នាយកដ្ឋាន សូមអំពាវនាវដល់សាធារណជន មេត្តាប្រុងប្រយ័ត្នខ្ពស់ចំពោះការចូលរួមថវិកា ផ្សេងៗ ក្នុងនាមជាសប្បុរសជន ក្រោមរូបភាពកៀរគរ ថវិកា ដែលគ្មានប្រភពផ្លូវការច្បាស់លាស់!
ភ្នំពេញ៖ នាពេលថ្មីនេះ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា សង្កេតឃើញថា ស្របពេលដែលព្រះរាជាណាចក្រកម្ពុជាកំពុងជួបប្រទះបញ្ហាតាមបន្ទាត់ព្រំដែន ដោយមានការប៉ះទង្គិចគ្នារវាងកងទ័ពកម្ពុជា និងកងទ័ពថៃ ដែលបានកើតឡើងនៅព្រឹកថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥ នៅក្នុងភូមិសាស្រ្ត ភូមិតេជោមរកត ឃុំមរកត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ដែលបណ្ដាលឲ្យកងទ័ពមួយរូប គឺលោកព្រិន្ទបាលឯក សួន រោន បានពលីនៅក្នុងព្រឹត្តិការណ៍នេះ ហើយក៏មានការផ្សព្វផ្សាយតាមគណនីក្នុងបណ្តាញទំនាក់ទំនងសង្គមជាច្រើន ក្នុងការកៀរគរសប្បុរសជន ចូលរួមជាបច្ច័យ ដល់គ្រួសារ នៃសព និងកៀរគរថវិកាពីសប្បុរសជនឲ្យមានការចូលរួមឧបត្ថម្ភជាគ្រឿងឧបភោគ បរិភោគនិងសម្ភារៈផ្សេងៗ ជូនដល់កងទ័ពជួរមុខដែលកំពុងឈរជើងការពារតាមបន្ទាត់ព្រំដែន។
បច្ចុប្បន្ននាយកដ្ឋាន កំពុងធ្វើការកំណត់ និងស្រាវជ្រាវថាតើគណនី ឬទំព័រហ្វេកណាខ្លះ ដែលផ្សព្វផ្សាយមានគោលបំណងឆបោកសប្បុរជន ដើម្បីមានចំណាត់ការតាមផ្លូវច្បាប់។
នាយកដ្ឋាន សូមអំពាវនាវដល់សាធារណជន មេត្តាប្រុងប្រយ័ត្នខ្ពស់ ចំពោះការចូលរួមថវិកាផ្សេងៗ ក្នុងនាមជាសប្បុរសជន ក្រោមរូបភាពកៀរគរ ថវិការដែលគ្មានប្រភពផ្លូវការច្បាស់លាស់។
