ស្ងាត់មួយរយៈ ករណី គប់ កញ្ចក់ឡាន! គប់ នៅកំពង់ស្ពឺ ផ្តើមចេញពីរឿង បេះដូង!
កំពង់ស្ពឺ៖ ដោយបានការចង្អុលណែនាំដ៏ខ្ពង់ខ្ពស់ ពីលោកឧត្ដមសេនីយ៍ទោ ឃឹម សុកខៃ ស្នងការ នគរបាលខេត្ដកំពង់ស្ពឺ កំលាំងអធិការនគរបាលស្រុកសំរោងទង បានបើកការស្រាវជ្រាវករណីគប់កញ្ចក់រថយន្ត នៅតាមផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រ ៣៨-៣៩ ភូមិអូរក្រាំងអំបិល ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្ដកំពង់ស្ពឺ កាលពីយប់ថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥ វេលាម៉ោង២៣ និង ៥០នាទី យោងតាមបណ្ដឹងឈ្មោះ សន ចាន់ថេត ភេទប្រុស អាយុ ២៦ឆ្នាំ នៅភូមិកណ្ដាល ឃុំមហាសាំង ស្រុកភ្នំស្រួច ខេត្ដកំពង់ស្ពឺ ប្ដឹងជនសង្ស័យមិនស្គាល់អត្តសញ្ញាណ ។
លោកវរសេនីយ៍ឯក ឃុត សុផល អធិការ នគរបាលស្រុកសំរោងទងបានបញ្ជាក់អោយដឹងថា ៖ ករណីខាងលើ តាមការស្រាវជ្រាវ មានជនសង្ស័យ ៤នាក់ ជិះម៉ូតូ ២គ្រឿង មកពីក្រោយរថយន្ដរួចបានវ៉ារថយន្ដ រួចយកដុំថ្មគប់ទៅលើរថយន្ដតែម្ដងបណ្ដាលអោយបែកកញ្ចក់រថយន្តផ្នែកខាងមុខ លុះមកដល់ចន្លោះគីឡូម៉ែត្រលេខ ៤១-៤២ ភូមិចំបក់ ឃុំវល្លិសរ ស្រុកសំរោងទង ខេត្ដកំពង់ស្ពឺ បានយកដុំថ្មគប់មកលើកញ្ចក់រថយន្ត ជាថ្មីម្ដងទៀត ។
សមត្ថកិច្ចបានធ្វើការស្រាវជ្រាវ និងឈានឃាត់មនុស្ស ៤នាក់ ៖
១- ឈ្មោះ ពេជ្រ ផានិត ភេទប្រុស អាយុ ២៥ឆ្នាំ ម្ចាស់/បើកម៉ូតូ
២- ឈ្មោះ មាន សូយទ្រី ហៅទ្រី ភេទប្រុស អាយុ ១៨ឆ្នាំ អ្នកគប់លើរថយន្ដ
៣- ឈ្មោះ ភូ ចាន់ដា ហៅចយ ភេទប្រុស អាយុ ២១ឆ្នាំ អ្នកបើកម៉ូតូ
៤- ឈ្មោះ សូត្រ ស៊ីធួន ភេទប្រុស អាយុ ២០ឆ្នាំ ជិះពីក្រោយ ។
ជាក់ស្ដែង ដកហូតបានម៉ូតូ ២គ្រឿង និងបានទទួលស្គាល់ថា ក្រុមខ្លួនពិតជាបានធ្វើសកម្មភាព ប្រាកដមែន មូលហេតុមកពី ខឹងបុរសម្នាក់ ដែលមានឡានស្រដៀងគ្នា លួចស្រលាញ់មិត្ដស្រីរបស់ខ្លួន តែការពិតរថយន្ដនេះមិនមែនជាបុរសដែលដឹកសង្សាខ្លួនឡើយ ។
បច្ចុប្បន្ន សមត្ថកិច្ចនគរបាលស្រុក បានធ្វើការសាកសួរ និងកសាងសំណុំរឿងបញ្ជូនជនសង្ស័យ រួមជាមួយវត្ថុតាង ចាត់ការតាមនីតិវិធី៕