ឯកឧត្តម គួច ចំរើន ៖ ការចែកប័ណ្ណកម្មសិទ្ធ ជូនបងប្អូនប្រជាពលរដ្ឋនៅពេលនេះ ជាការឆ្លុះបញ្ចាំងឱ្យឃើញអំពីការយកចិត្តទុកដាក់ខ្ពស់ របស់ រាជរដ្ឋាភិបាល
ខេត្តកណ្តាល៖ ប្រជាពលរដ្ឋចំនួន ៩ភូមិ គឺភូមិត្រើយបឹង ភូមិប្របវត្ត ភូមិទួលលៀប ភូមិសល់ដី ភូមិចំការស្លែង ភូមិក្រាំងលាវ ភូមិទន្លាប់ ភូមិចំបក់ទន្សាយ ភូមិត្រពាំងរាំង ក្នុងឃុំព្រៃពួច ស្រុកអង្គស្នួល ខេត្តកណ្តាល ទទួលវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ចំនួន ៥៥,០៩៤ប័ណ្ណ សម្រាប់យកទៅប្រើប្រាស់ទៅតាមតម្រូវការចាំបាច់របស់ពួកគាត់ ពីមន្ទីរដែនដីនគរូបនីយកម្ម និងសំណង់ខេត្តកណ្តាល។
ឯកឧត្តម ឈឿន ប៊ុណ្ណារ័ត្ន រដ្ឋលេខាធិការ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ឯកឧត្តម នូ សាខន ប្រធានក្រុមប្រឹក្សា ខេត្តកណ្តាល និងឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្តាល នៅរសៀលថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៥នេះ បានអញ្ជើញជាគណៈអធិបតី ក្នុងពិធីចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុជូនប្រជាពលរដ្ឋ ចំនួន ៩ភូមិ នៅស្រុកអង្គស្នួល ខេត្តកណ្តាល។
ថ្លែងក្នុងពិធីនេះ ឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្ដាល បានបញ្ជាក់ថា ការចែកប័ណ្ណកម្មសិទ្ធជូនបងប្អូនប្រជាពលរដ្ឋនៅពេលនេះ ជាការឆ្លុះបញ្ចាំងឱ្យឃើញអំពីការយកចិត្តទុកដាក់ខ្ពស់ របស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងប៉ិនប្រសប់ប្រកបដោយគតិបណ្ឌិតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងការធានាកម្មសិទ្ធិដីធ្លីស្របច្បាប់ ជូនប្រជាពលរដ្ឋ សំដៅលើកកម្ពស់ជីវភាព សុខុមាលភាព និងការកាត់បន្ថយភាពក្រីក្រ ព្រមទាំងរួមចំណែក ដល់ការពង្រឹង យុត្តិធម៌ និងស្ថេរភាពសង្គម។ អនុវត្តតាមគោលនយោបាយគន្លឹះរបស់ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ គឺការចុះបញ្ជីដីធ្លី បង្ហើយ រដ្ឋបាលខេត្តកណ្តាល រួមជាមួយមន្ទីររៀបចំដែនដី នគរូបនីយកម្មសំណង់ និងសូរិយោដីខេត្តកណ្ដាលនឹងខិតខំប្រឹងប្រែង ដើម្បីជម្រុញការចុះបញ្ជីដីទូទាំងខេត្តកណ្តាលឱ្យ បានចប់នៅឆ្នាំ២០២៥នេះ។
ឯកឧត្តមបានអភិបាល បានបន្ថែមថា ការចុះបញ្ជីដីធ្លីបង្ហើយ គឺជាការងារអាទិភាពចំពោះមុខ ដើម្បីធ្វើឱ្យវិវាទដីធ្លីកាន់តែកាត់បន្ថយ និងបង្រួមកាន់តែតូចទៅៗ ហើយនៅពេលដែលយើងបានចុះបញ្ជីដីធ្លីរួច ដីធ្លីរបស់យើងកាន់តែមានសុវត្ថិភាពផ្លូវច្បាប់ និងសន្តិភាពផ្លូវចិត្ត ក្នុងការកាន់កាប់អចនទ្រព្យរបស់ប្រជាពលរដ្ឋ និងកសាងសង្គមសុខដុមនីយកម្មនៅកម្ពុជាផងដែរ។
ក្នុងឱកាសនោះដែរ ឯកឧត្តមអភិបាលខេត្តកណ្ដាល បានថ្លែងការកោតសរសើរពីការខិតខំរបស់មន្ទីររៀបចំដែនដី និងប្អូនៗ ក្មួយៗយុវជនស្ម័គ្រចិត្តទាំងអស់ ដែលបានលះបង់នូវពេលវេលា ពេលខ្លះក៏ត្រូវចុះបំពេញការងារទាំងថ្ងៃឈប់សម្រាក ដើម្បីចូលរួមចំណែកក្នុងការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធនេះ។ ជាមួយគ្នាដែរឯកឧត្តមអភិបាលខេត្ត បានសម្ដែងនូវការអបអរសាទរ ចំពោះបងប្អូនប្រជាពលរដ្ឋទាំង ៣ភូមិ ក្នុងឃុំឫស្សីជ្រោយ និងឃុំព្រែកអញ្ចាញ ដែលទទួលបានកម្មសិទ្ធិនាពេលនេះ។
សូមជម្រាបថា បើយោងតាមរបាយការណ៍របស់ លោក សុក កាន់ណារិទ្ធ ប្រធានមន្ទីរ រៀបចំដែនដី គររូបនីយកម្មសំណង់ និងសូរិយោដីខេត្តកណ្ដាល បានអោយដឹងថា៖ ស្រុកអង្គស្នួល បានបង្កើតក្រុមចុះបញ្ជីនៅដើម ឆ្នាំ២០០៤ និងបានកែសម្រួលក្រុមចុះបញ្ជីថ្មីនៅឆ្នាំ២០២៣ មាន២០០ភូមិ បានចុះបញ្ជីចប់ចំនួន ៤ឃុំ សរុប១២៤ភូមិ និងកំពុងអនុវត្តបន្តភូមិចំនួន ៧៦ ជា លទ្ធផល វាស់វែងប្រមូលទិន្នន័យបានចំនួន ១១៧,៩៩៨ ក្បាលដី បញ្ចូលទិន្នន័យក្បាលដី បានចំនួន ១១១,៦៥២ក្បាលដី និងសម្រេចចេញបណ្ណ ១២៤ភូមិបានចំនួន បានចំនួន ៥៥,០៩៤ ក្បាលដី។
ប្រភព ៖ រដ្ឋបាលខេត្តកណ្តាល






