អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ក្រសួងអប់រំ និងខេត្តក្រចេះរួមគ្នាបង្ការទប់ស្កាត់បញ្ហាគ្រឿងញៀន អេដស៍ ចរាចរណ៍ បារីអេឡិចត្រូនិក និងApp NoDrug ដល់សិស្ស និងគរុសិស្ស 

ខេត្តក្រចេះ៖ នៅថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៥ អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ក្រសួងអប់រំ យុវជន និងកីឡា និងខេត្តក្រចេះបានរួមគ្នាបង្ការទប់ស្កាត់បញ្ហាគ្រឿងញៀន អេដស៍ ចរាចរណ៍ បារីអេឡិចត្រូនិច និងApp NoDrug តាមរយៈសិក្ខាសាលាអប់រំផ្សព្វផ្សាយស្តីពីផលប៉ះពាល់ដល់សុខភាពបណ្តាលមកពីការប្រើប្រាស់គ្រឿងញៀនខុសច្បាប់ បារីអេឡិចត្រូនិច ការបង្ការមេរោគអេដស៍ ជំងឺអេដស៍ និងច្បាប់ចរាចរណ៍ផ្លូវគោក ដល់សិស្សានុសិស្ស លោកគ្រូ អ្នកគ្រូ ចំនួន២៣០នាក់ ស្រី១៥០នាក់។ 

ថ្លែងក្នុងនាមឯកឧត្តម នាយឧត្តមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការ ក្នុងឱកាសនោះ ឧត្តមសេនីយ៍ឯក ថោង សុគន្ធា អគ្គលេខាធិការរងនៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនបានថ្លែងអំណរគុណ និងលើកឡើងថា បញ្ហាគ្រឿងញៀនគឺជាបញ្ហារួមរបស់យើងទាំងអស់គ្នាដែលតម្រូវឲ្យមានការចូលរួមពីគ្រប់សមាសភាព បង្ការទប់ស្កាត់កុំឲ្យរីករាលដាលក្នុងសហគមន៍ដែលក្នុងនោះយុវជនគឺជាកម្លាំងសំខាន់មុតស្រួចជួយទៅដល់ការងារផ្សព្វផ្សាយព័ត៌មានពិតដល់ក្រុមគ្រួសារក៏ដូចជាប្រជាពលរដ្ឋទូទៅក្នុងសហគមន៍ មិនជក់ មិនជួញគ្រឿងញៀនដែលនាំទុក្ខដល់ខ្លួនឯង ក្រុមគ្រួសារនិងសង្គមជាតិ និងបានសំណូមពរដល់អ្នកចូលរួមទាំងអស់ត្រូវជួយផ្សព្វផ្សាយដើម្បីចំណេះដឹង ព័ត៌មាន កំសាន្ត អប់រំ ព្យាបាល រាយការណ៍យកគ្រឿងញៀនចេញពីសហគមន៍

ក្នុងនាមឯកឧត្តម វ៉ា ថន អភិបាលខេត្តក្រចេះ  ក្នុងឱកាសនោះ ឯកឧត្តម ហង់ ចាន់ឌី អភិបាលរង តំណាងគណៈកម្មាធិការត្រួតពិនិត្យគ្រឿងញៀនខេត្តក្រចេះ បានថ្លែងអំណរគុណដល់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនក៏ដូចជាក្រសួងអប់រំ យុវជន និងកីឡា និងគ្រប់សមាសភាពទាំងអស់ដែលបានរួមគ្នាជួយលើកកម្ពស់ប្រសិទ្ធភាពការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន អេដស៍ គ្រោះថ្នាក់ចរាចរណ៍ បារីអេឡិចត្រូនិច និងApp NoDrug ជាមួយនេះគណៈកម្មាធិការត្រួតពិនិត្យគ្រឿងញៀនខេត្តក្រចេះបានអនុវត្តនូវរាល់វិធានការ បទដ្ឋានគតិយុត្តិនានា រាជរដ្ឋាភិបាល អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនធ្វើឱ្យក្លាយទៅចលនាជាតិមួយដែលមានការចូលរួមគ្រប់សមាសភាពទាំងអស់ ការបង្ការទប់ស្កាត់បញ្ហាគ្រឿងញៀនគឺពិតជាសំខាន់បំផុតសម្រាប់ការពារយុវជនធនធានរបស់យើងក៏ដូចជាដល់នូវទំនុកចិត្តដល់អ្នកទេសចរណ៍ឲ្យមកកំសាន្តនៅទឹកដីខេត្តក្រចេះ ដងទន្លេនៃយើងផងដែរ។ 

វាគ្មិនរបស់យើងគឺ ឯកឧត្ដមវេជ្ជបណ្ឌិត ស៊ឹង យ៉ាណាត ឧត្តមសេនីយ៍ត្រី យិន យឿត និងលោក ឈឹមលី  ណារ៉ាឈុន  បានផ្ដល់ចំណេះដឹងដល់អ្នកចូលរួមពីវិធីសាស្ត្រ បច្ចេកទេសសំខាន់ៗ ក្នុងការបង្ការទប់ស្កាត់បញ្ហាគ្រឿងញៀន បញ្ហាមេរោគអេដស៍ ជំងឺអេដស៍ គ្រោះថ្នាក់ចរាចរណ៍និងសុវត្ថិភាពនៅលើដងផ្លូវ បារីអេឡិចត្រូនិច អត្ថប្រយោជន៍ជំរុញការទាញយកប្រើប្រាស់ App NoDrug របស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនសំដៅចូលរួមទាំងអស់គ្នា ក្នុងគោលបំណងរួមគ្នាឱ្យអ្នកចូលរួមទាំងអស់អាចក្លាយជាជនបង្គោលសម្រាប់ក្រុមគ្រួសារនិងសហគមន៍របស់ពួកគេ។

អត្ថបទដែលជាប់ទាក់ទង
Open

Close