ក្រុម YS និងក្រុម SK1 បើកឆាកប្រយុទ្ធគ្នា មុខកន្លែងលក់ផ្កា ចុះចំណោតលោកយាយម៉ៅ

ខេត្តព្រះសីហនុ ៖ នៅថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២៥ វេលាម៉ោងប្រហែល២១និង៣០នាទី សមត្ថកិច្ចបានទទួលព័ត៌មានថា មានករណីកាប់គ្នានៅកន្លែងលក់ផ្កា ស្ថិតក្នុងក្រុម១៣ ភូមិ៣ សង្កាត់លេខ១ ក្រុង-ព្រះសីហនុ ។
ក្រោយពីទទួលបានព័ត៌មាននេះភ្លាម កម្លាំងជំនាញផែនការងារនគរបាលព្រហ្មទណ្ឌ សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលក្រុងព្រះសីហនុ បានចុះទៅកាន់ទីតាំងកើតហេតុ ធ្វើការស្រាវជ្រាវរហូតឈានដល់ការឃាត់ខ្លួនជនសង្ស័យ ចំនួន២ក្រុម សរុបចំនួន១២នាក់ ក្នុងនោះ៖ ក្រុមYS ០៦នាក់ និងក្រុមSK1 ០៦នាក់ នាំមកសាកសួរនៅស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ។
ក្រោយបញ្ចប់ការសាកសួរ ការពិនិត្យកាមេរ៉ាសុវត្ថិភាព និងការពិនិត្យភស្ដុតាងនានា រកឃើញថា រឿងហេតុហិង្សានេះ កើតឡើងកាលពីវេលាម៉ោងប្រហែល១៤និង៣០នាទី ថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២៥ ផ្ដើមឡើងដោយក្រុមក្មេងទំនើង០២ក្រុម គឺក្រុមSK1 និងក្រុមYS ដោយក្រុមSK1 បានជិះម៉ូតូទៅដើរលេងនៅម្តុំឃ្លាំងលើ ហើយជួបជាមួយក្រុមYS ហើយមានការឌឺដងដាក់គ្នា។ ពេលនោះក្រុមYS បានដេញវាយក្រុមSK1 និងបានដកយកកូនសោម៉ូតូ១ ពីក្រុមSK1 នៅម៉ោង១៩និង០០នាទី ក្រុមSK1 បានប្រមូលផ្ដុំគ្នាជិះម៉ូតូដើររកក្រុមYS ដើម្បីសងសឹក ពួកគេបានស្ទាក់វាយបក្ខពួករបស់ក្រុមYS នៅម្តុំភូមិថ្មី ដែលកំពុងជិះម៉ូតូ១ម៉ូតូគ្រឿងម្នាក់ឯង(រត់ចោលម៉ូតូ) ។
ក្រោយមកពេលក្រុមSK1 មានគ្នា០២នាក់គឺ៖ ឈ្មោះ ម៉េត លាភសំណាង ហៅ លាភ និងឈ្មោះ នុន ប៊ុនថៃ ហៅ ថៃ ជិះម៉ូតូទៅផ្ទះនៅម្តុំកន្លុកថ្ម ។ ពេលជិះជិតដល់ផ្ទះ ស្រាប់តែក្រុមYSនាំគ្នាមកព្រួតវាយ និងដេញកាប់អ្នកទាំងពីរបណ្តាលឱ្យរងរបួសធ្ងន់ ។
កន្លងមកក្រុមទាំងពីរ ធ្លាប់មានគំនុំគុំគួនគ្នា រយៈពេល០៣ខែកន្លងមកហើយ និងធ្លាប់មានទំនាស់ហិង្សាដាក់គ្នាទៅវិញទៅមក ជួនកាលក្នុង០១ថ្ងៃ រករឿងឈ្លោះ និងហិង្សាដាក់គ្នា ២ ឬ៣ដង។ អំពីក្រុមSK1 មានបក្ខពួកប្រហែល២០នាក់ ក្រោយហេតុការណ៍សមត្ថកិច្ចឃាត់ខ្លួនបានជនសង្ស័យចំនួន០៦នាក់ ។
ឆ្លងតាមការស្រាវជ្រាវស៊ើបអង្កេត ជុំវិញករណីខាងលើ ការពិនិត្យកន្លែងកើតហេតុ ការបំភ្លឺរបស់អ្នករងរបួស ចម្លើយសារភាពរបស់ជនសង្ស័យ និងការពិនិត្យភស្ដុតាងនានា រួមនិងសម្ភារៈចាប់ដកហូតបាន យើងអាចសន្និដ្ឋានបានថា ឈ្មោះ រឹម សំបុក (ឃាត់ខ្លួន) និងឈ្មោះ ញ៉ា(គេចខ្លួន) គឺជាជនដៃដល់ ក្នុងបទហិង្សាដោយចេតនាមានស្ថានទម្ងន់ទោសដោយប្រើអាវុធ(កាំបិតប៉័ងតោ) កាប់ទៅលើឈ្មោះ នុន ប៊ុនថៃ ហៅ ថៃ និងឈ្មោះ ម៉េត លាភសំណាង រងរបួសធ្ងន់ បញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យរាជធានីភ្នំពេញ ។ ឈ្មោះ ញ៉ា បានគេចខ្លួនក្រោយប្រព្រឹត្ដល្មើសរួច ។ ចំពោះមុខសញ្ញាដែលសេសសល់ និងកំពុងរត់គេចខ្លួន កម្លាំងជំនាញ កំពុងស្រាវជ្រាវរក និងចំណាត់ការតាមនីតិវិធី ។
បច្ចុប្បន្នការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ បានកសាងសំណុំរឿងបញ្ជូនជនសង្ស័យទាំងពីរក្រុម សរុប១២នាក់ ទៅបន្ដនីតិវិធីនៅសាលាដំបូងខេត្ដព្រះសីហនុ ៕
អត្ថបទដែលជាប់ទាក់ទង
Open

Close