ភ្នំពេញ ៖ នាថ្ងៃសុក្រ ទី៩ ខែឧសភា ឆ្នាំ២០២៥ ឯកឧត្តម សេង ឈួន រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងជាប្រធានគណៈកម្មាធិការសម្របសម្រួលអចិន្រ្តៃយ៍ បានដឹកនាំគណៈប្រតិភូ និងក្រុមការងារជំនាញពាក់ព័ន្ធ ចុះពិនិត្យការងាររុះរើជញ្ជីង និងសម្ភារផ្សេងៗរបស់ស្ថានីយប្តូរទៅទីតាំងថ្មី ស្ថិតនៅលើមហាវិថី ស៊ី ជីនពីង គ.មលេខ៣៥ ក្នុងសង្កាត់គងនយ ខណ្ឌដង្កោ រាជធានីភ្នំពេញ។
ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តមប្រធាន បានទៅពិនិត្យទីតាំងថ្មី ខាងលើ និងបានណែនាំដល់ក្រុមការងារបច្ចេកទេស ចាប់ផ្តើម ដំណើរការសាងសង់ស្ថានីយឱ្យបានលឿន ព្រមទាំងពិនិត្យលើលក្ខណៈបច្ចេកទេសឱ្យបានត្រឹមត្រូវសម្រាប់ដាក់ជញ្ជីងផ្លូវចេញ -ចូលរថយន្តចូលថ្លឹង ដើម្បីផ្តល់ភាពងាយស្រួល និងបញ្ចៀសនូវការរំខានដល់ចរាចរណ៍ធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋ។
គោលបំណងនៃការប្តូរទីតាំងស្ថានីយគឺដើម្បីបង្កើនប្រសិទ្ធភាពការងារត្រួតពិនិត្យយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ និងការពារផ្លូវថ្នល់មិនឱ្យមានការខូចខាតមុនអាយុកាលកំណត់ នៅលើមហាវិថី ស៊ី ជីនពីង៕
