ជំនួបដណ្តើមខ្សែក្រវាត់ រវាង យ៉ាស៊ីន និង ប៊ុន សុធា ត្រូវបានរំសាយចោលវិញហើយ ដោយសារ សហព័ន្ធ…!
កីឡា៖ លោក ម៉ុល នី ប្រធានចាប់គូ នៅសង្វៀន គ្រុឌគុនខ្មែរ បញ្ជាក់យ៉ាងច្បាស់ នាល្ងាចថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៥ ថា ៖ ជាដំបូងក្រុមការងារទាំងអស់ សូមការអនុគ្រោះចំពោះមហាជន អ្នកគាំទ្រគុនខ្មែរទាំងអស់ ដែលបានទន្ទឹងរង់ចាំ ជំនួបរវាង ប៊ុន សុធា និង ប៉ែនកាក់ យ៉ាស៊ីន តែត្រូវបានរំសាយចោលវិញ។
លោក ម៉ុល នី បន្តថា ក្រុមការងារ ពិតជាអាណិត និងសូមអភ័យ ទោសជាពិសេស ដល់ យ៉ាស៊ីន ខ្លាំងមែនទែន ដែលបានត្រៀមខ្លួន និងធ្វើទម្ងន់ច្រើនថ្ងៃមកហើយ តែបែរជាមិនបានប្រកួតវិញ។ ដូចដែលប្រិយមិត្តដឹងស្រាប់ហើយថា គូនេះបានរៀបចំយូរដែរហើយ និងក៏បានសម្របសម្រួលរួចហើយដែរ ពីមុនមកមិនបានបិទទេ បែរជាដល់ថ្ងៃប្រកួតទៅហើយ សហព័ន្ធ សម្រេចមិនឲ្យប្រកួតវិញ។
ទោះបីជាយ៉ាងណាយើងក៏បានយក Leandro Douglas មកជំនួស ហើយរវាង ប៊ុន សុធា និង កីឡាករបរទេសនេះបើសិនអ្នកណាឈ្នះ នឹងរង់ចាំឲ្យ យ៉ាស៊ីន មកដណ្ដើមខ្សែក្រវាត់ «គ្រុឌគុនខ្មែរ» នេះវិញនៅពីរខែបន្ទាប់។ នេះជាការតបស្នងមួយទៅកាន់ យ៉ាស៊ីន ដែលបានប្រឹងប្រែងហ្វឹកហាត់ត្រៀមខ្លួន និងការធ្វើទម្ងន់កន្លងមក។




ជុំវិញ ការរំសាយការប្រកួត របស់ យ៉ាស៊ីន លោកគ្រូ សេន ប៊ុនថេន លើកឡើងថា
ពិតជាមានការសោកស្តាយចំពោះ យ៉ាសុីន ខិតខំហ្វឹកហាត់ និង សម្រក គីឡូ តែមិនបានប្រកួត ដោយសារគោរពតាមច្បាប់ សហព័ន្ធគុនខ្មែរ ។
ក៏សោកស្តាយចំពោះបង Mol Ny ដែលបានខិតខំរៀបចំតែមានការ ផ្លាស់ប្តូរទៅវិញ ។ សង្ឃឹមថា យ៉ាសុីន មានឧកាសសម្រាប់ កម្មវិធី Krud នាពេលខាងមុខៗទៀត។
