នគរបាលចរាចរណ៍ អរគុណលោកអ្នក ដែលបានផ្តល់ព័ត៌មាននេះ…!

ភ្នំពេញ៖ នាយកដ្ឋានជំនាញ បានណែនាំមន្ត្រីនគរបាលចរាចរណ៍គ្រប់រាជធានី ខេត្ត អប់រំអ្នកបើកបរអំពីសុវត្ថិភាពចរាចរណ៍ និងរឹតបន្តឹងច្បាប់ចរាចរណ៍ ពិសេសលើកត្តាដែលមានហានិភ័យខ្ពស់ ដូចជាកត្តាល្បឿន កត្តាស្រវឹង។ល។

ពាក់ព័ន្ធការចុះពិនិត្យល្បឿនយានយន្ត នាយកដ្ឋាន បានណែនាំមន្ត្រីនគរបាលចរាចរណ៍ ចុះត្រួតពិនិត្យ នៅលើកំណាត់ផ្លូវ ដែលមានហានិភ័យ គ្រោះថ្នាក់ញឹកញាប់ និងមានបំពាក់ផ្លាកសញ្ញាកំណត់ល្បឿនអតិបរមា។

ជាក់ស្តែង នគរបាលចរាចរណ៍ខេត្តត្បូងឃ្មុំ បានអប់រំណែនាំ ជាប្រចាំ ដល់អ្នកបើកបរ អំពីច្បាប់ចរាចរណ៍ ពិសេសអំពីកត្តាហានិភ័យ នៃការបើកបរល្មើសល្បឿនកំណត់ ការបើកបរក្រោមឥទ្ធិពលនៃគ្រឿងស្រវឹង ។ល។ ប៉ុន្តែ ទន្ទឹមនេះ នៅមានអ្នកបើកបរមួយចំនួនមិនទាន់មានស្មារតីភ្ញាក់រលឹកនៅឡើយ ដោយនៅតែបន្តបើកបរល្មើសល្បឿនកំណត់ មិនអនុវត្តតាមផ្លាកសញ្ញា ពិសេសនៅតំបន់ប្រជុំជន។

ដោយសង្កេតឃើញថា អ្នកបើកបរមួយចំនួននៅតែបំពាន មិនអនុវត្តតាមផ្លាកសញ្ញាកំណត់ នគរបាលចរាចរណ៍ចាំបាច់ត្រូវប្រើវិធានការច្បាប់ ចុះត្រួតពិនិត្យល្បឿនយានយន្ត នៅតាមតំបន់ដែលមានហានិភ័យ ដូចជានៅផ្លូវជាតិលេខ7 ក្នុងភូមិសាស្រ្តស្រុកមេមត់ ដែលជាតំបន់ប្រជុំជនមានផ្ទះប្រជាពលរដ្ឋសងខាងផ្លូវ និងមានបំពាក់ផ្លាកសញ្ញាកំណត់ល្បឿន 60km/h។ ជាការអនុវត្តជាក់ស្តែង សមត្ថកិច្ចឃាត់ពិន័យអ្នកបើកបរលើសល្បឿន 80km/h ដោយមិនអនុវត្តចំពោះករណីល្មើសក្រោមនេះឡើយ។

គោលបំណងនៃការត្រួតពិនិត្យអ្នកបើកបរលើសល្បឿនកំណត់ គឺដើម្បីចូលរួមទប់ស្កាត់ កាត់បន្ថយការគ្រោះថ្នាក់ចរាចរណ៍ និងធានាសុវត្ថិភាពជូនប្រជាពលរដ្ឋ និងអ្នកប្រើប្រាស់ផ្លូវគ្រប់រូប។

យោងតាមទិន្នន័យគ្រោះថ្នាក់ចរាចរណ៍ឆ្នាំ 2024 មានគ្រោះថ្នាក់កើតឡើងចំនួន 2 844 ករណី បណ្តាលឱ្យស្លាប់ចំនួន 1 509នាក់ និងរបួសចំនួន 3 720នាក់។ ក្នុងនោះ កត្តាបើកបរលឿនមានចំនួន 41% ដែលជាមូលហេតុចម្បងបង្កគ្រោះថ្នាក់ខ្ពង់ជាងគេ។
សូមមេត្តាចូលរួមគោរពច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកទាំងអស់គ្នា។ សូមអរគុណ!

អត្ថបទដែលជាប់ទាក់ទង
Open

Close