណ្តុះបណ្តាល និងហ្វឹកហ្វឺន គ្រប់កម្រិត ទាំងកម្រិតយុទ្ធវិធី យុទ្ធនាការ និងយុទ្ធសាស្ត្រ ដល់នាយទាហានបឋម នាយទាហានមធ្យម និងនាយទាហានជាន់ខ្ពស់របស់យើង ។ ទន្ទឹមនេះ សម្រាប់រាជរដ្ឋាភិបាល អាណត្តិទី៧ នេះ បានកែទម្រង់ការទទួលខុសត្រូវលើការបណ្តុះបណ្តាលនាយទាហានមធ្យម និងនាយទាហានជាន់ខ្ពស់ ដោយកែសម្រួលមហាវិទ្យាល័យបញ្ជាការ-សេនាធិការ នៃសាកលវិទ្យាល័យការពារជាតិ ឱ្យទៅជាវិទ្យាស្ថានបញ្ជាការ-សេនាធិការ ចំណុះអគ្គបញ្ជាការដ្ឋាន ក្នុងគោលដៅបង្កើនភាពឯករាជ្យម្ចាស់ការ និងប្រទាក់ក្រទ្បា លើការងារបណ្តុះបណ្តាលនាយទាហានគ្រប់ប្រភេទទ័ព ។ ក្នុងន័យនេះ សាកលវិទ្យាល័យការពារជាតិ មានតួនាទីពង្រឹង និងពង្រីកវិសាលភាពនៃការបណ្តុះបណ្តាលកម្រិតខ្ពស់ និងជាមជ្ឈមណ្ឌលនៃការស្រាវជ្រាវ និងអភិវឌ្ឍន៍ ។

ឆ្លៀតក្នុងឱកាសដ៏វិសេសវិសាលនោះ សម្តេចធិបតី បានគោរពថ្លែងអំណរគុណ សម្តេចអគ្គមហាសេនាបតីតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ចំពោះការយកចិត្តទុកដាក់ដ៏ខ្ពង់ខ្ពស់តាមរយៈការជួយកសាងហេដ្ឋារចនាសម្ព័ន្ធធំៗជាច្រើន តាមការស្នើរបស់ ឯកឧត្តម នាយឧត្តមសេនីយ៍សាស្ត្រាចារ្យ ជា តារា រដ្ឋលេខាធិការក្រសួងការពារជាតិ អតីតសាកលវិទ្យាធិការ សាកលវិទ្យាល័យការពារជាតិ ដែលការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធនេះ ជាផ្នែកមួយនៃផែនការរបស់រាជរដ្ឋាភិបាល ក្នុងការបណ្តុះបណ្តាលមូលធនមនុស្សផ្តោតសំខាន់លើវិទ្យាសាស្រ្តយោធា វិទ្យាសាស្ត្រសង្គម វិទ្យាសាស្ត្រនយោបាយ វិទ្យាសាស្ត្រពិត និងភាសា និងវិទ្យាសាស្ត្រយោធា ដែលសិក្សាអំពីសឹកសង្គ្រាម ស្រាវជ្រាវពីចរិតលក្ខណៈរាល់ក្រឹត្យក្រមនៃសង្គ្រាម កិច្ចការប្រុងប្រៀបកងកម្លាំងប្រដាប់អាវុធ ការកសាងខឿនការពារជាតិ ការប្រុងប្រៀបប្រទេសជាតិពេលមានសង្គ្រាម ទម្រង់នៃរបៀបធ្វើសឹកពេលមានសង្គ្រាម និងបណ្ដាសកម្មភាពផ្សេងៗទៀតរបស់កងកម្លាំងប្រដាប់អាវុធទាំងបែបប្រពៃណី និងបែបមិនប្រពៃណី ។

ជាចុងក្រោយ សម្តេចមហាបវរធិបតីនាយករដ្ឋមន្ត្រី បានកោតសរសើរដល់ថ្នាក់ដឹកនាំ យោធាចារ្យ នាយទាហាន នាយទាហានរង ពលទាហាននៃសាកលវិទ្យាល័យការពារជាតិ ដែលបានអនុវត្តភារកិច្ច ស័ក្តិសមជាគ្រឹះស្ថានឧត្តមសិក្សា ដោយបានដើរតួនាទីក្នុងការបណ្តុះបណ្តាលមូលធនមនុស្ស ការអភិវឌ្ឍសមត្ថភាព កងទ័ព ទាំងខាងចំណេះដឹង ស្មារតី ឆន្ទៈ មនសិការស្នេហាជាតិ ការជំរុញដល់ការទទួលយកបរិវត្តកម្មឌីជីថល ដើម្បីឆ្លើយតបទៅនឹងភាពជឿនលឿន នៃបច្ចេកវិទ្យា វិទ្យាសាស្រ្តសម័យទំនើប ប្រយោជន៍ធានាចីរភាពនៃការអភិវឌ្ឍក្នុងវិស័យការពារជាតិ និងនវានុវត្តន៍យោធានៅក្នុងតំបន់ និងសកលលោក ។ ជាមួយគ្នា សម្តេចធិបតី ក៏បានកោតសរសើរចំពោះវឌ្ឍនភាពការងាររបស់ក្រសួងការពារជាតិ អគ្គបញ្ជាការ បណ្តាប្រភេទទ័ព ទ័ពជំនាញ និងគ្រប់កងឯកភាពនៃកងយោធពលខេមរភូមិន្ទ ដែលទោះស្ថិតក្នុងកាលៈទេសៈសភាពការណ៍តំបន់ និងសាកលលោកមានការវិវត្តដ៏ស្មុគស្មាញ និងប្រកបដោយភាពបត់បែនយ៉ាងណាក្តី ក៏បន្តចូលរួមរក្សាបាននូវសភាពការណ៍ទូទៅរបស់កម្ពុជាឱ្យនៅតែមានភាពវិជ្ជមាន បង្កភាពអនុគ្រោះ សម្រាប់ការបន្តឈានទៅសម្រេចសមិទ្ធផលថ្មីៗថែមទៀត ក្នុងការរក្សាសន្តិភាព និងការអភិវឌ្ឍមាតុភូមិ ។ លើសពីនេះ ក៏បានយកចិត្តដាក់លើការកែទម្រង់កងយោធពលខេមរភូមិន្ទ និយាយជារួម និង និយាយដោយឡែក កែទម្រង់ការអប់រំហ្វឹកហ្វឺនរៀនសូត្រ បណ្តុះបណ្តាលធនធានមនុស្សក្នុងវិស័យការពារជាតិ ដោយបាន និងកំពុងពង្រឹង និងពង្រីកបណ្តាសាលាពហុជំនាញ និងជំនាញចំណុះកងទ័ពកងទ័ពជើងគោក ការពង្រឹង និងអភិវឌ្ឍគុណភាពហ្វឹកហ្វឺន រៀនសូត្រ ក៏ដូចជា ការពង្រឹង និងអភិវឌ្ឍគ្រប់វិស័យរបស់សាលាឱ្យស្របតាមបរិវត្តកម្មឌីជីថល គិតគូរដល់ការបណ្តុះបណ្តាលសមត្ថភាពចំណេះដឹងអាជីព និងជំនាញបច្ចេកទេសដល់កងទ័ព ការគ្រប់គ្រងបង្កប្រភពលើមូលដ្ឋានសម្ភារៈសឹក កសាងហេដ្ឋារចនាសម្ព័ន្ធបន្ទាយទ័ព ការចិញ្ចឹមបីបាច់និងថែរក្សាសុខុមាលភាពកងទ័ព រួមទាំងការបណ្តុះនូវមនសិការល្អក្នុងជួរកងទ័ព ដើម្បីអភិវឌ្ឍចំណេះដឹង ចំណេះធ្វើ សមត្ថភាពជំនាញវិជ្ជាជីវៈកងទ័ព ផ្សារភ្ជាប់ទៅនឹងសីលធម៌ គុណធម៌ និង វិន័យ ៕

 

អត្ថបទដែលជាប់ទាក់ទង
Open

Close