អភិបាលខណ្ឌឫស្សីកែវ អំពាវនាវដល់ប្រជាពលរដ្ឋ បញ្ឈប់ការរំលោភយកចំណីដីព្រែក!

ភ្នំពេញ៖ នាព្រឹកថ្ងៃសៅរ៍ ទី៣១ ខែឧសភា ឆ្នាំ២០២៥នេះ លោក ជិន ប៊ុនធឿន អភិបាលខណ្ឌឫស្សីកែវ បានអញ្ជើញចុះពិនិត្យការដ្ឋានកំពុងដំណើរការឈូសពង្រីកផ្លូវបេតុងមុខសាលាការពារជាតិ ឆ្ពោះមកផ្លូវបេតុងថ្មី ។បន្ទាប់ពីស្ថាបនាផ្លូវមួយខ្សែរនេះរួច នឹងកាត់បន្ថយទាំងស្រុងនូវការកកស្ទះចរាចរណ៍ដល់បងប្អូនធ្វើដំណើរឆ្លងកាត់។ លោកអភិបាលខណ្ឌ បានថ្លែងអំណរគុណដល់បងប្អូនរស់នៅតាមបណ្តោយផ្លូវដែលចូលរួមសហការបង្កលក្ខណៈងាយស្រួលដល់ដំណើរការស្ថាបនាផ្លូវមួយខ្សែរនេះ ។

លោក ជិន ប៊ុនធឿន បានបន្តចុះពិនិត្យការរៀបចំទ្រូងផ្លូវតាមបណ្តោយផ្លូវបេតុងថ្មី (អតីតផ្លូវរថភ្លើងចាស់) ។ លោកអភិបាល ក៏បានសំណូមពរឲ្យប្រជាពលរដ្ឋបញ្ឈប់ជាបន្ទាន់ ការយកសំរាមមកចោលលើទ្រូងផ្លូវ ដែលបង្កផលប៉ះពាល់អាក្រក់ខ្លាំងនូវសណ្តាប់ធ្នាប់ អនាម័យ បរិស្ថាន ព្រមទាំងណែនាំអាជ្ញាធរត្រូវមានវិធានការចំពោះអ្នកយកសំរាមចោលផ្តេសផ្តាស ។

លោកអភិបាលខណ្ឌ ក៏បានចុះពិនិត្យមើលការរៀបចំប្រព័ន្ធលូបង្ហូរ និងការជីកស្តារព្រែកអូរវែង និងព្រែកបាក់ទូក ដើម្បីបញ្ចៀសការជន់លិចនៅរដូវវស្សា។ លោក ជិន ប៊ុនធឿន បានណែនាំប្រជាពលរដ្ឋរស់នៅតាមដងព្រែកឈប់រំលោភយកចំណីដីព្រែករបស់រដ្ឋធ្វើជាកម្មសិទ្ធ និងបញ្ជាឲ្យការជីកស្តារព្រែកត្រូវមានជម្រៅជ្រៅ ដើម្បីអាចបង្ហូរទឹក និងរំដោះទឹកទាន់ពេលវេលា និងមានប្រសិទ្ធភាពផងដែរ៕

អត្ថបទដែលជាប់ទាក់ទង
Open

Close