អភិបាលខេត្តព្រះវិហារ ចាត់ អភិបាលរង ចូលរួមគោរពវិញ្ញាណក្ខន្ធ និងចូលរួមរំលែកទុក្ខក្រុមគ្រួសារសពយុទ្ធជន ឈ្មោះ សួន រោន ដែលបាត់បង់ជីវិត ក្នុងការផ្ទុះអាវុធ ជាមួយទាហានថៃ!
ខេត្តព្រះវិហារ៖ លោក គឹម ចាន់បញ្ញា អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ អញ្ជើញចូលរួមគោរពវិញ្ញាណក្ខន្ធ និងចូលរួមរំលែកទុក្ខក្រុមគ្រួសារសពយុទ្ធជន ឈ្មោះ សួន រោន អាយុ៤៨ឆ្នាំ មានទីលំនៅក្នុងភូមិកំពេញ ឃុំយាង ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ បានបាត់បង់ជីវិតក្នុងការផ្ទុះអាវុធជាមួយទាហានថៃកាលពីព្រឹកថ្ងៃទី២៨ ខែឧសភានេះ នៅតំបន់មុំបី ស្ថិតក្នុងស្រុកជាំក្សាន្ត។
នៅក្នុងឱកាសដ៏ក្រៀមក្រំនេះ លោក គឹម ចាន់បញ្ញា បានសម្តែងនូវការសោកស្តាយយ៉ាងក្រៃលែងចំពោះការបាត់បង់វីរៈបុរសដ៏អង់អាចក្លាហាន ដែលបានលះបង់ជីវិតដើម្បីជាតិមាតុភូមិ ព្រមទាំងបានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខ និងការចូលរួមរំលែកទុក្ខដ៏ជ្រាលជ្រៅបំផុតពីសំណាក់ ឯកឧត្តមអភិបាលខេត្ត ជូនចំពោះក្រុមគ្រួសារសព។
ជាមួយគ្នានោះ លោកអភិបាលរងខេត្ត ក៏បានផ្តល់នូវថវិកាផ្ទាល់ខ្លួនមួយចំនួន ដើម្បីជួយសម្រាលទុក្ខលំបាករបស់ក្រុមគ្រួសារសពក្នុងគ្រាដ៏សោកសៅនេះផងដែរ៕