ជិះម៉ូតូ អត់ពាក់មួកសុវត្ថិភាព ប៉ូលិស បញ្ជាឱ្យឈប់ តែអត់ឈប់ លើកជើងធាក់ ប៉ូលិសចរាចរណ៍ ឥឡូវ ឃុំខ្លួន នៅពន្ធនាគារ បាត់!

សៀមរាប ៖ ដោយបានការយកចិត្តទុកដាក់ និងអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប នៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៥ វេលាម៉ោង ១៤:០០នាទី កម្លាំងនគរបាលចរាចរណ៍ផ្លូវគោក បានដាក់គោលដៅរឹតបន្តឹងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក នៅត្រង់ចំណុចខាងលិចស្ពានព្រះឥន្ទកោសី ដែលស្ថិតនៅក្នុងភូមិមណ្ឌល៣ សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប។ លុះដល់វេលាម៉ោង ១៥:២០នាទី ជនសង្ស័យឈ្មោះ ទី គឹមហួរ ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅបច្ចុប្បន្នភូមិតាវៀន សង្កាត់សាលាកំរើក ក្រុងសៀមរាប ខេត្តសៀមរាប បានធ្វើដំណើរឆ្លងកាត់គោលដៅរឹតបន្តឹងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក ដោយពុំបានពាក់មួកការពារសុវត្ថិភាព ក៏ត្រូវបានកម្លាំងសមត្ថកិច្ច បញ្ជាឱ្យឈប់ តែជនសង្ស័យខាងលើមិនព្រមឈប់ហើយបានធ្វើសកម្មភាពលើកជើងខាងឆ្វេងរបស់ខ្លួនធាក់ទៅលើកម្លាំងនគរបាលចរាចរណ៍ ដែលកំពុងអនុត្តច្បាប់ចរាចរណ៍ផ្លូវគោក។

ក្រោយកម្លាំងសមត្ថកិច្ចឃាត់ខ្លួនមកធ្វើការសួរនាំ តាមចម្លើយសារភាពជនសង្ស័យ ឈ្មោះ ទី គឹមហួរ ហៅទុយ បានឆ្លើយសារភាពថា រូបខ្លួនពិតជាបានធ្វើសកម្មភាពលើកជើងខាងឆ្វេងរបស់ខ្លួន ធាក់ទៅលើនគរបាលចរាចរណ៍ ដែលកំពុងរឹតបន្តឹងការអនុត្តច្បាប់ចរាចរណ៍ផ្លូវគោកពិតប្រាកដមែន។ ជនសង្ស័យខាងលើត្រូវបានកម្លាំងការិយាល័យជំនាញកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តសៀមរាប ដើម្បីអនុវត្តឱ្យបានត្រឹមត្រូវតាមនីតិវិធីច្បាប់។

បច្ចុប្បន្នជនត្រូវចោទរូបនេះ ត្រូវបានចៅក្រមស៊ើបសួរ នៃសាលាដំបូងខេត្តសៀមរាប ចេញដីកាបង្កាប់ឱ្យឃុំខ្លួន នៅពន្ធនាគារខេត្តសៀមរាប៕

 

អត្ថបទដែលជាប់ទាក់ទង
Open

Close