អន្តរក្រសួង និងដៃគូប្រជុំត្រួតពិនិត្យសេចក្តីព្រាងផែនទីបង្ហាញផ្លូវអាស៊ានស្តីពីការលុបបំបាត់ទម្រង់ធ្ងន់ធ្ងរបំផុតនៃពលកម្មកុមារក្រោយឆ្នាំ២០២៥

ភ្នំពេញ៖ ទទួលបានការអនុញ្ញាតពីឯកឧត្តម នាយឧត្តមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការ ថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥ ឧត្តមសេនីយ៍ឯក លឹម តុងហួត ប្រធាននាយកដ្ឋានផ្សព្វផ្សាយអប់រំនិងទំនាក់ទំនងសាធារណៈនៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនបានចូលរួមកិច្ចប្រជុំអន្តរក្រសួងស្តីពីការពិនិត្យ និងប្រមូលធាតុចូលលើរសេចក្តីព្រាងផែនទីបង្ហាញ ផ្លូវអាស៊ានស្តីពីការលុបបំបាត់ទម្រង់ធ្ងន់ធ្ងរបំផុតនៃពលកម្មកុមារក្រោយឆ្នាំ២០២៥ ។

កិច្ចប្រជុំប្រព្រឹត្តទៅក្រោមអធិបតីដឹកនាំ ឯកឧត្តម វ៉េង ហៀង អនុរដ្ឋលេខាធិការ ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ អស់លោក លោកស្រី តំណាងអន្តរក្រសួង ស្ថាប័ន និងអង្គការជាតិ និងអន្តរជាតិសរុបចំនួន ៥៤នាក់ ស្រី១៦នាក់ នៅទីស្តីការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។

ក្នុងឱកាសនោះ ឯកឧត្តម វ៉េង ហៀង បានជម្រាបជូនពីគោលបំណង សំខាន់ពីការរៀបចំសេចក្តីព្រាងផែនទីបង្ហាញផ្លូវអាស៊ានក្រោយឆ្នាំ២០២៥ ប្រមូលធាតុចូលពីអន្តរក្រសួង និងអង្គការជាតិ និងអន្តរជាតិពាក់ព័ន្ធទៅក្នុងតារាងម៉ាទ្រិកនៃសេចក្តីព្រាងផែនទីបង្ហាញផ្លូវអាស៊ាន សេចក្តីសង្ខេបនៃលទ្ធផលវាយតម្លៃការអនុវត្តផែនទីបង្ហាញផ្លូវអាស៊ានស្តីពីទម្រង់ធ្ងន់ធ្ងរបំផុតនៃពលកម្មកុមារ ចាប់ពីឆ្នាំ២០២១-២០២៥  ខ្លឹមសារគោលនៃសេចក្តីថ្លែងការណ៍អាស៊ានស្តីពីការទប់ស្កាត់ពលកម្មកុមារ និងការលុប បំបាត់ទម្រង់ធ្ងន់ធ្ងរនៃពលកម្មកុមារ លទ្ធផលនៃការរៀបចំសេចក្តីព្រាងផែនទីបង្ហាញផ្លូវអាស៊ានថ្មីក្រោយឆ្នាំ២០២៥។

ក្នុងឱកាសនោះដែរ ឯកឧត្តម វ៉េង ហៀង ជម្រាបអំពីសាវតានៃការរៀបចំសេចក្តីព្រាងផែនទីបង្ហាញផ្លូវអាស៊ានចាប់តាំងពីដំណាក់កាលទី១ដល់ដំណាក់កាលថ្មីទី៣ និងមូលហេតុនៃការបន្តដំណាក់កាលអនុវត្ត និង សារបាននៃការទប់ស្កាត់ពលកម្មកុមារនៅកម្ពុជា ព្រមទាំងទទួលយកនូវការផ្ដល់ធាតុចូលពីតំណាងក្រសួងស្ថាប័ន អង្គការដៃគូនានាសំដៅលើកកម្ពស់បាននូវខ្លឹមសារគ្រប់ជ្រុងជ្រោយលើសេចក្តីព្រាងផែនទីបង្ហាញផ្លូវអាស៊ានស្តីពីការលុបបំបាត់ទម្រង់ធ្ងន់ធ្ងរបំផុតនៃពលកម្មកុមារក្រោយឆ្នាំ២០២៥នេះ។

អត្ថបទដែលជាប់ទាក់ទង
Open

Close