ឯកឧត្តម សុខ ពុទ្ធិវុធ៖ ការឧបត្ថម្ភគាំទ្រពីសំណាក់ ធនាគារវឌ្ឍនៈ អាស៊ី ចំកាត់ (ធនាគារ ABA) បានចូលរួមកាត់បន្ថយគម្លាតនៃខួរក្បាល ពោលគឺបានផ្តល់ឱកាសដល់សិស្ស-និស្សិតកម្ពុជា ទទួលបានការអប់រំកាន់តែប្រសើរ និងប្រកបដោយគុណភាព

ភ្នំពេញ៖ នារសៀលថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៥ ឯកឧត្តម សុខ ពុទ្ធិវុធ អនុប្រធានសមាគម តំណាងដ៏ខ្ពង់ខ្ពស់ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ប្រធានសមាគមសិស្ស-និស្សិតអាហារូបករណ៍ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត (អ.ម.ត) បានអញ្ជើញជាអធិបតីក្នុងជំនួបសម្តែងការគួរសមជាមួយ Mr. Askhat Azhikhanov នាយកប្រតិបត្តិធនាគារវឌ្ឍនៈ អាស៊ី ចំកាត់ (ធនាគារ ABA) និងសហការី នៅស្នាក់ការកណ្តាលធនាគារ ABA។

ថ្លែងក្នុងជំនួបនេះ ឯកឧត្តម អនុប្រធាន បានពាំនាំការផ្តាំផ្ញើសាកសួរសុខទុក្ខ និងថ្លែងអរគុណពីសំណាក់ សម្តេចធិបតី ហ៊ុន ម៉ាណែត ប្រធានកិត្តិយសសមាគម អ.ម.ត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ប្រធានសមាគម អ.ម.ត ចំពោះគណៈគ្រប់គ្រងធនាគារ ដែលតែងតែបាន និងកំពុងចូលរួមឧបត្ថម្ភគាំទ្រដល់សមាគម អ.ម.ត។ បន្ថែមពីនោះ ឯកឧត្តម បានគូសបញ្ជាក់ថា សកម្មភាពដ៏សប្បុរសនេះ បានចូលរួមកាត់បន្ថយគម្លាតនៃខួរក្បាល ពោលគឺបានផ្តល់ឱកាសដល់សិស្ស-និស្សិតកម្ពុជាទទួលបានការអប់រំកាន់តែប្រសើរ និងប្រកបដោយគុណភាព ឆ្លើយតបទៅនឹងចក្ខុវិស័យរបស់រាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍមូលធនមនុស្ស ឱ្យស្របទៅតាមតម្រូវការនៃការវិវត្តនៃសង្គម និងជាមូលដ្ឋានដ៏រឹងមាំសម្រាប់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា។

សូមបញ្ជាក់ផងដែរថា សម្រាប់ឆ្នាំ២០២៥ គឺជាលើកទី៤ ដែលធនាគារ ABA បានចូលរួមជាមួយសមាគម អ.ម.ត តាមរយៈការឧបត្ថម្ភថវិកា សម្រាប់រយៈពេល ៤ ឆ្នាំ (ក្នុង មួយឆ្នាំ ចំនួន ១០ ម៉ឺនដុល្លារ) ដែលនេះបានបង្ហាញពីឆន្ទៈចូលរួមជាមួយសមាគម អ.ម.ត ក្នុងការពង្រឹង និងកសាងសមត្ថភាពសិស្ស-និស្សិតឱ្យទទួលបានជំនាញមួយយ៉ាងច្បាស់លាស់ សំដៅរួមចំណែកដល់ការកសាងមូលធនមនុស្សនៅកម្ពុជា៕

អត្ថបទដែលជាប់ទាក់ទង
Open

Close