កម្ពុជា-ថៃរួមគ្នាពង្រឹងកិច្ចសហប្រតិបត្តិការប្រយុទ្ធប្រឆាំងគ្រឿងញៀនក្នុងកិច្ចប្រជុំទ្វេភាគី នៅខេត្តក្រាប៊ី
ថៃឡង់ដ៏ ៖ នៅថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៥ កម្ពុជា ថៃ បើកកិច្ចប្រជុំទ្វេភាគីលើកទី១៥ ស្ដីពីកិច្ចសហប្រតិបត្តិការប្រយុទ្ធប្រឆាំងគ្រឿងញៀននៅខេត្តក្រាប៊ី ប្រទេសថៃ ដែលភាគីកម្ពុជាដឹកនាំដោយឯកឧត្តម នាយឧត្តមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការនៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន កម្ពុជា និងភាគីដឹកនាំដោយឯកឧត្តម ឧត្តមសេនីយ៍ឯក ផានុរក្ស លក្ខបុណ្យ អគ្គលេខាធិការក្រុមប្រឹក្សាត្រួតពិនិត្យគ្រឿងញៀនថៃ។
ថ្លែងក្នងកិច្ចប្រជុំនោះ ឯកឧត្តម ឧត្តមសេនីយ៍ឯក ផានុរក្ស លក្ខបុណ្យ បានថ្លែងពីកិច្ចសហប្រតិបត្តិការការងារប្រយុទ្ធប្រឆាំងគ្រឿងញៀនថៃ កម្ពុជា ក្រោមស្មារតីរួមគ្នាពិភាក្សាលើកកម្ពស់ប្រសិទ្ធភាពដោះស្រាយបញ្ហាគ្រឿងញៀន ហើយលោកក៏បានថ្លៃងអរគុណដល់ភាគីកម្ពុជាដែលតែងតែរួមសហការគ្នាយ៉ាងល្អសំដៅអនុវត្តឲ្យបាននូវខ្លឹមសារនៃកិច្ចប្រជុំទ្វេភាគីថៃ កម្ពុជា ដែលបានផ្ដល់ជូនប្រជាពលរដ្ឋប្រទេសយើងទាំងពីរនូវសន្តិសុខ ភាពសុខសាន្តនិងការអភិវឌ្ឍ។
ក្នុងឱកាសនោះដែរ ឯកឧត្តមនាយឧត្តមសេនីយ៍មាសវីរិទ្ធអគ្គលេខាធិការនៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ក៏បានថ្លែងអំណរគុណដល់ភាគីថៃដែលតែងតែឧបត្ថម្ភគាំទ្រ ក្នុងក្នុងគោលបំណងរួមគ្នាបង្ការទប់ស្កាត់បញ្ហាគ្រឿងញៀនឆ្លងកាត់ព្រំដែនក៏ដូចជាការបង្ការទប់ស្កាត់ការប្រើប្រាស់និងព្យាបាលអ្នកញៀនគ្រឿងញៀន ការលួចបង្វែរសាធាតុគីមីផ្សំទៅធ្វើជាគ្រឿងញៀន តាមរយៈយន្តការទ្វេភាគី ដោយផ្ដោតទៅលើការងារពង្រឹងសមត្ថភាពមន្ត្រី ការងារស្រាវជ្រាវនានា ការផ្លាស់ប្ដូរព័ត៌មាន ដែលបម្រើដល់ប្រសិទ្ធភាពការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន ។
ក្រោយពីរពិភាក្សាផ្លាស់ប្ដូរបទពិសោធន៍រវាងគ្នានឹងគ្នាភាគីទាំងពីរកម្ពុជាថៃបានឯកភាពគ្នាទៅលើការងារចំនួន ៥ :
ទី១- ការត្រួតពិនិត្យគ្រឿងញៀន សារធាតុគីមីផ្សំ និង សារធាតុគីមី
ទី២- ការវិភាគគ្រឿងញៀន និងការចងក្រងឯកសារ អត្តសញ្ញាណ
ទី៣- ការអប់រំ បង្ការ ការប្រើបំពានគ្រឿងញៀន
ទី៤-ការព្យាបាល ស្តារនីតិសម្បទាន និង
ទី៥- កិច្ចសហការក្នុងការលើកកម្ពស់សមត្ថភាពប្រយុទ្ធប្រឆាំងគ្រឿងញៀន
ជាមួយគ្នានេះដែរភាគីទាំងពីរកម្ពុជា ថៃ ក្រោយពីបានឯកភាពនៅលើចំណុចទាំង៥ ខាងលើដើម្បីបន្តអនុវត្ត គឺសុទ្ធតែបានចាត់ទុកស្មារតីនៃកិច្ចប្រជុំលើកនេះគឺបានពីកិច្ចពិភាក្សាទូលំទូលាយនិងស៊ីជម្រៅប្រកបដោយស្មារតីមិត្តភាពនិងការយោគយល់គ្នាទៅវិញទៅមកចេញលទ្ធផលប្រកបដោយផ្លែផ្កា និងជាផែនទីនាំផ្លូវក្នុងការពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការប្រយុទ្ធប្រឆាំងគ្រឿងញៀនរវាងប្រទេសយើងទាំងពីរក៏ដូចជាការចូលរួមក្នុងយន្តការតំបន់ទាំងមូលឲ្យកាន់តែមានប្រសិទ្ធភាពបន្ថែមមួយកម្រឹតទៀត ។