ចាំមើលថា តើ កម្លាំងចម្រុះស្រាវជ្រាវវែករកមុខសញ្ញា ជនសង្ស័យលួចកាប់ឈើ នៅពេលយប់ ក្នុងព្រៃសហគមន៍សុចិត្រ ខេត្តកំពង់ធំ យកមកផ្តន្ទាទោសតាមច្បាប់ ដែរឬទេ?
ខេត្តកំពង់ធំ៖ នៅព្រឹកថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៥ ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងអនុប្រធានអចិន្ត្រៃយ៍ នៃគណៈកម្មការការពារទប់ស្កាត់និងបង្ក្រាបបទល្មើសធនធានធម្មជាតិខេត្តកំពង់ធំ បានដឹកនាំសហការីទៅត្រួតពិនិត្យ លទ្ធផលនៃការបង្ក្រាបបទល្មើសលួចកាប់ និងដឹកជញ្ជូនឈើប្រភេទលេខ៣ ខុសច្បាប់ នៅតំបន់ព្រៃសហគមន៍ ឃុំសុចិត្រ ស្រុកសណ្ដាន់ ខេត្តកំពង់ធំ ដែលកងកម្លាំងនៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បង្ក្រាបបានកាលពីយប់ថ្ងៃទី៣០ ខែមេសាឆ្នាំ២០២៥ កន្លងទៅ នៅតំបន់ត្រពាំងប្រើស ភូមិទុំអរ ដែលបច្ចុប្បន្នត្រូវបានដឹកជញ្ជូនមកកាន់ទីស្នាក់ការរដ្ឋបាលព្រៃឈើនៅភូមិទំអរ ឃុំទំរីង ស្រុកសណ្ដាន់ ខេត្តកំពង់ធំ ។
លោក មិន ប៊ុនណារិទ្ធ នាយរងសង្កាត់រដ្ឋបាលព្រៃឈើទំរីង បានរាយការណ៍បញ្ជាក់ថា កន្លងមកនេះពិសេសនៅក្នុងពេលយប់ ក្នុងពេលដែលកងកម្លាំងចម្រុះរបស់យើងមិនបានចេញល្បាតក្នុងតំបន់ជ្រៅ ។
ក្រុមជនល្មើស តែងតែឆ្លៀតឱកាសលួចកាប់និងដឹកជញ្ជូនឈើប្រភេទលេខ៣ ដែលជាដើមធ្លក ដើមចំបក់ នៅក្នុងព្រៃសហគមន៍សុចិត្រ ហើយមុខសញ្ញាទាំងនេះ ជាមុខសញ្ញាដែលធ្វើដំណើរមកពីទីឆ្ងាយ និងស៊ើបការណ៍បានច្បាស់លាស់ទើបហ៊ានលួចកាប់នៅពេលយប់ ហើយរកឱកាសដឹកជញ្ជូនចេញយកទៅអាជ្រៀកឈើធ្វើអាជីវកម្មផ្សេងៗ ។
ហើយនៅយប់ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៥នេះ ដោយមានការផ្ដល់ព័ត៌មានពីបណ្ដាញសម្ងាត់ និងដោយបានការចាត់តាំងកម្លាំងពីមេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ទើបយើងស្ទាក់ចាប់បានឈើដែលបានរៀបចំបម្រុងដឹកជញ្ជូនចេញ ប្រមាណជាង៥ម៉ែត្រគូប ហើយមុខសញ្ញាជនល្មើសទាំងនេះបានរត់គេចខ្លួនចូលក្នុងព្រៃបាត់។
ឧត្តមសេនីយ៍ទោ សោម ស៊ុន បានថ្លែងអំណរគុណចំពោះកងកម្លាំងនៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ រួមជាមួយសហគមន៍សុចិត្រ បានសហការជាមួយរដ្ឋបាលព្រៃឈើ ឃុំទំរីង ស្រុកសណ្ដាន់ ក្នុងការបង្ក្រាបចាប់បានវត្ថុតាងបទល្មើសព្រៃឈើ ដឹកជញ្ជូនយកមករក្សាទុក ជាវត្ថុតាង ដើម្បីស្រាវជ្រាវរកមុខសញ្ញាប្រព្រឹត្តបទល្មើស ។
ជាមួយនេះដែរឧត្តមសេនីយ៍ទោ សោម ស៊ុន បានបញ្ជាឲ្យកងកម្លាំងចម្រុះរួមជាមួយស្ថាប័នជំនាញរដ្ឋបាលព្រៃឈើ ត្រូវធ្វើការស្រាវជ្រាវវែករកមុខសញ្ញាជនល្មើស ដើម្បីមកទទួលខុសត្រូវនិងកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការ ផ្ដន្ទាទោសតាមផ្លូវច្បាប់ជាធរមាន ដោយគ្មានការលើកលែងឡើយ។