យ័ន ជួយបានតែឡានណា អត់ដឹកលើសទម្ងន់ទេ!
មណ្ឌលគិរី កណ្តាល កោះកុង៖ ចាប់ពីទី៦-១០ ខែមិថុនា ឆ្នាំ២០២៥ ក្រោមការចង្អុលបង្ហាញពី ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន ឯកឧត្តម សេង ឈួន រដ្ឋលេខាធិការ និងជាប្រធានគណៈកម្មាធិការសម្របសម្រួលអចិន្ត្រយ៍នៃគណៈកម្មាធិការដឹកនាំការត្រួតពិនិត្យយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ និងជាប្រធានក្រុមការងារត្រួតពិនិត្យចល័តចម្រុះ ថ្នាក់ដឹកនាំទទួលបន្ទុក អនុប្រធាននិងសមាជិកក្រុមការងារត្រួតពិនិត្យចល័តចម្រុះ ព្រមទាំងកងកម្លាំងសមត្ថកិច្ចពាក់ព័ន្ធ បានចុះត្រួតពិនិត្យយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ចំនួន ៣ទីតាំង ផ្សេងៗគ្នា ទទួលបានលទ្ធផល ដូចខាងក្រោម៖
– ផ្លូវជាតិលេខ៧៦ គ.មលេខ១២៨ ស្រុកសែនមនោរម្យ ខេត្តមណ្ឌលគិរី បានត្រួតពិនិត្យយានយន្តចំនួន២គ្រឿង ផ្ទុកទម្ងន់សរុបចំនួន៤៩តោនដូចគ្នា លើសទម្ងន់អនុញ្ញាតចំនួន ១៩តោន
– ផ្លូវជាតិលេខ៦អា គ.មលេខ៤១ ស្រុកមុខកំពូល ខេត្តកណ្តាល បានត្រួតពិនិត្យយានយន្តចំនួន៤គ្រឿង មានបិទឡូហ្គោ SL,CR,LS,SSP ផ្ទុកទម្ងន់សរុបចន្លោះពី៣៤តោនដល់៤៨តោន លើសទម្ងន់អនុញ្ញាតចន្លោះពីចំនួន ៩តោនដល់១៨តោន
– ផ្លូវជាតិលេខ៤៨ គ.មលេខ៣ ស្រុកស្រែអំបិល ខេត្តកោះកុង បានត្រួតពិនិត្យយានយន្តចំនួន១២គ្រឿង ផ្ទុកទម្ងន់លើសក្នុងកម្រិតអនុគ្រោះទាំង១២គ្រឿង
សរុបលទ្ធផលក្នុងប្រតិបត្តិការត្រួតពិនិត្យយានយន្តទាំង៣ទីតាំងខាងលើ ក្រុមការងារបានត្រួតពិនិត្យយានយន្តសរុបចំនួន ១៨គ្រឿង ផ្ទុកលើសទម្ងន់ចំនួន ៦គ្រឿង ចន្លោះពី៩តោនដល់១៩តោន ត្រូវបានពិន័យជាប្រាក់ទាំងផ្ទុកលើសទម្ងន់សរុប និងផ្ទុកលើសទម្ងន់នៃភ្លៅនីមួយៗ តាមច្បាប់ស្តីពីផ្លូវថ្នល់មាត្រា២៦ និងមាត្រា៦០ និងសេចក្តីជូនដំណឹងលេខ០១០ សក.សជណ.គតលទ ចុះថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៥ ស្តីពីការដោះលែង និងរឹតបន្តឹងការអនុវត្តច្បាប់លើយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់។
ក្រសួងសាធារណការ និងដឹកជញ្ជូន នៅតែបន្តយុទ្ធនាការត្រួតពិនិត្យយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់នៅទូទាំងប្រទេស ដើម្បីទប់ស្កាត់ និងចាត់វិធានការរឹតបន្តឹងការអនុវត្តច្បាប់យ៉ាងតឹងរ៉ឹងបំផុតដោយគ្មានការលើកលែងឡើយ៕



















