យានយន្តដឹកជញ្ជូនលើសទម្ងន់ចំនួន៥គ្រឿងត្រូវបានពិន័យ ក្នុងប្រតិបត្តិការឆ្មក់ចល័ត២ទីតាំងផ្សេងគ្នាក្នុងភូមិសាស្រ្តខេត្តបាត់ដំបង និងមណ្ឌលគិរី
បាត់ដំបង មណ្ឌលគិរី ៖ ចាប់ពីថ្ងៃទី១១-១២ ខែមិថុនា ឆ្នាំ២០២៥ ក្រោមការចង្អុលបង្ហាញពី ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន ឯកឧត្តម សេង ឈួន រដ្ឋលេខាធិការ និងជាប្រធានគណៈកម្មាធិការសម្របសម្រួលអចិន្ត្រយ៍នៃគណៈកម្មាធិការដឹកនាំការត្រួតពិនិត្យយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ និងជាប្រធានក្រុមការងារត្រួតពិនិត្យចល័តចម្រុះ ថ្នាក់ដឹកនាំទទួលបន្ទុក អនុប្រធាន និងសមាជិកក្រុមការងារត្រួតពិនិត្យចល័តចម្រុះ ព្រមទាំងកងកម្លាំងសមត្ថកិច្ចពាក់ព័ន្ធ បានចុះត្រួតពិនិត្យយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ចំនួន ២ទីតាំងផ្សេងគ្នា ទទួលបានលទ្ធផល ដូចខាងក្រោម៖
– ផ្លូវជាតិលេខ១៥៧០ គ.មលេខ២ ស្រុកបាណន់ ខេត្តបាត់ដំបង បានត្រួតពិនិត្យយានយន្តចំនួន៣គ្រឿង ផ្ទុកទម្ងន់សរុបចន្លោះពី៤៤តោនដល់៥៩តោន លើសទម្ងន់អនុញ្ញាតចន្លោះពី ១៥តោនដល់១៩តោន។
– ផ្លូវជាតិលេខ៧៦ គ.មលេខ១២៨ ស្រុកសែនមនោរម្យ ខេត្តមណ្ឌលគិរី បានត្រួតពិនិត្យរថយន្តចំនួន២គ្រឿង មានបិទឡូហ្គោ DN ផ្ទុកទម្ងន់សរុបចន្លោះពី៤១តោនដល់៤៥តោន លើសទម្ងន់អនុញ្ញាតចន្លោះពី ១១តោនដល់១៥តោន។
សរុបលទ្ធផលក្នុងប្រតិបត្តិការត្រួតពិនិត្យយានយន្តទាំង២ទីតាំងខាងលើ ក្រុមការងារបានត្រួតពិនិត្យយានយន្តសរុបចំនួន ៥គ្រឿង ផ្ទុកលើសទម្ងន់ទាំងអស់ ចន្លោះពី១១តោនដល់១៩តោន ត្រូវបានពិន័យជាប្រាក់ទាំងផ្ទុកលើសទម្ងន់សរុប និងផ្ទុកលើសទម្ងន់នៃភ្លៅនីមួយៗ តាមច្បាប់ស្តីពីផ្លូវថ្នល់មាត្រា២៦ និងមាត្រា៦០ និងសេចក្តីជូនដំណឹងលេខ០១០ សក.សជណ.គតលទ ចុះថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៥ ស្តីពីការដោះលែង និងរឹតបន្តឹងការអនុវត្តច្បាប់លើយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់។
ក្រសួងសាធារណការ និងដឹកជញ្ជូន នៅតែបន្តយុទ្ធនាការត្រួតពិនិត្យយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់នៅទូទាំងប្រទេស ដើម្បីទប់ស្កាត់ និងចាត់វិធានការរឹតបន្តឹងការអនុវត្តច្បាប់យ៉ាងតឹងរ៉ឹងបំផុតដោយគ្មានការលើកលែងឡើយ៕