ថៃឡង់ដ៏ ៖ នៅថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៥ ប្រតិភូកម្ពុជាដឹកនាំដោយឯកឧត្តម ឧត្តមសេនីយ៍ឯក នាក់ យុទ្ធា អគ្គលេខាធិការរងនៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងប្រតិភូថៃ ដឹកនាំដោយ លោក សូតិផាន់ ជល្លាភេទ ប្រធាននាយកដ្ឋានប្រយុទ្ធប្រឆាំងគ្រឿងញៀនភូមិភាគ៨តំណាងក្រុមប្រឹក្សាត្រួតពិនិត្យគ្រឿនញៀនថៃ បានធ្វើទស្សនកិច្ចសិក្សាអំពីការងារព្យាបាលអ្នកញៀនគ្រឿងញៀនដោយផ្អែកលើសហគមន៍ នៅសហគមន៍ឡែមសាក់ ស្រុកអាវលឹក ខេត្តក្រាប៊ី ប្រទេសថៃ ។
លោក គុឆាក់ភូមិ សាំលី អភិបាលស្រុក អាវលឹក បានចែករម្លែកពីតួនាទីមេភូមិ មេឃុំ និងវិស័យសុខាភិបាល ក្នុងការស្រាវជ្រាវកំកំណត់រកអ្នកប្រើប្រាស់គ្រឿងញៀន ដើម្បីបញ្ជូនទៅទទួលការព្យាបាល ស្តារនីតិសម្បទា និង ការធ្វើសមាហរណកម្ម និងការតាមដានក្រោយព្យាបាលនៅក្នុងសហគមន៍ដោយពួកគេត្រូវបានតម្រូវអោយធ្វើតេស្តទឹកនោមបញ្ជាក់រៀងរាល់ពីសប្តាហ៍ម្តងរហូតដល់ជាសះស្បើយ និងត្រូវធ្វើសមាហរណកម្មទៅក្នុងសហគមន៍វិញ ដោយគ្រួសារមេភូមិ មេឃុំ គ្រូពេទ្យ មានតួនាទីយ៉ាងសំខាន់ក្នុងការទទួលខុសត្រូវថែទាំបន្ត។ជាមួយគ្នានោះ គឺមេឃុំ មេភូមិ អាចដាក់ប៉ុស្តិ៍ឆេកឆេរក្នុងមូលដ្ឋានភូមិរបស់ខ្លួនដើម្បីរកមុខសញ្ញាញៀន(មិនឱ្យប៉ះពាល់ដល់ការធ្វើដំណើររបស់អ្នកដំណើរទូទៅទេ)និងក្រុមគ្រូពេទ្យជាអ្នកវិភាគរោគសញ្ញា កម្រិតនៃភាពញៀនដោយបែងចែកតាមពណ៌ចំនួន៣ មាន: ពណ៌ក្រហមគឺធ្ងន់ធ្ងរ ពណ៌លឿង គឺមធ្យម ពណ៌បៃតងគឺស្រាល ហើយចាត់បញ្ជូនទៅព្យាបាល ស្តារនីតិសម្បទា តាមមណ្ឌលសុខភាព ពេទ្យស្រុក ពេទ្យខេត្ត និងមជ្ឈមណ្ឌលព្យាបាល ស្តារនីតិសម្បទា ដូចជាពេទ្យថាយ៉ារ៉ាក់ ជាដើម។ល។ ជារួមការដោះស្រាយបញ្ហាគ្រឿងញៀននៅសហគមន៍ ឡែមសាក់ ត្រូវបានចាត់ចែងលើការងារសំខាន់៣គឺ ១.ការងារអប់រំ បង្ការ ២.ការងារអនុវត្តច្បាប់ និង៣.ការងារព្យាបាលនិងស្តារនីតិសម្បទា។
ក្នុងនាម ឯកឧត្តម នាយឧត្តមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការ ក្នុងឱកាសនោះ ឯកឧត្តម ឧត្តមសេនីយ៍ឯក នាក់ យុទ្ធា បានថ្លែងអំណរគុណដល់ភាគីថៃក៏ដូចជាថ្នាក់ដឹកនាំ នៃស្រុកអាវលឹក សហគមន៍ ឡែមសាក់ ដែលបានផ្ដល់នូវការចែករំលែកបទពិសោធន៍ពាក់ព័ន្ធនឹងការងារព្យាបាលអ្នកញៀនគ្រឿងញៀនដោយផ្អែកលើសហគមន៍ ទទួលបានជោគជ័យ។
សូមបញ្ជាក់ថា គម្រោងព្យាបាលអ្នកញៀនគ្រឿងញៀនដោយផ្អែកលើសហគមន៍ ឡែមសាក់ នៅស្រុកអាវលឹក ខេត្តក្រាប៊ី ត្រូវបានអនុវត្តឡើងក្រោមមូលនិធិដែលបង្កើតឡើងដោយម្ចាស់ក្សត្រី សិរិគិត ឈ្មោះថា “មូលនិធិមាតាផែនដី ” ។