កម្ពុជា-កូវ៉ែត ឯកភាព ពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ 

ប្រទេសម៉ាឡេស៊ី៖ នារសៀលថ្ងៃ ២៧ ខែឧសភា ឆ្នាំ២០២៥,  សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានជួបពិភាក្សាការងារ ជាមួយព្រះអង្គម្ចាស់ Sheikh Sabah Khaled AL-Hama AL-Sabah រជ្ជទាយាទនៃរដ្ឋកូវ៉ែត ក្នុងឱកាសអញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី ៤៦ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ នៅទីក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី 

ក្នុងឱកាសនៃជំនួបនោះ ព្រះអង្គម្ចាស់ Sheikh Sabah Khaled Al-Hamad Al-Sabah បានគូសបញ្ជាក់ពីបំណងក្នុងការពង្រឹងទំនាក់ទំនង និងពង្រីកកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ។ ជាមួយគ្នានេះ ព្រះអង្គម្ចាស់ក៏បានលើកឡើងពីការត្រៀមខ្លួនរបស់គុយវ៉ែត ដើម្បីចែករំលែកបទពិសោធន៍ជាមួយកម្ពុជា ក្នុងវិស័យថាមពល (ប្រេង)។ ព្រះអង្គម្ចាស់ Sheikh បានសង្កត់ធ្ងន់អំពីការបន្តការផ្លាស់ប្តូរទស្សនកិច្ចកម្រិតខ្ពស់ ដែលនឹងបើកផ្លូវជំរុញកិច្ចសហប្រតិបត្តិការបន្ថែមទៀត។

ជាការឆ្លើយតប សម្តេចបវរធិបតី បានស្វាគមន៍បំណងរបស់ប្រទេសកូវ៉ែតក្នុងការពង្រឹងចំណងមិត្តភាពរវាងប្រទេសទាំងពីរ ដែលនេះស្របទៅនឹងគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការរឹតចំណង និងពង្រីកទំនាក់ទំនងជាមួយបណ្តាប្រទេសនៅមជ្ឈិមបូព៌ា រួមទាំងប្រទេសកូវ៉ែតផងដែរ តាមរយៈការជំរុញកិច្ចសហប្រតិបត្តិការលើវិស័យផ្សេងៗដូចជា ពាណិជ្ជកម្ម ទេសចរណ៍ និងការតភ្ជាប់រវាងប្រជាជននិងប្រជាជន។ សម្ដេចបវរធិបតីក៏ឯកភាពជំរុញឱ្យមានការបន្តផ្លាស់ប្ដូរទស្សនកិច្ចជាន់ខ្ពស់ និងលើកទឹកចិត្តឱ្យបន្តរៀបចំយន្តការពិគ្រោះយោបល់ទ្វេភាគីរវាងក្រសួងការបរទេសទាំងពីរ ដើម្បីពិនិត្យមើលវឌ្ឍនភាពនៃកិច្ចសហប្រតិបត្តិការ ដែលមានស្រាប់ និងស្វែងរកកិច្ចសហប្រតិបត្តិការក្នុងវិស័យសក្ដានុពល៕

 

អត្ថបទដែលជាប់ទាក់ទង
Open

Close